ឈប់នាំគ្នាច្រឡំទៀតទេ! នេះហើយគឺជាមូលហេតុនាំឱ្យមានប្រហោងថ្ម នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែចោទសួរជាសំណួរផ្សេងៗនៅពេលពួកគេបានទៅទស្សនាតាមប្រាង្គប្រាសាទនានា ជាពិសេសប្រាសាទអង្គរវត្ត ពាក់ព័ន្ធនឹងមូលហេតុនៃការដាប់ប្រហោងរាក់ៗតាមជញ្ជាំងប្រាសាទ? មូលហេតុដែលនាំឱ្យបុព្វបុរសជាងចម្លាក់ខ្មែរនាសម័យនោះ ដាប់ឆ្លាក់ឬបន្សល់ប្រហោងទាំងនេះតាមប្រភពពីទំព័រហ្វេសបុកបុរាណចារ្យបានឲ្យដឹងថា៖
១. បញ្ហាថ្មនិងចម្លាក់៖ ក្នុងបច្ចេកទេសរាល់ចម្លាក់ដែលឆ្លាក់ខុសមិនអាចកែបាន ឬថ្មដែលឆ្លាក់នោះខុសប្រក្រតី ប្រេះបែក រឹងខ្លាំងមិនអាចដំណើរឆ្លាក់បន្តទៅទៀត គេត្រូវដាប់ចេញត្រង់ចំណុចនោះ ក្នុងជម្រៅណាមួយស្របតាមបច្ចេកទេសរបស់គេ ដែលជាទូទៅគេដាប់រាងបួនជ្រុងឬរាងចតុកោណកែង ដោយរំលីងយ៉ាងស្មើស្អាត ដើម្បីងាយនឹងជំនួសដោយថ្មថ្មី ដែលយើងអាចហៅថា ថ្មឆ្នុក។ ថ្មឆ្នុកនេះក៏នឹងត្រូវបានឆ្លាក់ជាក្បាច់ឬចម្លាក់ដើម្បីអោយស៊ីគ្នានឹងផ្ទៃជញ្ជាំងថ្មដែលឆ្លាក់រួចជាស្រេចហើយនោះផងដែរ តែជាទូទៅគេធ្វើវានៅពេលគេឆ្លាក់ចម្លាក់រួចអស់ទើបគេមានពេលនឹងបន្ថែមវា។

តែដូចដែលយើងជ្រាបស្រាប់ហើយ ការសាងសង់ប្រាសាទធំៗ ដូចអង្គរវត្តជាដើមពុំទាន់បានចប់សព្វគ្រប់ទេ បន្សល់នូវទីតាំងប្រហោងថ្មមួយចំនួនធំដែលពុំទាន់មានការបិទឆ្នុកថ្មនិងរំលីងអោយស្អាតត្រឹមត្រូវដូចដើម។ ឯកន្លែងខ្លះទៀតដែលគេបិទឆ្នុកថ្មហើយ ប្រហែលជាត្រូវបានគេដកឆ្នុកថ្មចេញដោយចេតនា ដោយមនុស្សជំនាន់ក្រោយដែលគេសង្ស័យថាក្នុងឆ្នុកនោះមានរតនវត្ថុផ្សេងៗ ឬមួយក៏មានក្រុមមនុស្សមួយចំនួននាសម័យកណ្តាលផ្សងដាក់រតនវត្ថុក្នុងថ្មឆ្នុកជាហេតុដែលក្រោយមកមានមនុស្សជំនាន់ក្រោយមកដកចេញនូវថ្មឆ្នុកនេះដើម្បីរុករក។

២. គន្លឹះថ្ម៖ ជាបច្ចេកទេសនៅក្នុងការសាងសង់នៅសម័យបុរាណ តាមជញ្ជាំងប្រាសាទក្តី តាមកម្រាលថ្មប្រាសាទក្តី គេតែងធ្វើជាគន្លឹះថ្មតូចៗ ដើម្បីភាពងាយស្រួលនឹងដកចេញហើយជួសជុលប្រាសាទនាពេលក្រោយៗទៀត។ ថ្មគន្លឹះឬដែលហៅថា ដំណាប់ នេះគេតែងដាក់នៅចន្លោះថ្មធំៗ២ ដើម្បីគៀបថ្មអោយណែន ហើយភាគច្រើនគេប្រើប្រាស់ថ្មដែលមានសាច់រឹង ទើបពេលខ្លះយើងសង្កេតឃើញថា ឆ្នុកថ្មខ្លះមានពណ៌ខុសពី ថ្មភក់ធម្មតា។

៣. ស្នៀតថ្ម៖ ការដឹកជញ្ជូនថ្មយកមកសាងសង់ លើកដាក់ជញ្ជាំងនៅសម័យបុរាណ ចាំបាច់ត្រូវប្រើប្រាស់ស្នៀតថ្ម ដើម្បីនឹងលើកថ្ម មកបណ្តុបលើគ្នាបាន។ ក្នុងការដាក់ស្នៀតនោះទៀតសោតគេត្រូវចោះជាប្រហោងថ្ម រាងធំបន្តិចដើម្បីសៀតឈើសើមទឹកចូល។ នៅពេលគេលើកបណ្តុបថ្ដាក់លើជញ្ជាំងប្រាសាទរួចរាល់ហើយ បញ្ហាដែលកើតមានឡើងនោះគឺ ចន្លោះប្រហោងរបស់ស្នៀតថ្មនេះ។ ជាឧទាហរណ៍នៅថែវខាងត្បូងរបស់ប្រាសាទអង្គរវត្ត ដែលមានចម្លាក់និយាយពីក្បួនព្យុហយាត្រារបស់ព្រះបាទសូរ្យវម៌្មទី២ ទំនងដោយសារគេផ្កាប់កន្លែងប្រហោងស្នៀតរបស់ថ្មចុះទៅក្រោម នៅពេលគេធ្វើការរំលីងថ្មអោយស្មើគ្នាដើម្បីចាប់ផ្តើមឆ្លាក់ចម្លាក់ ការរំលីងថ្មនេះអាចបណ្តាលអោយដាច់សាច់ថ្ម ផុតដល់ប្រហោងស្នៀតតែម្តង ជាហេតុដែលគេត្រូវកែតម្រូវដោយដាប់ប្រហោងទាំងនោះអោយស្មើគ្នា មានរាងជាជ្រុងៗ ងាយស្រួលក្នុងការស៊ូកថ្មឆ្នុកនាវេលាក្រោយ។

តែដោយថាពេលវេលាសាងសង់ប្រាសាទមានកម្រិតមិនអាចសាងសង់ទាន់ពេលវេលា ទិវង្គតនៃព្រះបាទសូរ្យវម៌្មទី២បាន ការដាក់ឆ្នុកថ្មក៏មិនទាន់បានសម្រេច១០០ភាគរយ ហើយក៏បន្សល់ស្លាកស្នាមរហូតមកដល់បច្ចុប្បន្ននេះ។ ម្យ៉ាងទៀតក៏នឹងអាចមានក្រុមមនុស្សមួយចំនួនធ្វើការដកឆ្នុកថ្មនេះចេញដោយមូលហេតុផ្សេងៗរបស់ពួកគេ ដែលនឹកស្មានពុំដល់ទើបយើងឃើញមាននៅសល់ប្រហោងតែថ្មច្រើនដូចនេះក៏ថាបាន។
កំណត់សម្គាល់ នៅឆ្នាំ២០០៩ អាជ្ញាធរអប្សរាបានអនុញ្ញាតអោយក្រុមហ៊ុនឯកជនមួយធ្វើការដាក់ភ្លើងបំភ្លឺនៅតាមថែវចម្លាក់ប្រាសាទក្នុងរយៈពេលខ្លីមួយ(បានដកចេញវិញ) ដោយយកប្រហោងថ្មចាស់ ដែលមានស្រាប់ពីបុរាណ មកដាក់ជាឈើឆ្នុកស៊ូកជំនួស ក្រោយមកក៏ទទួលការរិះគន់យ៉ាងចាស់ដៃ ដោយហេតុថា ឆ្នុកឈើហ្នឹងអាចបណ្តាលអោយខូចបាក់បែកថ្មប្រាសាទ ឬក៏ពន្លឺរបស់ភ្លើងហ្នឹងក៏អាចបណ្តាលអោយខូចគុណភាពថ្ម៕ អត្ថបទដោយ៖ បុរាណាចារ្យ


热门评论
评论