រឿង វេទមន្តស្នេហ៍សណ្ដំបេះដូង ភាគទី ១០~៣ _ ប្រលោមលោក
អណ្តាតភ្លើងពណ៌ក្រហមនៅជុំវិញខ្លួនធ្វើឲ្យ ហុងអុី ដកដង្ហើមមិនដល់គ្នា ដៃទាំងពីរដែលត្រូវភ្លើងរោលមានរបួសប្រឹងអង្រួនបំពង់ឫស្សីដែលឃុំឃាំងខ្លួនមិនឈប់ ស្រែកដោយសំឡេងស្អកៗ ។
"លែងខ្ញុំ! លែងខ្ញុំទៅ! ពួកអ្នកគ្មានសិទ្ធិអីមកចាប់ខ្ញុំដាក់ទ្រុងបែបនេះទេ"
"បិទមាត់! ស្រីពេស្យាដែលល្បួងយកប្ដីគេនៅហ៊ានទាមទារទៀតឬ បើនៅតែហែកមាត់ស្រែកទៀត យើងនឹងចាប់នាងបោះទៅភ្លាម" ប្រុសដែលកាន់គប់ភ្លើងស្រែកគំហក ។
"ខ្ញុំមិនមែនស្រីពេស្យា ខ្ញុំ និង លីយ៉ុង ស្រឡាញ់គ្នា ខ្ញុំមិនបានបោកបញ្ឆោតគេ! មិនមែនទេ!" សម្ដីនោះធ្វើឲ្យ ហុងអុី ខឹងក្រហមភ្នែក ដៃទាំងពីរអង្រួនបំពង់ឫស្សីយកស្លាប់យករស់ឈាមក្រហមជ្រាបចេញមក ។
ប្រុសនោះមិនចាប់អារម្មណ៍ពាក្យដោះសារបស់នាង សម្លឹងនាងដោយការប្រមាថ មុននឹងងាកទៅសួរស្ត្រីក្នុងឈុតប្រណីតដែលនៅខាងក្រោយ ។
“អ្នកស្រី លី ដល់ពេលហើយ ឲ្យបោះស្រីពេស្យានេះចូលទន្លេឬអត់ ទាន"
អ្នកស្រី លី មើលស្រីដែលត្រូវឃុំក្នុងទ្រុង និង ពោះដែលជិតគ្រប់ខែរបស់នាង ពន្លឺភ្នែកមានគំនុំខ្លាំង ។
នាងមិនបានតបសំណួរប្រុសម្នាក់នេះ តែនិយាយដោយឫកពាវេទនាថា៖
“ស្រីបិសាចម្នាក់នេះធ្វើស្នេហ៍ដាក់ឲ្យស្វាមីខ្ញុំ រហូតដល់គេបោះបង់ភរិយានិងបិតាដែលរង់ចាំគេដោយភាពទុក្ខសោកនៅផ្ទះ បើគេមិនបានសតិទាន់ពេល និងលួចរត់ ខ្ញុំមុខជាមិនដឹងទេថានាងប្រើផែនការថោកទាបបែបនេះ... ខ្ញុំមិនចង់ធ្វើបាបនាង តែនាងមិនត្រឹមបោកប្ដីខ្ញុំនៅដាក់ផែនការឲ្យខ្លួនឯងមានផ្ទៃពោះ... បើមិនដោយសារនាងឆក់ឱកាស បង្គាប់ប្ដីខ្ញុំឲ្យរៀបការនាងជាប្រពន្ធ ខ្ញុំក៏មិនមករកលោកមេភូមិនិងអ្នកភូមិគ្រប់គ្នាឲ្យជួយរកយុត្តិធម៌ សង្ឃឹមថានាងមិនប្រកាន់ ខ្ញុំគ្រាន់តែជាស្រីម្នាក់ប៉ុណ្ណោះ"
សម្តីរបស់អ្នកស្រី លី ដែលនិយាយចេញមកមួយប្រយោគៗ ស្តាប់ទៅគួរឲ្យអាណិតហាក់ដូចបង្ខំចិត្តធ្វើបែបនេះ តែក្នុងត្រចៀក ហុងអុី បែរជាឮសុទ្ធតែពាក្យបោកប្រាស់ ។
"កុហក! នាងកំពុងកុហក" បេះដូងនាងត្រូវច្របាច់ណែនភ្លាម ពេលឮអ្នកម្ខាងទៀតហៅខ្លួនថាស្រីបិសាចតែពេលបានស្តាប់ពាក្យកុហក ខុសការពិត នាងក៏ស្រែកគំហកដោយការក្ដៅក្រហាយដោយរំងាប់លែងបានទៀត នាងលូកដៃទៅស្រវាចាប់អ្នកម្ខាងទៀត តែបែរជាចាប់មិនបានសូម្បីជាយអាវ។
"លីយ៉ុង និង ខ្ញុំ ស្រឡាញ់គ្នា គេទៅវិញព្រោះចង់បញ្ចុះបញ្ចូលឪពុកគេឲ្យទទួលយកយើង មិនមែនដូចដែលនាងនិយាយ គេនៅប្រាប់ខ្ញុំទៀតថាគេគ្មានថ្ងៃរៀបការជាមួយនាងទេ ទោះស្លាប់ក៏មិនព្រម"
ភ្លាមនោះ មុខមាត់ដែលតុបតែងយ៉ាងស្រស់ស្អាតរបស់អ្នកស្រី លី ក៏ប្រាកដពន្លឺកំណាច តែមួយរំពេចនោះក៏ត្រលប់មកធម្មតាវិញ នាងលុតជង្គង់ ហើយខ្សឹបក្បែរត្រចៀក ហុងអុី។
"សោកស្តាយផងដែលរឿងមិនដូចនាងគិត ពួកយើងរៀបការរួចហើយ និង..." នាងអង្អែលដែលធំបន្តិចរបស់ខ្លួនដោយការពន្យុះកំហឹង និង ញញឹមត្រជាក់ "ខ្ញុំនៅពរពោះកូនរបស់គេទៀតផង ការពិតបានពិសោធឲ្យឃើញហើយថា លីយ៉ុង គ្រាន់តែលង់សើចជាមួយនាងប៉ុណ្ណោះ មនុស្សប្រុសគឺចូលចិត្តស៊ីក្រៅគ្រប់តែគ្នា ខ្ញុំធ្លាប់ប្រាប់គេតាំងពីដំបូងហើយ ថាបើចង់សប្បាយឲ្យទៅផ្ទះគោមខៀវ កុំទៅលេងសើចជាមួយកូនគេមានម៉ែមានឪ កុំឲ្យកើតបញ្ហានៅពេលក្រោយ គួរអាណិតមែន គួរឲ្យអាណិតដែលកូនឥតពូជនៅក្នុងពោះនាងមិនទាន់បានកើតផងក៏ត្រូវងាប់ជាមួយម្តាយទទេៗ ចំណែកកូនរបស់គេនឹងបានបន្តតំណែងនៅពេលខាងមុខ"
"នាងកុហក"" ហុងអុី សម្លក់នាងថ្មែរ តបតដោយកំហឹង ។
នាងជឿជាក់ លីយ៉ុង នាងមិនជឿសម្តីកុហកអស់នេះជាដាច់ខាត តែពេលឃើញអ្នកម្ខាងទៀតពរពោះកូនរបស់ លីយ៉ុង និងឃើញពោះធំមែន ជំនឿរបស់នាងក៏រង្គោះរង្គើ។
បីខែ វេលាដែលគេសន្យាជាមួយនាងកន្លងផុតទៅហើយ នាងរង់ចាំ រង់ចាំគេមករហូត ចាំទាល់តែពោះធំកាន់តែខ្លាំង ចាំទាល់តែជិតប្រសូតកូន តែគេនៅតែមិនមក តែអ្នកដែលមកបែរជាស្រីម្នាក់នេះ ភរិយារបស់គេ... ប៉ុន្តែទោះយ៉ាងនេះក៏នាងនៅមិនទាន់ចង់ជឿ ស្នេហាដែល លីយ៉ុង មានចំពោះនាងមិនមែនរបស់ក្លែងក្លាយ នាងមិនជឿថាគេធ្វើដាក់នាងបែបនេះ តែថាភាពភ័យដែលនៅក្នុងជម្រៅចិត្តក៏វារចូលមកមិនឈប់ ។
"ខ្ញុំមិនជឿសម្តីរបស់នាង លែងខ្ញុំភ្លាម នាំខ្ញុំទៅរក លីយ៉ុង ខ្ញុំចង់ស្តាប់គេនិយាយដោយផ្ទាល់" នាងមិនជឿ ស្រីម្នាក់កុហក លីយ៉ុង ច្បាស់ជាមក គេច្បាស់ជាមកទទួលនាង ច្បាស់ជា...
ឃើញ ហុងអុី មិនព្រមបាក់ទឹកចិត្ត ទើបអ្នកស្រី លី យកខ្សែកពីក្នុងអាវរបស់នាងចេញមក មុននឹងនិយាយចំអក៖
" ជឿឬ មិនជឿក៏តាមចិត្ត របស់នេះ លីយ៉ុង ឲ្យខ្ញុំយកមកឲ្យនាង គេនៅផ្តាំទៀតថា គេត្រូវអាគមសណ្ដំបានជាព្រមនៅជាមួយនាង គេគ្មានផ្លូវព្រមទទួលនាងជាភរិយា និងព្រមទទួលថាកូនក្នុងពោះនាងជាកូនរបស់គេ គេត្រូវការឲ្យនាង... " នាងឈប់មួយសន្ទុះបន្ទាប់ពីឃើញមុខស្លេកស្លាំងគ្មានឈាមរបស់ ហុងអុី "ទៅងាប់ទៅ"
ហុងអុី បើកភ្នែកធំៗខណៈដែលមើលខ្សែកនៅលើដី ដៃដែលញ័រទទ្រើតលូកទៅយកវា ពណ៌ក្រហមស្រស់នៅលើថ្មចាំងផ្លេកៗផ្សាភ្នែក ដូចឈាមនៅក្នុងចិត្តនាងដែលស្រក់ម្តង១តំណក់ៗដោយការឈឺចាប់រហូតដល់ដកដង្ហើមមិនចេញ ។
វាជាវត្ថុបញ្ចាំចិត្តដែលនាងឲ្យ លីយ៉ុង និងជាសម្បត្តិមានតម្លៃប្រចាំត្រកូល ប៉ី ល្បីតៗគ្នាថាជាថ្មក្រហមឈាមដែលមានកម្លាំងពិសេស។
ឃើញ ហុងអុី មើលថ្មក្រហមក្នុងដៃដោយចិត្តហោះហើរ អ្នកស្រី លី ក៏អស់ការអត់ធ្មត់ នាងបក់ដៃឲ្យក្រុមប្រុសៗដែលចាំយូរមកហើយ ឲ្យលើកទ្រុងឫស្សីដើរទៅរកទន្លេ។
រហូតដល់រាងកាយលិចក្នុងទឹកបាត់បន្តិចម្តងៗ ទើប ហុងអុី បានសតិ ក្តីសង្ឃឹមនៅក្នុងបេះដូងបែកខ្ទេចខ្ទី ការគុំគួនដែលនៅតែមានក្នុងចិត្តជះចេញតាមភ្នែកទាំងពីរ។
បរិយាកាសនៅជុំវិញខ្លួនប្រែប្រួលហាក់ដូចសីតុណ្ហភាពធ្លាក់ចុះមកចំណុចសូន្យ សុខៗ ហុងអុី ក៏ងើបមុខខ្វាប់ កែវភ្នែកខ្មៅមានពន្លឺចងអាឃាតដែលខុសពីអម្បាញ់មិញដាច់ស្រឡះ ការភ័យខ្លាច ក្តីសង្ឃឹមមិននៅសល់លើមុខទៀត មានតែស្នាមញញឹមគួរឲ្យព្រឺ។
នៅវិនាទីដែលឃើញថ្មក្រហម ស្នេហាដែលនាងមានចំពោះ លីយ៉ុង ក៏រលាយអស់ សល់តែគំនុំដែលមិនអាចលាងជ្រះ។
កែវភ្នែកដែលធ្លាប់មូលថ្លា ពេលនេះពេញទៅដោយសសៃឈាមក្រហមស្រស់ ខ្សែភ្នែកមានកំហឹងសម្លឹងគ្រប់គ្នាដោយគំនុំដ៏ខ្លាំងក្លា។
"យើងសុំដាក់បណ្តាសាឯង" នាងនិយាយចេញមកម្តងមួយពាក្យៗដែលធ្វើឲ្យគ្រប់គ្នាភ័យខ្លាច "យើងសុំដាក់បណ្តាសាឯង លីយ៉ុង ឯងក្បត់ស្នេហារបស់យើង ក្បត់អារម្មណ៍របស់យើង ដល់ថ្នាក់បោះបង់សូម្បីសាច់ឈាមខ្លួនឯង ដូច្នេះហើយយើងសូមដោះដូរនឹងគ្រប់យ៉ាងដែលយើងមាន ឲ្យកូនចៅគ្រប់ជំនាន់របស់ឯងត្រូវជួបនឹងទុកទារុណ រាងកាយទន់ខ្សោយ ដួលឈឺពេញ១ជីវិត មិនបានងាប់តាមសម្រួល ចំណែកឯង ឯងចាំយើង ចាំយើងក្លាយជាខ្មោចទៅយកជីវិត..."
សំឡេងរឹងត្រូវបញ្ចប់ព្រោះរាងកាយរបស់នាងបានលិចទៅក្នុងទឹក ដ៏សែនត្រជាក់ គ្មានសំឡេងអីឮមកទៀត ផ្ទៃទឹកស្ងប់គ្មានរលក ។
គ្រប់យ៉ាងស្ងប់ស្ងាត់ហាក់ដូចជាយល់សប្តិអាក្រក់ គ្រប់គ្នាតោងទាមគ្នាជាប់ បរិយាកាសអាប់អួធ្វើឲ្យថប់ដង្ហើម។
គ្មានអ្នកភ្លេចកែវភ្នែកក្រហមដូចឈាមមុនពេលលិចទៅក្នុងទឹកបាត់របស់នាង កែវភ្នែកនេះប្រាកដនៅក្នុងយល់សប្តិរបស់ពួកគេរាល់យប់ ហាក់ដូចចង់ប្រាប់ពីគំនុំដែលមិនបានទទួលភាពយុត្តិធម៌របស់នាង សូម្បីតែពួកគេស្លាប់ទៅក៏បំភ្លេចកែវភ្នែកនោះមិនបាន ។
រឿងរ៉ាវគ្រប់យ៉ាងនៅយប់នោះហាក់ដូចទើបកើតឡើងពីម្សិល គំនុំដ៏ធំធេងកប់ជ្រៅក្នុងខ្លួននាង ហុងអុី បើកភ្នែកដែលក្រហមងាំងដូចឈាមមើល ចូអេល និង ផ្លរៀ ។
"នាងសួរថាហេតុអីក៏យើងគុំគួន បើជានាង នាងមិនខឹងទេមែនទេ” នាងសួរដោយសំឡេងឈឺចាប់ តែភ្នែកបែរជាត្រជាក់ ។
ប្រយោគនេះធ្វើឲ្យ ផ្លរៀ នៅស្ងៀម គុំគួនឬ នាងមិនដឹង នាងមិនធ្លាប់មានបទពិសោធ តែនៅក្នុងទស្សនៈរបស់អ្នកក្រៅ នាងមានអារម្មណ៍យល់ចិត្ត ហុងអុី តែវាជារឿងដែលកន្លងផុតទៅហើយ មិនគួរយកមកចងកម្មចងពៀរនឹងកូនចៅរបស់ លីយ៉ុង ។
"តែគេមិនមែន លីយ៉ុង អ្នកដែលក្បត់អ្នកមិនមែនគេ អ្នក.."
“ដូចគ្នា” ហុងអុី កាត់ដោយសំឡេងត្រជាក់ "សុំត្រឹមតែមានឈាមជ័រដូច លីយ៉ុង វាគឺដូចគ្នា យើងមិនលើកលែងសូម្បីតែម្នាក់! ចាំឲ្យយើងយកឈាមជ័ររបស់គេឲ្យអស់ពីលោកនេះ គឺយើងសងសឹកបានសម្រេចហើយ"
និយាយចប់ ហុងអុី ក៏លូកដៃមកច្របាច់.ក ចូអេល ភ្លាម ផ្លរៀ កញ្ជ្រោល ស្ទុះទៅបញ្ឈប់ តែត្រូវ ចូអេល ហាម។
"កុំ... អូនកុំចូលមក!"
ប្រភព៖ OBSOK BOOK
热门评论
评论