សម្បុកក្រៀលលើកដំបូង ឆ្នាំ២០២២ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានបំផ្លាញ

ដោយ: ប៉ូ សុភា
ភ្នំពេញ៖ សម្បុកក្រៀលទី១ ក្នុងរដូវពងកូននៅដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានបំផ្លាញ។ សម្បុកនេះ ត្រូវបានប្រទះឃើញបានបីថ្ងៃប៉ុណ្ណោះ។ជុំវិញករណីនេះ ក្រុមអ្នកជំនាញ បារម្ភពីសុវត្ថិភាពនិងការគំរាមកំហែងដល់ការបន្តពូជសម្រាប់ប្រភេទសត្វកម្រនៅតំបន់នេះ។
លោក ប៊ូ វរសក្ស នាយកកម្មវិធីអភិរក្សរបស់អង្គការជីវិតសត្វស្លាប បានប្រាប់សារព័ត៌មាន ThmeyThmey25 ថាសម្បុកទី១ សម្រាប់រដូវពងកូនរបស់សត្វក្រៀលនៅដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរីត្រូវបានរកឃើញមួយសម្បុក ដែលមានពងចំនួនមួយ នៅដើមខែកក្កដា។ ជាមួយគ្នានេះ លោក វរសក្ស បានបញ្ជាក់ថាបន្ទាប់ពីបានឃើញសម្បុកទី១នេះ ក្រុការងារបានត្រឡប់ចេញពីព្រៃ ដើម្បីស្វែងរកពលរដ្ឋនៅក្នុងសហគមន៍ ប៉ុន្ដែទន្ទឹមនោះសម្បុកក៏ត្រូវបានបំផ្លាញ។

រូបភាពដោយអង្គការ Birdlife International
«ពេលឃើញសម្បុកយើងត្រូវចេញមកពីព្រៃដើម្បីរកអ្នកយាម ប៉ុន្ដែអ្វីៗលឿនជាងយើងគិតទៅទៀត។ យើងចេញមកបានត្រឹម៣ថ្ងៃ សម្បុកនោះក៏ត្រូវបានបំផ្លាញទៅហើយ។ ក្រុមយើងមិនទាន់សន្និដ្ឋានបានថា វាត្រូវបានបំផ្លាញដោយសារអ្វីនៅឡើយទេ»។ នេះជាការលើកឡើងរបស់ លោក វរសក្ស ដែលបន្ថែមថា ឆ្នាំមុនក្រុមការងាររបស់លោកអាចសន្និដ្ឋានថាការបំផ្លាញសម្បុករបស់សត្វក្រៀលដោយសារមនុស្សលួចពងរបស់វាយកទៅ ប៉ុន្ដែឆ្នាំនេះ មានវត្ថុតាងបន្សល់ ប៉ុន្ដែក៏មិនទាន់អាចកំណត់ឱ្យច្បាស់ឡើយ។
ទន្ទឹមនោះ នាយកអង្គការនេះ បានលើកឡើងថា ដែនជម្រកសត្វព្រៃលំផាត់ អាចជាដែនគ្មានសុវត្ថិភាពសម្រាប់សត្វក្រៀល និងប្រភេទសត្វព្រៃផ្សេងទៀត ដោយសារព្រៃដែលជាជម្រកសម្រាប់សត្វកាន់តែគំរាមកំហែងពីមនុស្ស ដែលរស់នៅជុំវិញ។

រូបភាពដោយអង្គការ Birdlife International
លោក វរសក្ស បានបញ្ជាក់ដូច្នេះ៖ «នៅដែនលំផាត់បច្ចុប្បន្នមិនដូចពីមុនទេ។ពីមុនទីតាំងនេះជាព្រៃនៅដាច់ស្រយាលពីអ្នកភូមិ ប៉ុន្ដែបច្ចុប្បន្ននេះមានភាពអ៊ូអរ។ ដីព្រៃសម្រាប់ជម្រកសត្វ និងធនធានមួយចំនួនកាន់តែហោចទៅ។ លើសពីនោះ អ្នកចំណាកស្រុកកាន់តែច្រើនការការពារសត្វព្រៃកាន់តែលំបាក»។
ជាមួយនោះ លោក វរសក្ស បានបញ្ជាក់ថា បញ្ហាដែលលំបាកបំផុតសម្រាប់សកម្មភាពអភិរក្សសត្វនៅក្នុងដែនលំផាត់មួយផ្នែកធំ ដោយសារសម្បូរពលរដ្ឋចំណូលថ្មី ជាហេតុធ្វើឱ្យការយល់ដឹងទាក់ទងកិច្ចការពារ និងអភិរក្សសត្វព្រៃមានកម្រិត។
«នៅដែនលំផាត់យើងមានសហគមន៍៤ទៅ៥កន្លែង។ ក្រុមការងារតែងបានផ្សព្វផ្សាយជាហូរហែ ប៉ុន្ដែទន្លឹមនោះមានពលរដ្ឋចំណូលថ្មីមកធ្វើការកាន់តែច្រើនខ្វះចំណេះដឹង
និងជីវភាពមានកម្រិត។ ចង់ឬមិនចង់នៅពេលអត់ម្ហូប គាត់នឹងចូលព្រៃដើម្បីដាក់អន្ទាក់ប្រមាញ់សត្វដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។ នេះហើយជាឧបសគ្គសម្រាក់ការងារអភិរក្សនៅដែនលំផាត់»។នាយកអង្គការខាងលើបញ្ជាក់ដូច្នេះ។

រូបភាពដោយអង្គការ Birdlife International
បើតាមការបញ្ជាក់របស់លោក វរសក្ស ក្នុងរដូវពងកូនរបស់សត្វក្រៀលនៅដែនលំផាត់ក្រុមការងាររបស់លោកអាចរកឃើញសម្បុកក្រៀល ១ឬ២ប៉ុណ្ណោះក្នុងមួយឆ្នាំ។ ចំពោះចំនួនសត្វក្រៀលនៅរដូវពងកូនក្រុមការងារអាចឃើញវាបង្ហាញខ្លួនចន្លោះពី២ ទៅ៣គូ។ ដោយឡែក ជំរឿនសត្វក្រៀលនៅដែនជម្រេកសត្វព្រៃលំផាត់ ក្នុងឆ្នាំ២០២២ គិតត្រឹមខែមិថុនា
មានសត្វក្រៀលចំនួន៧ក្បាល បង្ហាញវត្ដមានក្នុងរដូវពងកូននៅលំផាត់។
លោក វរសក្ស ពន្យល់បែបនេះ៖ « ឆ្នាំនេះសត្វក្រៀលដែលមកពងកូនអាចមានចំនួនកើនជាងឆ្នាំមុន ដោយសារត្រឹមខែមិថុនាសោះ វាបានត្រឡប់មកពងកូនវិញ និងបានបង្ហាញខ្លួនឱ្យយើងឃើញរហូតដល់ទៅ៧ក្បាល។ ក្រៅពីនេះនៅមាន សត្វលាក់ខ្លួននៅក្នុងព្រៃ ដែលវាមិនបង្ហាញខ្លួន ដោយសារខ្លាចមនុស្ស ។ មួយវិញទៀត ព្រៃធំបែបនេះយើងអាចរាប់និងឃើញផ្នែកខ្លះប៉ុណ្ណោះ»។
ស្របជាមួយគ្នានេះ នាយកអង្គការខាងលើ សំណូមពរឱ្យពលរដ្ឋ និងអាជ្ញាធរដែលពាក់ព័ន្ធចូលរួមយកចិត្តទុកដាក់ និងនាំគ្នាចូលរួមការពារ និងអភិរក្ស ប្រភេទសត្វព្រៃនិងសត្វកម្រ ដើម្បីឱ្យរបាយសត្វទាំងនេះ នៅមានក្នុងប្រទេសកម្ពុជាជាបន្ត៕
ប្រភព៖ សម្បុកក្រៀលលើកដំបូង ឆ្នាំ២០២២ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានបំផ្លាញ
热门评论
评论