ផលិតកម្មថោន បង្កើតទំព័រថ្មីដំបូងបង្អស់នៅកម្ពុជា និងសម្រាប់ពលករខ្មែរនៅប្រទេសថៃក្នុងវិស័យសិល្បៈ(មានវីដេអូ)
«ថោន បានបោះជំហានមួយទៀត ស្របទៅនិង ការដាក់ចេញ នូវយុទ្ធសាស្ត្រ ផែនការសកម្មភាព និងទិសដៅការងារជាអាទិភាព ការប្រកួតប្រជែង លើទីផ្សារសេរី ក្នុងន័យចូលរួមអភិវឌ្ឍន៍ ថែរក្សាវប្បធម៌ ឲ្យបានរឹងមាំ និងរស់រវើក ក៏បានរំលេចចេញជារូបរាងថ្មីមួយ រវាងផលិតកម្ម ទីក្រុងភាពយន្ត (ថោន) ប្រចាំប្រទេស កម្ពុជា និងផលិតកម្ម GMM (GRAMMY) ប្រចាំប្រទេស ថៃ បានរួមគ្នាផលិតបទចម្រៀង រួមគ្នាបង្កើតព្រឹត្តិការណ៍ ប្រគុំតន្ត្រី (Concerts) រួមគ្នាបង្កើតបណ្តាញសង្គម YouTube ថ្មីមួយឈ្មោះថា «TOWN x GMM GRAMMY» នេះគឺជាការលើកឡើងរបស់កជំទាវ វ៉ា នីតា អគ្គនាយិការក្រុមហ៊ុន ថោនអ៊ិនធឺធេនមែនគ្រុប ថ្លែងក្នុងពិធីក្នុងកម្មវិធីចុះអនុស្សារណៈរវាងផលិតកម្មទីក្រុងភាពយន្ត ថោន និងផលិតកម្មដ៏ល្បីរបស់ GMM Grammyកាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។

លោកជំទាវបានបញ្ជាក់ថា ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) និងផលិតកម្ម GMM (GRAMMY) ចាប់ពីថ្ងៃនេះតទៅ បានរួមគ្នាធ្វើទំនើបកម្ម ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ ឲ្យបានទាន់ពេល និងកាន់តែទូលំទូលាយ ជាពិសេស ខិតខំសំអិតសំអាង ផលិតកម្មវិធីល្អៗ ឲ្យបានច្រើន ដើម្បីបំពេញតាម តម្រូវការទីផ្សារក្នុងស្មារតីទទួលខុសត្រូវ សំដៅរួមគ្នាលើកកម្ពស់វិស័យសិល្បៈ ឲ្យមានភាពល្បីល្បាញ និងរួមគ្នាការពារគោរពគាំទ្រលើស្នាដៃអ្នកនិពន្ធ និងក្រុមអ្នកផលិត ក្នុងន័យការលើកទឹកចិត្ត ផ្តល់តម្លៃម្ចាស់កម្មសិទ្ធ។

នាយកគ្រប់គ្រងទូទៅប្រចាំផលិតកម្មថោន លោក អ៊ិន រិទ្ធីចិត្រ បានមានប្រសាសន៍ថា ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) និងផលិតកម្ម GMM GRAMMY ត្រូវប្តូរយុទ្ធសាស្ត្រទីផ្សារស្ទើទាំងស្រុងពីការផលិតដាក់លក់ជា ស៊ីឌី (CD) ឌីវីឌី (DVD) នៅតាមបណ្តាហាងផ្សេងៗ ប្តូរមកជាផលិតផលដាក់លក់នៅលើប្រព័ន្ធរលក់ធាតុអាកាស តាមរយៈបណ្តាញសង្គមយ៉ាងសំបូរបែប ដែលជាទីផ្សារកំពុងពេញនិយមសម្រាប់មនុស្សសម័យថ្មី ដោយបច្ចុប្បន្នប្រជាពលរដ្ឋលើពិភពលោកកំពុងពេញនិយមបញ្ជារទិញឥវ៉ាន់តាមប្រព័ន្ធ អនឡាញ (Online) ។

ទីប្រឹក្សាផ្នែកទីផ្សារប្រចាំក្រុមហ៊ុនថោនគ្រុប លោក គឹម ស្រ៊ុនកុសល់ បានមានប្រសាសន៍ដែរថា ការចាប់ដៃគ្នារវាងផលិតកម្ម ថោន និង GMM GRAMMY ច្បាស់ណាស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាប្រជាពលរដ្ឋ ថៃ ទទួលបានវប្បធម៌ចែករំលែកបទពិសោធន៍ថ្មី តាមរយៈផ្ទាំងទស្សនីយភាព ផ្សព្វផ្សាយឲ្យពិលោកបានស្គាល់ពីតម្លៃនៃគុណភាពសិល្បៈខ្មែរ និងជាពិសេសពលរដ្ឋខ្មែរដែលកំពុង បំរើការងារនៅប្រទេស ថៃ រាប់លាននាក់ លែងឯកកោទៀតហើយ នឹងបានទស្សនាផ្នែកសិល្បៈកំសាន្តត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈផលិតកម្ម GMM GRAMMY ក្នុងប្រទេស ថៃ ផ្ទាល់ ហើយច្បាស់ណាស់បទចម្រៀង ថោន និង GMM GRAMMY មានដាក់លក់នៅលើទីផ្សារប្រទេស ថៃ និងនៅលើទីផ្សារ ឌីជីថល (Digital) ធ្វើឲ្យប្រពលរដ្ឋលើពិភពលោកអាចស្វែងរកទិញផលិតផល TOWN & GMM GRAMMY បានយ៉ាងងាយស្រួល។

សូមជម្រាបថា ទីក្រុងភាពយន្ត (ថោន) បានពង្រីកសេវាកម្ម របស់ខ្លួនជាបន្តបន្ទាប់ រហូតបង្កើតជាក្រុមហ៊ុន ថោនអ៊ិនធឺធេនមែនគ្រុប ដោយមានបុត្រសម្ព័ន្ធចំនួន ៥ រួមមាន ៖ ផលិតកម្មទីក្រុងភាពយន្ត (ថោន) ស្ថានីយវិទ្យុ ថោន FM102.25MHz ស្ថានីយវិទ្យុ ថប FM92.30MHz ស្ថានីយទូរទស្សន៍ TOWN FULLHD TV ផលិតកម្ម TOP MUSIC៕

热门评论
评论