“ភាពជាម្ចាស់ការលើខ្លួនឯងរបស់យុវជន”

មានពាក្យមួយឃ្លាដែលគេធ្លាប់និយាយថា ប្រសិនបើអ្នកអាចគ្រប់គ្រងខ្លួនឯងបាន នោះអ្នកនឹងអាចធ្វើអ្វីៗបានជោគជ័យទាំងអស់។ តែប្រាកដណាស់ថាការបញ្ជាខ្លួនឯងឲ្យធ្វើអ្វីមួយ ឬហាមឃាត់មិនឲ្យធ្វើអ្វីមួយគឺមិនមានភាពងាយស្រួលនោះទេ ជាពិសេសសម្រាប់យុវវ័យដែលកំពុងសិ្ថតនៅក្នុងវ័យសប្បាយ។ វាមានរបស់ជាច្រើនតែងតែទាក់ទាញអារម្មណ៍របស់យើងឲ្យភ្លេចពីតួនាទី កាតព្វកិច្ច និងគោលដៅដែលយើងចង់សម្រេច ហើយបែរជាទៅធ្វើរឿងដែលមិនមានប្រយោជន៍សោះសម្រាប់ខ្លួនឯងទៅវិញ។ ទង្វើទាំងនេះហើយបានបញ្ជាក់ថាយើងគ្មានទំនួលខុសត្រូវ និងភាពជាម្ចាស់ការលើខ្លួនឯងទាល់តែសោះ។
ប្រសិនបើយើងកំពុងតែសិ្ថតក្នុងស្ថានភាពភ្លើតភ្លើន បាត់បង់ភាពជាម្ចាស់ការចំពោះខ្លួនឯង សូមធ្វើការពិចារណាឡើងវិញ ហើយត្រូវគិតថា តើរាល់ថ្ងៃនេះយើងរស់នៅដើម្បីអ្វី? តើមានកិច្ចការងារឬក្ដីស្រម៉ៃអ្វីខ្លះដែលយើងមិនទាន់បានសម្រេច? នៅពេលដែលអ្នកអាចស្វែងរកចម្លើយសម្រាប់ខ្លួនឯងបានហើយ ចូរចាប់ផ្តើមរៀនចេះគ្រប់គ្រងខ្លួនឯងឲ្យបាន ហើយត្រូវធ្វើជា CEO របស់ខ្លួនឯង ដោយមិនចាំបាច់មាននរណាម្នាក់មកគ្រប់គ្រង និងចាំដាស់តឿនយើងគ្រប់ពេលនោះឡើយ។ ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ថា យើងមិនមែននៅក្មេងដូចកាលពីមុនទៀតឡើយ ហើយអ្វីដែលនៅជុំវិញខ្លួនរបស់យើងក៏ចេះតែផ្លាស់ប្ដូរទៅពីមួយថ្ងៃទៅមួយថ្ងៃទៀតដែរ។ សាកស្រម៉ៃថា យើងជាថៅកែរបស់គេ ហើយតម្រូវឲ្យចេះគ្រប់គ្រងបុគ្គលិកទាំងអស់នោះ សួរថាវាមានភាពលំបាកយ៉ាងណាខ្លះ ដែលយើងត្រូវប្រឈមមុខ? ច្បាស់ណាស់ថាយើងមិនអាចគ្រប់គ្រងអ្នកដទៃបានទាំងស្រុងនោះទេ។ ចុះប្រសិនបើយើងធ្វើជាថៅកែរបស់ខ្លួនឯងវិញ នោះមានន័យថាយើងនឹងហើយដែលជាបុគ្គលិកធ្វើការឲ្យខ្លួនឯង ហេតុអ្វីបានជាយើងមិនអាចគ្រប់គ្រងបាន?
ដូច្នេះត្រូវចាត់ទុកខ្លួនឯងជាទាសករដាច់ថ្លៃរបស់ខ្លួនឯង ហើយប្រើប្រាស់ទាសករមួយនេះឲ្យមានប្រយោជន៍។ ត្រូវចេះវិនិយោគទន់ និងអភិវឌ្ឍន៍សក្ដានុភាព ក៏ដូចជាចំណេះដឹងទៅលើខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុន។ នៅពេលណាយើងចេះពីរបៀបគ្រប់គ្រង និងមានភាពជាម្ចាស់ការលើខ្លួនឯងពេញលេញ នោះយើងនឹងមិនមានការព្រួយបារម្ភអ្វីទៀតឡើយ ព្រោះថាយើងអាចធ្វើអ្វីៗដោយខ្លួនឯងបាន មិនថារឿងការងារ ការសិក្សា ឬការប្រាស្រ័យទាក់ទងគ្នានៅក្នុងសង្គមនោះទេ គឺយើងសុទ្ធតែអាចដោះស្រាយវាបានដោយខ្លួនឯង។
សរុបមក ប្រសិនបើអ្នកទាំងអស់គ្នានៅមិនទាន់មានភាពជាម្ចាស់ការនៅឡើយទេ សូមចាប់ផ្តើមគិតពិចារណាឡើងវិញ ព្រោះថាពេលវេលាសម្រាប់អ្នកមិនមានច្រើនប៉ុន្មាននោះទេ ហើយនៅថ្ងៃណាមួយអ្នកត្រូវរស់នៅម្នាក់ឯង ឬជាទីពំនាក់របស់អ្នកដទៃ។ ដូច្នេះ ដើម្បីក្លាយជាមនុស្សធំពេញលក្ខណៈមួយនៅក្នុងសង្គម ចូរស្វែងយល់ពីខ្លួនបន្ថែមទៀត ថាតើយើងបានត្រៀមខ្លួនរួចហើយឬនៅ ហើយយើងអាចរស់នៅដោយខ្លួនឯងបានហើយឬនៅ។ បំពេញកង្វះខាតដែលយើងមាន និងអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឲ្យខ្លាំងឡើងៗ មិនយូរមិនឆាប់នោះទេ យើងនឹងក្លាយជាបុគ្គលមួយរូបដែលមានឯករាជ្យភាព និងជាទំពាំងដ៏រឹងមាំមួយនៅក្នុងសង្គមនាពេលបច្ចុប្បន្នផងដែរ។
ប្រសិនបើអ្នកមានបំណងចង់ចូលរួមសិក្ខាសាលាឬវគ្គសិក្សាដើម្បីបង្កើនសក្តានុពល សូមតាមដានទំព័រផ្លូវការហ្វេសបុកផេករបស់ Project Inspire ដែលមានតំណភ្ជាប់នៅខាងក្រោមនេះដើម្បីទទួលបានព័ត៌មានថ្មីៗនិងលំអិត៖https://www.facebook.com/pg/projectinspirecambodia/
热门评论
评论