ប្រាសាទព្រះឥន្ទ្រកោសីយ៍ នៅកណ្ដាលក្រុងសៀមរាបតែមិនសូវមានភ្ញៀវចាប់អារម្មណ៍
ធ្វើដំណើរតាមផ្លូវខាងលិចដងស្ទឹងសៀមរាប ពីស្ពានថ្មព្រះរាជដំណាក់ ទៅជិតដល់អភិរក្សអង្គរ ឆ្លងទៅដល់មុខវត្តព្រះឥន្ទកោសីយ៍ ស្ថិតក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។ ប្រាសាទព្រះឥន្ទកោសីយ៍ គឺជាប្រាសាទតូចមួយស្ថិតខាងកើតព្រះវិហារវត្ត។ ឈ្មោះប្រាសាទនេះជួនកាលឃើញគេសរសេរថា «ព្រះឥន្ទកោសិយ» ដែលពាក្យ «កោសិយ» នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតមានន័យថា «ព្រះឥន្ទ្រ» ។ ប៉ុន្តែឈ្មោះដែលមានជាផ្លូវការសរសេរនៅលើឃ្លោងទ្វារវត្ត និងសាលាបឋមសិក្សាគឺ «ព្រះឥន្ទកោសីយ៍» ។

ប្រាសាទព្រះឥន្ទកោសីយ៍ សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ប្រាង្គតូច ស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង ។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេព នៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ ។ ចំណែកឯចម្លាក់នៅលើហោជាងដែលធ្វើអំពីបាយអរបេះធ្លាក់ស្ទើរអស់មើលរូបមិនយល់ ។ នៅក្នុងប្រាង្គធំនេះ ពុំមានតម្កល់ទេវរូបអ្វីទេខុសពីប្រាង្គតូច ដែលមានតម្កល់ព្រះពុទ្ធរូប ជាច្រើនសណ្ឋានប្លែកៗពីគ្នា ។ គួរឲ្យចម្លែកដែរ ព្រោះថាជាទូទៅនៅប្រាសាទដទៃទៀត គេតម្កល់ទេវរូបសម្រាប់គោរពបូជានៅប្រាង្គធំ ។
ប្រាសាទព្រះឥន្ទកោសីយ៍ ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ (គ.ស៩០០‑៩២២) ក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ប្រាសាទទាំងបីនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញ នៅក្នុងរជ្ជកាលរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស៩៤៤‑៩៦៨) និងព្រះរាជបុត្រព្រះអង្គព្រះបាទជ័យវរ្ម័នទី៥ (គ.ស៩៦៨‑១០០១) ពីព្រោះគេបានរកឃើញសិលាចារឹកនិយាយអំពីមហាក្សត្រទាំងពីរអង្គនេះ ។ អត្ថបទ៖ AMS CENTRAL





热门评论
评论