ទេសភាពតំបន់ភ្នំខ្នងផ្សា នារដូវវស្សា

ការឡេីងភ្នំដែលខ្ពស់ឆ្ងាយជាការពិបាក សម្រាប់មនុស្សទូទៅ គ្រាន់តែលឺដេីរឡេីងភ្នំ៥-៦ម៉ោង ម្នាក់ៗអាចនឹងលែងចង់ឡេីង...
ខែវស្សាជារដូវភ្លៀង វាពិតជាលំបាកមួយកម្រិតទៀតសម្រាប់ការឡេីងភ្នំ ដោយសារស្ថានភាពផ្លូវ រអិល រលំបាក់ដេីមឈេី សត្វល្អិតផ្សេងៗ ពេលខ្លះជួបនឹងខ្យល់ខ្លាំង ភ្លៀងខ្លាំង... តែរដូវនេះជារដូវអំណោយផលសម្រាប់ទេសភាពសម្រស់ភ្នំខ្នងផ្សា យេីងនឹងបានជួបពពកខ្មួរខ្មាញ់ហោះតាមជ្រលងភ្នំ រុំព័ទ្ធ និងក្រោមជេីងរបស់យេីង។ ចំពោះទេសភាព គឺខៀវស្រងាត់គួរអោយចង់គយគន់ ពេលរាត្រីយេីងអាចទស្សនាផ្កាយដ៏ស្រស់ស្អាត ជាមួយអាកាសធាតុត្រជាក់ ព្រមជាមួយអ័ព្ទបែកផ្សែង ដែលយេីងគិតថាវាជាឋានសួគ៌នៃមនុស្សលោក។ ខែវស្សា អំណោយផលចំពោះធម្មជាតិ យេីងអាចមានទឹកប្រេីប្រាស់គ្រប់គ្រាន់ សម្រាប់ចម្អិនបាយម្ហូប សម្រាប់ងូតសម្អាតខ្លួន។ល។ សម្រាប់ខ្ញុំ ខ្ញុំសូមណែនាំភ្ញៀវជាតិ និងអន្តរជាតិគួរទៅទស្សនាទេសភាពភ្នំខ្នងផ្សានារដូវវស្សានេះ។
ខាងក្រោមនេះជាការចែករំលែកពីការធ្វេីដំណេីរ និងស្នាក់នៅ ហូបចុកនៅភ្នំកំពូលភ្នំ:

១-ការធ្វេីដំណេីរ:
យេីងត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ យេីងបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យេីងនឹងឃេីញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យេីងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយេីងបន្តដំណេីរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យេីងនឹងទៅដល់ ភូមិតាំងបំពង់ តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាទីតាំងនៃភ្នំខ្នងផ្សា ។
ការធ្វេីដំណេីរទៅកាន់ កំពូលភ្នំខ្នងផ្សា គឺតម្រូវអោយយេីងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដេីម្បីស្រង់ឈ្មោះអ្នកឡេីងភ្នំ ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រង។ អ្នកភូមិសហគមន៍គឺជាអ្នកនាំផ្លូវ ហេីយគាត់ក៏បានជួយស្ពាយឥវ៉ាន់ និងដាំស្លរអោយយេីងញាំផងដែរ ។ ការធ្វេីដំណេីរពីភូមិទៅដល់ជេីងភ្នំ យេីងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង ។ បន្ទាប់មកត្រូវដេីរដោយថ្មេីរជេីងឡេីងភ្នំ តាមផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួល បេីឥវ៉ាន់មិនសូវធ្ងន់គឺល្អបំផុត ព្រោះម្នាក់ៗ គឺទ្រុឌទ្រោមខ្លាំង ដោយសារឥវ៉ាន់ធ្ងន់ សម្រាប់អ្នកដេីរលឿនល្មម និងមិនសូវឈប់សម្រាកអាចចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលេីសពីនេះ។ គួរដាក់ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វេីដំណេីរ យេីងអាចច្រកទឹកសម្រាប់ញ៉ាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ ។

២-ការសម្រាកនៅលេីកំពូលភ្នំ:
យេីងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដេីម្បីការពារជ្រាបទឹកភ្លៀង ឬសន្សេីម ។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង ។
៣-ការត្រៀមម្ហូបអាហារ និងទឹកញ៉ាំ:
សម្រាប់ការញ៉ាំ យេីងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល... ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលេីភ្នំ ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ... សម្រាប់ជាអាហារពេលព្រឹក ។ សម្រាប់ទឹកញុាំ ដោយខែនេះជារដូវប្រាំង ចឹងរៀងយ៉ាប់រឿងទឹកបន្តិច តែនៅលេីនោះមានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញាំ ឬធ្វេីម្ហូប បេីអាចគួរទិញសម្រាប់ចម្រោះទឹក ប្រេីប្រាស់ផ្ទាល់ខ្លួន។

៤-ការបន្ទោរបង់
នៅលេីនោះគ្មានបង្គន់អនាម័យទេ សម្រាប់ការបន្ទោរបង់ យេីងគួរមានកូនចប ឬបែល ដេីម្បីងាយស្រួលជីកដីកប់ ហេីយកុំភ្លេចក្រដាស់សេីម ។

៥-សំភារះប្រេីប្រាស់ចាំបាច់:
គួរប្រេីសម្លៀកបំពាក់ និងស្បែកជេីងទៅតាមស្តង់ដាឡេីងភ្នំ ខោគួររកខោវែងដែលជាសាច់ក្រណាត់ទន់យឺត អាវគួរតែស្តេីងអាចមានខ្យល់ចេញចូល ស្បែកជេីងគួរតែស្បែកជេីងប៉ាត់តាដែលស្រាលនិងមានបាតរឹងធន់នឹងការរអិល គួរសាគួរស្បែកជេីងផ្ទាត់មួយគូរផង អាចមានមួកមួយ និងក្រម៉ា/កន្សែងមួយទុកជូតញេីស។ សម្រាប់កាតាបស្ពាយ គួររេីសកាតាបណាដែលមានក្រវ៉ាត់ចង្កេះ និងទ្រូង ព្រោះបេីប្រេីស្មាស្ពាយធ្វេីអោយឈឺស្មា គឺក្រវ៉ាត់ចង្កេះជួយយេីងបានច្រេីនសូមកុំចងអីវ៉ាន់អោយសំពេីងសំពោង គួរចងអោយជាប់នឹងកាតាបស្ពាយ។ តង់គួរជាប្រភេទការពារជ្រាបទឹក ឬអង្រឹងដែលមានចងដំបូលគ្រប ត្រូវមានភួយ ឬអាវរងាផង ព្រោះយប់អាចត្រជាក់ខ្លាំង។ គួរត្រៀមចានស្លាបព្រា កែវ ដែលអាចលាងប្រេីទៀត ជៀសវាងប្រេីរបស់ចោលភាសវាលភាសកាល។ ត្រូវត្រៀមថ្នាំលាបសាច់ដុំ ការពារការចុករួយឬរមួលក្រពេី ព្រោះយេីងត្រូវដេីឆ្ងាយ។...
សូមជួយរក្សាអនាម័យ និងរៀបចំប្រមូលសម្រាមអោយបានត្រឹមត្រូវ សម្រាមណាអាចដុតចោលបានគួរតែដុត សម្រាមណាមិនអាចដុតបាន (សំបកដបកែវ កំប៉ុងត្រីខ) គួរតែយកមកក្រោមវិញ។ សូមរក្សាភាពស្ងៀមស្ងាត់ ជៀសវាងការចាក់បាស់ខ្លាំងៗ... ដេីម្បីសហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រងសម្រាប់យេីងទាំងអស់គ្នា ។
-----------------------------------------------------
រូបថតថ្ងៃទី២១ ខែមិថុនា ២០២១
អត្ថបទពុក : រស់ សន្ធិ
រូបថត : នេន ពេជ្រ



热门评论
评论