រាជធានី របស់អាណាចក្រភ្នំ និងកំពង់ផែសមុទ្រ នៃអាណាចក្រខ្មែរសម័យបុរាណ
នៅក្នុងរបាយការណ៍ចិន (នាស.វទី៧) សម័យរាជវង្សថាង បានសរសេរថា រាជធានីហ្វូណន មានឈ្មោះថា ទិក មុក (Tik-muik) មានចម្ងាយ៥០០លី (២០០គីឡូម៉ែត្រ) ពីសមុទ្រ។ រហូតមកដល់ពេលនេះ អ្នកស្រាវជ្រាវភាគច្រើនហាក់ដូចជាឯកភាពគ្នាអំពីបញ្ហារាជធានី (នៅក្នុងសិលាចារឹកគឺ វ្យាធបុរៈ) របស់អាណាចក្រភ្នំ គឺនៅក្នុងស្រុកអង្គរបុរី ក្នុងខេត្តតាកែវសព្វថ្ងៃ ដែលកាលពីមុន មានតែលោក ហ្សក សឺដេស (George Coedès) មួយទេដែលលើកឡើងថា រាជធានីនេះគឺស្ថិតនៅបាភ្នំ ខេត្តព្រៃវែង មិនមែននៅអង្គរបុរីឡើយ។
ហ្វូណនមានកំពង់ផែអន្តរជាតិរបស់ខ្លួនមួយឈ្មោះ អូរ កែវ ដែលសព្វថ្ងៃគឺស្ថិតនៅក្នុងទឹកដីភាគខាងត្បូងប្រទេសវៀតណាម។ នៅអង្គរបុរី គេបានរកឃើញនូវភស្តុតាងជាច្រើនដូចជា រចនាសម្ព័ន្ធរាជធានី ទីទួលប្រាសាទ បដិមា សិលាចារឹក កន្លែងកប់សព កំពែងក្រុង ព្រមទាំងសំណង់ផ្លូវក្នុងទីក្រុងដែលរួមមានកម្រាលឥដ្ឋជាដើម។ ដោយឡែក ចំពោះបាភ្នំវិញ យើងមិនបានរកឃើញអ្វីច្រើនឡើយ ក្រៅពីទីទួលប្រាសាទ និងសំណង់បុរាណ ព្រមទាំងកន្លែងកប់សពមួយកន្លែងនៅក្នុងស្ថានីយ៍ព្រហារ (មានទីតាំងនៅជិតបាភ្នំ)។ ដោយសារតែហ្វូណនគឺជាប្រទេសដែលមានព្រំប្រទល់ជាប់នឹងសមុទ្រ និងមានទន្លេ ស្ទឹង បឹងបួរ ហូរខ្វាត់ខ្វែង ទើបការរៀបចំប្រព័ន្ធធារាសាស្ត្រដើម្បីយកទឹកប្រើប្រាស់នៅក្នុងវិស័យកសិកម្ម។


ចាប់តាំងពីស.វទី១មក ហ្វូណនគឺទទួលឥទ្ធិពលច្រើនពីឥណ្ឌាដែលក្នុងរួមមាន ប្រព័ន្ធនៃការរៀបចំសង្គម ព្រហ្មញ្ញ និងព្រះពុទ្ធសាសនា សិល្បៈ និងស្ថាបត្យកម្មជាដើម។ ប៉ុន្តែ សិលាចារឹកជាភាសាខ្មែរដំបូងដែលគេរកឃើញនៅអង្គរបុរី (K.600) រាជធានីអាណាចក្រភ្នំ គឺចារឡើងនៅដើមស.វទី៧ ក្នុងឆ្នាំ៦១១ នៃគ.ស។ មិនតែប៉ុណ្ណោះ ស្ថាបត្យកម្មសាសនានៅប្រទេសកម្ពុជាដំបូងគេគឺ ប្រាសាទអាស្រមមហាឬស្សី កសាងនៅចង្កេះភ្នំដា (អង្គរបុរី) មានកាលបរិច្ឆេទចន្លោះស.វទី៥ និងទី៦ ដែលប្រាសាទនេះគឺយកលំនាំទៅតាមស្ថាបត្យកម្មនៅតំបន់ភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រាសាទមួយទៀតគឺស្ថាបនានៅលើកំពូលភ្នំដា ប៉ុន្តែត្រូវបានគេកសាងប្រាសាទនាស.ទី១១ ពីលើជំនួស ដែលមានឈ្មោះថា “ប្រាសាទភ្នំដា”។
ក្រៅពីនេះ យើងឃើញមានសំណង់រូងភ្នំនៅទីនោះ (ភ្នំដា) និងនៅតំបន់ផ្សេងទៀត (កំពត កំពង់ចាម និងកំពង់ធំ) ដែលមានការកសាងប្រាសាទសម្រាប់ឧទ្ទឹសដល់អទិទេពព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា (មហាយាន)។ ចំពោះបដិមាសាស្ត្រវិញ គេបានរកឃើញរូបបដិមាអទិទេពមួយចំនួនគឺ សិវៈលឹង្គ (តំណាងអោយព្រះឥសូរ) ព្រះវិស្ណុ ឬព្រះនារាយណ៍ ព្រះពុទ្ធ ព្រះលោកេស្វរៈ ប្រាជ្ញាបារមី ព្រះគ្រឹស្ណៈ ពលរាម និងព្រះរាម (ដែលសុទ្ធសឹងជាអវតារបស់ព្រះវិស្ណុ ហើយក៏ជាតួអង្គសំខាន់នៅក្នុងរឿងរាមកេរ្តិ៍ និងមហាភារតៈ របស់អក្សរសិល្បិ៍ផងដែរ)។
នៅសម័យហ្វូណន សិលាចារឹកមានចារជាពីរភាសាគឺ សំស្ក្រឹត និងខ្មែរបុរាណ។ សិលាចារឹកសំស្ក្រឹតភាគច្រើនគឺជាពាក្យកាព្យ កម្រងកែវ ដែលពោលសរសើរដើលអទិទេព ព្រះមហាក្សត្រ ឬព្រាហ្មណ៍។ ពាក្យពេចន៍ដែលប្រើប្រាស់ក្នុងសិលាចារឹកសំស្ក្រឹត គឺជាពាក្យសម្រាប់អ្នកដែលមានឋានៈខ្ពង់ខ្ពស់ ហើយអ្នកចារទៀតសោតទាល់តែមានចំណេះដឹងជ្រៅជ្រះ ទើបត្រួតពិនិត្យ និងបញ្ជាអោយគេចារបាន។ ចំពោះសិលាចារឹកភាសាខ្មែរបុរាណវិញ គឺរៀបរាប់ពីការកសាងប្រាសាទ បញ្ជីរាយព្រះនាមព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់ អ្នកភ្លេង អ្នករបាំ ខ្ញុំព្រះដែលធ្វើការ បម្រើដល់ប្រាសាទ និងទ្រព្យសម្បត្តិ ដីធ្លី ដែលជាកម្មសិទ្ធិរបស់ប្រាសាទ៕






ប្រភព៖ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា
热门评论
评论