ដើមត្នោតជារុក្ខជាតិដែលមានប្រយោជន៍ច្រើនជាងគេ
ដើមត្នោតគឺជារុក្ខជាតិមួយប្រភេទដែលមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជាយើង។ ដើមត្នោតមានប្រភពដើមមកពីប្រទេសឥណ្ឌា និងមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីសម័យអង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។

ដើមត្នោតគឺជារុក្ខជាតិម្យ៉ាងដែលមានដើមធំ ត្រង់ ខ្ពស់ និងគ្មានមែកដូចរុក្ខជាតិដ៏ទៃទៀតឡើយ វាអាចមានកម្ពស់ខ្ពស់រហូតដល់១០ម៉ែត្រ ឬខ្ពស់ជាងនេះ ហើយស្លឹករបស់វាស្ថិតនៅលើចុងកំពូល និងមានរាងដូចជាផ្លិត។ ខេត្តដែលសម្បូរដើមត្នោតជាងគេនៅក្នុងប្រទេសកម្ពុជាយើង គឺខេត្ត កំពង់ស្ពឺ។

ត្នោតបានផ្ដល់សារៈប្រយោជន៍ជាច្រើនដល់មនុស្ស។ គេអាចយកវាទៅកែឆ្នៃជារបស់ប្រើប្រាស់ផ្សេងៗ ហើយថែមទាំងអាចយកទៅធ្វើជាចំណីអាហារបានទៀតផង។

សារៈប្រយោជន៍ដែលទទួលបានពីដើមត្នោតមានដូចជា: ទឹកត្នោតដែលគេយកចេញពីផ្ការបស់វាគេអាចយកទៅរំងាស់ធ្វើជាស្ករ ឬយកទៅធ្វើជាទឹកត្នោតជូរសំរាប់ផឹកជំនួសស្រានៅក្នុងកម្មវិធីជប់លៀងផ្សេងៗតាមតម្រូវការ។

ផ្លែត្នោតខ្ចីគេអាចយកទៅស្លរ ឬយកគ្រាប់របស់វាទៅបរិភោគដោយមានរសជាតិផ្អែមឆ្ងាញ់ ថែមទាំងអាចយកទៅធ្វើជាបង្អែមបានទៀតផង។ ចំណែកផ្លែទុំរបស់វាគេអាចយកទៅធ្វើជានំដែលមានក្លិនឈ្ងុយនិងរសជាតិឆ្ងាញ់គួរអោយចង់បរិភោគផងដែរ។


ស្លឹកត្នោត គេអាចយកទៅត្បាញធ្វើជាកន្ទេល មួក កន្ត្រក ស្មុក ប្រក់ផ្ទះ វេចនំ និងសំភារៈប្រើប្រាស់ផ្សេងទៀត។ រីឯដើមរបស់វាវិញគេអាចយកទៅធ្វើផ្ទះ ទូក តុ វែកបាយ វែកសម្លរ និងស្លាបព្រាជាដើម៕
អត្ថបទ: ពេជ្រ វីរៈ
热门评论
评论