ការស្រាវជ្រាវ បុរស ឬស្ត្រីជោគជ័យ ភាគច្រើនអាស្រ័យលើដៃគូគាត់រៀបការជាមួយគ្នា
ពាក្យចាស់បុរាណខ្មែរបានពោលហើយថា “សំណាបយោងដី ស្រីយោងប្រុស” ដែលពាក្យមួយឃ្លានេះគឺបង្ហាញឱ្យឃើញថា មនុស្សស្រីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទៅដល់ភាពជោគជ័យរបស់មនុស្សប្រុស តាមរយៈការជួយគាំទ្រ លើកទឹកចិត្ត ការប្រឹក្សា និងការយកចិត្តទុកដាក់ជាដើម។
យោងតាមការសិក្សាស្រាវជ្រាវដែលចេញផ្សាយដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Carnegie Mellon បានអោយដឹងថាបុគ្គលដែលមានប្តី ឬប្រពន្ធចេះគាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមកគឺ ពួកគេអាចមានឱកាសទទួលបានជោគជ័យខ្ពស់ជាងបុគ្គលធម្មតា។

ក្រោយពេលដែលធ្វើការសិក្សាទៅលើគូស្នេហ៍ដែលបានរៀបការជាមួយគ្នាចំនួន ១៦៣គូ អ្នកចិត្តសាស្ត្របានរកឃើញថា គូស្នេហ៍ដែលចេះគាំទ្រលើកទឹកចិត្តគ្នាទៅវិញទៅមក គឺធ្វើឱ្យពួកគេអាចប្រឈមមុខបានខ្ពស់ ជាមួយនឹងឧបសគ្គធំៗ អាចអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែរីកចម្រើន ជីវិតមានសុភមង្គល និងសុខុមាលភាពផ្លូវចិត្ត។ ។
ជាក់ស្ដែងសម្រាប់អតីតប្រធានាធិបតីទី៤៤របស់សហរដ្ឋអាមេរិកគឺលោក បារ៉ាក់ អូបាម៉ា លោកបានឱ្យតម្លៃយ៉ាងខ្លាំងចំពោះភរិយារបស់លោក ហើយលោកមានប្រសាសន៍ថាភាពជោគជ័យរបស់លោកគឺដោយសារតែមានភរិយាខ្លួនជាអ្នកជួយជ្រោមជ្រែង។ លោកបានបន្ថែមថា ជាក់ស្តែងខ្ញុំប្រហែលជាមិនអាចធ្វើអ្វីដែលខ្ញុំធ្លាប់បានធ្វើនោះទេ បើសិនជាគ្មាន Michelle ដែលជាភរិយារបស់លោក។ Michelle តែងតែប្រាប់រឿងដែលលោកត្រូវធ្វើអ្វីដែលធ្វើឱ្យលោកចេះរក្សាតុល្យភាពជីវិត, អ្វីដែលគួរធ្វើដើម្បីដោះស្រាយជាមួយនឹងសម្ពាធផ្សេងៗ។
ដោយឡែក សម្រាប់លោក Mark Zuckerberg ក៏ធ្លាប់បានឡើងថ្លែងសន្ទរកថាមួយនៅសាលាហាវើដ ហើយលោកបានលើកឡើងថា ភរិយារបស់លោក Priscilla Chan បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ភាពជោគជ័យរបស់លោក។ Priscilla Chan គឺបានបង្រៀនឱ្យលោកចាប់ផ្ដើម ចំណាយពេលវេលាមួយផ្នែករបស់ខ្លួនចូលរួមក្នុងការងារស្ម័គ្រចិត្ត និង ចូលរួមក្នុងកិច្ចការងារសង្គមផ្សេងៗ។ នាងគឺជាមនុស្សដ៏សែនសំខាន់បំផុតមួយនៅក្នុងជីវិតរបស់លោក។
ជារួមមកវិញ យើងអាចសន្ឋិដ្ឋានបានថា មនុស្សស្រីគឺពិតជាកាតាលីករ (កម្លាំងជំរុញ) ដ៏សំខាន់ ក្នុងការជួយជ្រោមជ្រែងទៅដល់ភាពជោគជ័យរបស់មនុស្សប្រុស។ ប៉ុន្តែមនុស្សប្រុសក៏ជាមនុស្សដ៏សំខាន់ក្នុងការជួយលើកទឹកចិត្ត ជួយជំរុញ គាំទ្រ ជួយប្រឹក្សាដល់ភរិយារបស់ខ្លួន ដើម្បីភាពជោគជ័យរបស់ភរិយាផងដែរ។ ដូច្នេះក្នុងនាមជាប្ដីប្រពន្ធ យើងគួរតែតាំងខ្លួនប្រៀបបីដូចជាដៃស្ដាំដែលត្រូវការដៃឆ្វេង ដើម្បីជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដើម្បីដើរឆ្ពោះទៅរកត្រើយសុភមង្គលជាមួយគ្នា។
ជីវិតជាប្ដីប្រពន្ធ មិនមែនជាគូសត្រូវដែលអង្គុយចាំតែចាប់កំហុស រិះគន់ចំណុចខ្វះខាត ឬស្ដីបន្ទោសឱ្យគ្នានោះទេ។ ប៉ុន្តែប្ដីប្រពន្ធត្រូវចេះរកចំណុចខ្វះខាតរបស់ដៃគូ រួចធ្វើការចូលរួមកែលម្អគ្នាទៅវិញទៅមក ទើបអាចកសាងនូវសម្បុកសុភមង្គលនៅក្នុងគ្រួសាររបស់ខ្លួនបាន។ នៅក្នុងជីវិតជាក់ស្ដែង មិនខ្វល់ថាអ្នកទទួលជោគជ័យក្នុងអាជីពការងារ ឬមុខជំនួញខ្លាំងប៉ុណ្ណានោះទេ ប្រសិនបើជីវិតគូ (គ្រួសារ) អ្នកបរាជ័យហើយនោះ អ្នកក៏នឹងបាត់បង់នូវសុភមង្គលដ៏ធំផងដែរ។

热门评论
评论