ហាមចិញ្ចឹមដាច់ខាតចំពោះសត្វដែលមានសណ្ឋានចម្លែកទាំងនេះ ព្រោះវាអាចនាំគ្រោះចង្រៃដល់យើងបាន
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរយើង គឺតែងតែនិយមចិញ្ចឹមសត្វមួយចំនួនដូចជា ឆ្កែ ឆ្មា មាន់ ទា ជ្រូក គោ ក្របីជាដើម។ ប៉ុន្តែបើតាមចាស់ៗជំនាន់មុនពួកគាត់មានជំនឿថា ការចិញ្ចឹមសត្វអាចនាំមកនូវលាភសំណាង ឬក៏គ្រោះអាក្រក់ផងដែរ។ ចាស់ៗតែងតែហាមកូនចៅមិនឲ្យចិញ្ចឹមសត្វមួយចំនួនដែលមានសណ្ឋានចម្លែកដូចខាងក្រោម ព្រោះវាអាចនាំឲ្យកើតគ្រោះចង្រៃ និងកើតមានបញ្ហារមិនចេះចប់មិនចេះហើយនៅក្នុងសង្គមគ្រួសារបាន។

១. សត្វគោដែលមានក្រយៅក្រឡាច់៖ សត្វគោគឺជាសត្វដែលមានចរឹកលក្ខណៈស្លូតបូត និងជាកម្លាំងអូសទាញដ៏សំខាន់នៅក្នុងរបរធ្វើស្រែចម្ការ។ ប៉ុន្តែបើតាមជំនឿរបស់ដូនតាខ្មែរយើង គឺគាត់ហាមមិនឲ្យចិញ្ចឹមសត្វគោដែលមានក្រយៅក្រឡាច់ជាដាច់ខាត ពីព្រោះវាអាចបណ្ដាលឲ្យកើតមាននូវឧបទ្រពចង្រៃដល់ក្រុមគ្រួសារ រកស៊ីមិនឡើង កូនចៅអាចនិងមានជំងឺឈឺស្កាត់ជាដើម។

២. ឆ្កែកន្ទុយខ្វៀន៖ សត្វឆ្កែកន្ទុយខ្វៀនបើតាមជំនឿរបស់ចាស់ៗជំនាន់មុនគាត់ហាមមិនឲ្យចិញ្ចឹមជាដាច់ខាត ព្រោះឆ្កែកន្ទុយខ្វៀនជាប្រភេទសត្វដែលបន់ឲ្យម្ចាស់ឆាប់ស្លាប់នឹងអាលបានស៊ីសាច់ជាអាហារ ដូច្នេះហើយទើបចាស់ៗជំនាន់មុនហាមមិនឲ្យចិញ្ចឹមឆ្កែកន្ទុយខ្វៀន។

៣. ជ្រូកក្រចកប្រាំ៖ សត្វជ្រូកជាទូរទៅគឺមានក្រចកបួន មុខពីរ ក្រោយពីរ ប៉ុន្តែបើប្រទះឃើញវាមានក្រចកប្រាំ សូមកុំយកវាទៅចិញ្ចឹមជាដាច់ខាត ព្រោះថាអ្នកណាដែលចិញ្ចឹមជ្រូកក្រចកប្រាំនេះ គឺរស់នៅពុំបានសុខឡើយ។ ក្នុងគ្រួសារអាចនឹងកើតមានជម្លោះ កូនចៅមានជំងឺដង្កាត់មិនចេះចប់មិនចេះហើយជាដើម។

៤. ឆ្មាកូនមួយ៖ បើតាមជំនឿរបស់ដូចតាយើង ដាច់ខាតមិនឲ្យចិញ្វឹមសត្វឆ្មាដែលមានកូនមួយនេះឡើយ ព្រោះវាអាចនាំរឿងមិនល្អដល់សង្គមគ្រួសារ។ ជាទូរទៅសត្វឆ្មាគឺមានកូនចាប់ពីពីរក្បាលឡើងទៅ តែបើវាមានកូនតែមួយ ត្រូវយកវាទៅលែងនៅក្នុងវត្តអារាម ឲ្យវាស៊ីបាយវត្ត ទើបអាចបញ្ចៀសគ្រោះចង្រៃផ្សេងៗបាន៕
អត្ថបទ: ពេជ្រ វីរៈ
热门评论
评论