តើពូជមាន់ក្នុងស្រុក និងពូជមាន់នាំចូលមានភាពខុសគ្នាដូចម្ដេច?
នៅក្នុងប្រទេសកម្ពុជាយើងកំពុងពេញនិយមខ្លាំងក្នុងការចិញ្ចឹមមាន់យកសាច់ និងស៊ុតសម្រាប់លក់នៅលើទីផ្សារ។ តើអ្នកដឹងទេថា ការចិញ្ចឹមមាន់សាច់និងមាន់យកស៊ុតគេត្រូវជ្រើសរើសពូជវាយ៉ាងដូចម្ដេចខ្លះ? ហើយពូជមាន់នៅក្នុងប្រទេសយើងមានប៉ុន្មានប្រភេទ?

ជាទូរទៅនៅតាមទីស្រុកស្រែចម្ការ ប្រជាកសិករយើងគឺនិយមចិញ្ចឹមពូជមាន់ក្នុងស្រុកច្រើនជាងពូជមាន់នាំចូល ប៉ុន្តែនៅតាមកសិដ្ឋានចិញ្ចឹមមាន់ធំៗគេចូលចិត្តចិញ្ចឹមមាន់នាំចូលជាងមាន់ក្នុងស្រុក។ ខាងក្រោមគឺជាការណែនាំអំពីពូជមាន់ក្នុងស្រុក និងពូជមាន់នាំចូល៖
១. ពូជមាន់ក្នុងស្រុក: ពូជមាន់ក្នុងស្រុកមានដូចជា មាន់កណ្ដូង មាន់សំពៅ មាន់ក្រញាស មាន់ស្គួយ និងមាន់ចែ។
២. ពូជមាន់នាំចូល: ពូជមាន់នាំចូលមកពីក្រៅប្រទេសមានពីរប្រភេទគឺ ពូជមាន់ចិញ្ចឹមយកសាច់ និងពូជមាន់ចិញ្ចឹមយកស៊ុត។ ពូជមាន់ចិញ្ចឹមយកសាច់មានដូចជា ភ្លីមុត រ៉ូតអាយសិន ប៉ាភីម៉ារ៉ុក និង អូស្ត្រាលប។ ចំណែកពូជមាន់ចិញ្ចឹមយកពងមាន អុីសាប្រោនឡឺកន។
៣. ភាពខុសគ្នារវាងពូជមាន់ក្នុងស្រុក និងពូជមាន់នាំចូល: ពូជមាន់ក្នុងស្រុក និងពូជមាន់នាំចូលមានគុណសម្បត្តិ និងគុណវិបត្តិម្យ៉ាងម្នាក់។ ពូជមានក្នុងស្រុកគឺមានលក្ខណៈសមស្របជាមួយលក្ខខណ្ឌបរិស្ថាន ធន់និងជំងឺ ធន់នឹងអាកាសធាតុ មិនរើសចំណី អាចក្រាបពងដោយខ្លួនឯងបាន ប៉ុន្តែវាមានខ្លួនតូច ការលូតលាស់យឺត និងផ្ដល់ពងបានតិច ប្រមាណជា ៦០ គ្រាប់តែប៉ុណ្ណោះក្នុងមួយឆ្នាំ។ រីឯពូជមាន់នាំចូលវិញគឺមានលក្ខណៈ មិនធន់នឹងលក្ខខណ្ឌបរិស្ថាន ងាយទទួលរងជំងឺ រើសចំណី មិនសមស្របសម្រាប់ការចិញ្ចឹមជាលក្ខណៈគ្រួសារ ចំណាយទន់ច្រើន និងទាមទារឲ្យមានបច្ចេកទេសខ្ពស់ក្នុងការចិញ្ចឹម ប៉ុន្តែវាអាចធំធាត់លឿន និងផ្ដល់ស៊ុតបានច្រើនជាងពូជមាន់ក្នុងស្រុក៕
អត្ថបទ៖ ពេជ្រ វីរៈ
热门评论
评论