តោះថ្ងៃនេះមកអានរឿងបែបកំប្លែងម្តង
រឿង អាបឿន
មានកងពលទាហានមួយក្រុមបានចុះល្បាតព្រៃដោយសារមួយរយៈមកនេះ មានអ្នកលុកលុយកាប់ដើមឈើក្នុងព្រៃដោយឥតញញើតដៃ។ដោយសារតែក្នុងក្រុមមានសុទ្ធតែមនុស្សប្រុស ទើបលោកមេបញ្ជាការបានបញ្ជាឱ្យកូនចៅធ្វើម្ហូប ឱ្យបានម្នាក់មួយមុខដើម្បីស្វែងរកអ្នកធ្វើម្ហូបឆ្ងាញ់ប្រចាំក្រុម។បន្ទាប់ពីពិភាក្សាគ្នារួចម្នាក់ៗក៏ប្រញាប់បញ្ចេញស្នាដៃធ្វើម្ហូបរៀងៗខ្លួន។មួយសន្ទុះក្រោយមកម្ហូបជាច្រើនមុខបានរៀបចំដាក់លើតុរួចជាស្រេច។ មេបញ្ជាការក៏ចាប់ផ្ដើមភ្លក់ម្ហូបម្ដងមួយមុខៗបន្តិចក្រោយមកស្រាប់តែលាន់មាត់ស្រែកវាស"យី! ឆាត្រកួនហ្នឹង អាណាអ្នកឆាវើយ? " គ្រាន់តែឮសំឡេងស្រែកដូចខ្លាគ្រហឹម ម្នាក់ៗស្ងាត់មាត់ឱនមុខជ្រប់ ទាល់តែមេបញ្ជាការគំហកម្ដងទៀត " នែ!ពួកហ្អែងមិនឮអញសួរទេហ្អី?ម៉េចមិនឆ្លើយ? " កូនទាហាននៅអេះអុញបន្តិចទើបលេចបុរសម្នាក់ចេញមុខឆ្លើយ៖
- បាទ!មេ ខ្ញុំជាអ្នកឆាទាន!
- យី...អើ!ឆាឆ្ងាញ់គ្រាន់បើហ្អែង លើកក្រោយឆាឱ្យអញស៊ីទៀត!
ម្នាក់ៗដកដង្ហើមធំធូរទ្រូងពីភាពតានតឹង។ បន្តិចក្រោយមកស្រាប់តែឮមេបញ្ជាការសួរទៀត " ចុះសម្លម្ជូរត្រកួនអាណាអ្នកស្លរ? " លើកនេះលឿនគ្រាន់បើ ពីព្រោះមានបុរសម្នាក់ឈ្មោះបឿនលើកដៃជំនួសម្ចាស់ម្ហូបដែលពួនមិនហ៊ានឆ្លើយ…។ " បាទ!មេ ខ្ញុំជាអ្នកស្លរទាន! "បុរសម្នាក់នោះខំឆ្លើយទាំងញញឹមឌឺអ្នកក្នុងក្រុមព្រោះសង្ឃឹមថាមេសរសើរដូចអម្បាញ់មុិញ តែមានអី....! " ធ្វើយ!ស៊ីមិនកើតសោះ ចាក់ឱ្យឆ្កែស៊ីឆ្កែវាមិនស៊ីផងហា៎ "
អ្នកផ្សេងៗទៀតក៏ផ្ទុះសំណើចឡើង(សមមុខហើយអាបឿនអ្ហែង)នឹងការអែបអបចង់បានមុខមាត់ជ្រុលទាំងដែលមិនមែនជាម្ហូបរបស់ខ្លួន។
បន្ទាប់ពីបរិភោគអាហារថ្ងៃត្រង់រួចរាល់ ម្នាក់ៗកំពុងដេកតម្រង់ខ្លួនក្នុងអង្រឹងស្រាប់តែភាយក្លិនផោមអ្នកណាមិនដឹងស្អុយឱ្យដូចគម្រង់ខ្មោច ពេលនោះមានកូនទាហានម្នាក់លាន់មាត់ " ចុះអាណាផោមអត់មារយាទម្ល៉េះវើយ!អត់ឃើញមនុស្សកំពុងដេកពេញហ្នឹងទេហ្អី? ភ្លាមនោះស្រាប់តែមេបញ្ជាការស្រែកឡើង " ផោមអញ!អាណាស្អុយខ្លះមិញ?" អាបឿនមាត់នៅមិនសុខក៏រមាស់មាត់ឆ្លើយវឹង " បាទមេ!មិញអាមេនអ្នកស្រែកថាអាណាផោមវើយស្អុយដូចគម្រង់!" ហើយមេបញ្ជាការក៏សួរទៅអាបឿនវិញថា" ចុះអ្ហែងស្អុយដូចអាមេនថាអត់អាបឿន? "
អាបឿនឆ្លើយវឹងមិនឱ្យមេចាំយូរ" បាទមេ!អត់មានស្អុយទេ ក្រអូបណាស់ទាន! " ស្រាប់តែមេផ្ទុះសំណើចរួចនិយាយ " យី!អានេះ អញផោមស្អុយប៉ុណ្ណឹងហើយវានៅថាក្រអូបទៀត ម៉ាអាភ្លើ!ល្ងាចហ្នឹងមិនបាច់ទៅដើរល្បាតទេពីរនាក់ហ្អែង ទៅអាវ៉ង់ដីម្នាក់ឱ្យបាន៣០ជុំឱ្យអញ ឮនៅ?" បាទទាន!" អាបឿនឆ្លើយទៅកានមេ។ បន្ទាប់ពីមេទៅបាត់គ្រប់គ្នាក៏លាន់មាត់សើច ហើយចំអកឱ្យអាបឿនថា" ហ្នឹងហើយអ្ហែងនៅមិននៅរករឿងដាក់ខ្លួន ចេះណាស់អាចេះ"។
បីថ្ងៃកន្លងផុតទៅកងទាហានទាំងអស់ក៏បានត្រឡប់ទៅកាន់បន្ទាយវិញ ដើម្បីទទួលការសរសើរនិងលើកមុខមាត់។
និយាយពីអាបឿន ដែលជាមនុស្សចូលចិត្តធ្វើអ្វីយកមុខយកមាត់ ជាងគេក៏ប្រញាប់រូតរះក្រោករៀបចំខ្លួនតាំងពីម៉ោង៥ភ្លឺឯណោះដើម្បីទៅឈរតម្រង់ជួរឱ្យបានមុនគេ។លុះដល់មកគ្រប់គ្នាអស់ហើយមេបញ្ជាការក៏ដើរត្រួតពិនិត្យម្ដងម្នាក់ៗ ស្រាប់តែឈប់ងក់នៅពីមុខអាបឿនហើយសួរ " អាបឿន ចុះមួកអ្ហែងបាត់ទៅណា?" អាបឿនធ្វើមុខឡេងឡង់ហាក់មិនយល់អ្វីដែលមេសួរហើយក៏ឆ្លើយទៅកាន់មេ " បា..បាទមេ!មួកនៅលើក្បាលតើមេ!" ខណៈនោះគ្រប់គ្នាបែរជាផ្ទុះសំណើចរួមទាំងមេបញ្ជាការផងដែរ!" មួកអ្ហែងបានមកពីណា ពណ៌ឥន្ទធនូហ្នឹងហ្អាសអាបឿន?" មេបញ្ជាការសួរទៅកាន់អាបឿធ្វើឱ្យអាបឿនភ័យហើយក៏ដោះមួកយកមកមើលស្រាប់តែ....មិនមែនមួកទេ!គឺ....លីអូពណ៌ឥន្ទធនូដែលគ្របហាលលើមួកយប់មិញទេតើ។

(រូបតំណាង)
អត្ថបទដេីមដោយ៖រឿងខ្លីៗ
热门评论
评论