ការសិក្សា៖ ទប់ស្កាត់ការបញ្ចេញមេតានជាវិធីល្អបំផុត ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ

រូបថត Pixabay
ដោយ: ឈួន ឈីវអុីង
តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របរិស្ថាន ការទប់ស្កាត់ការបំភាយឧស្ម័នមេតាន (CH4) ទៅក្នុងបរិយាកាស គឺជាវិធីដែលល្អបំផុត ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ ស្របតាមគោលដៅ គ្មានការបំភាយឧស្ម័នផ្ទះកញ្ចក់ នាឆ្នាំ២០៥០ របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។
មេតាន គឺជាឧស្ម័នដែលរួមចំណែកដល់ការកើនឡើងកម្តៅសកលខ្លាំងជាងឧស្ម័នកាបូនឌីអុកស៊ីត (CO2) ប្រមាណ ៨០ដងឯណោះ ក្នុងរយៈពេល២០ឆ្នាំ។ យ៉ាងណាមិញ មេតានឆាប់រលាយក្នុងបរិយាកាសជាង ឧស្ម័នកាបូនឌីអុកស៊ីត ហើយវាក៏ងាយស្រួលកាត់បន្ថយការបំភាយជាងឧស្ម័នកាបូនឌីអុកស៊ីតដែរ។ ហេតុនេះហើយទើបការទប់ស្កាត់ការបំភាយមេតាន ក្លាយជាវិធីដែលមានប្រសិទ្ធភាពលឿនបំផុត ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុដើម្បីឈានដល់សម្រេចគោលដៅគ្មានការបំភាយឧស្ម័នផ្ទះកញ្ចក់នាឆ្នាំ២០៥០ ខាងមុខ។
ទាក់ទិននឹងប្រភពនៃការបំភាយឧស្ម័នមេតាន វាត្រូវបានកើតឡើងដោយធម្មជាតិ ៤០ភាគរយ ខណៈ ៦០ភាគរយទៀត ចេញពីសកម្មភាពមនុស្ស។ វិស័យកសិកម្ម គឺជាប្រភពធំជាងគេនៃការបញ្ចេញឧស្ម័នមេតាន ដែលបង្កដោយសកម្មភាពមនុស្ស។ ការចិញ្ចឹមសត្វគោ ក្របី និងសត្វផ្សេងៗទៀត បានចូលរួមចំណែកបំភាយឧស្ម័នមេតានប្រមាណ ១៤៤លានតោន ក្នុងមួយឆ្នាំៗ។ នេះដោយសារការធ្វើប្រតិកម្មគីមីក្នុងពេលរំលាយអាហារ បានបញ្ចេញឧស្ម័នមេតានទៅក្នុងបរិយាកាស។ មេតានត្រូវបានបំបែកពីពពួករុក្ខជាតិ និងស្មៅ ដែលសត្វចិញ្ចឹមទាំងនោះស៊ី។
មួយវិញទៀត វិស័យថាមពល គឺជាវិស័យបន្ទាប់ដែលបង្កឱ្យមានមេតានក្នុងបរិយាកាស។ ក្នុងឆ្នាំ ២០២០ រោងចក្រដើរដោយចំហេះធ្យូងថ្ម និងប្រេងឥន្ធនៈ បានបញ្ចេញមេតានប្រហែល ១៣៤ លានតោនឯណោះទៅក្នុងបរិយាកាស។ ការបំភាយមេតានជាច្រើនជារៀងរាល់ឆ្នាំ ជាលទ្ធផលនៃការគ្រប់គ្រងមិនបានល្អ ដែលពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធហួសកាលបរិច្ឆេទ និងគ្មានប្រសិទ្ធភាព។
ដើម្បីកាត់បន្ថយឧស្ម័នមេតាន ក៏ដូចជាកាត់បន្ថយការប្រែប្រួលអាកាសធាតុ វាមានដំណោះស្រាយមួយចំនួន ដែលអាចធ្វើទៅបាន។ ដំណោះស្រាយទាំងនោះមានចាប់តាំងពីការផ្លាស់ប្តូររបបចំណីរបស់សត្វចិញ្ចឹម គោ ក្របី ក៏ដូចជាការផ្លាស់ប្តូរប្រេង និងឧស្ម័ន ក្នុងសម្ភារប្រើប្រាស់អេឡិចត្រូនិចដែលហួសកាលបរិច្ឆេទជាដើម។ ចំពោះប្រទេសអ្នកនាំចូលឧស្ម័ន គួរតែពង្រឹងវិធានការគ្រប់គ្រង និងត្រួតពិនិត្យការបញ្ចេញឧស្ម័នមេតានពីអាជីវកម្មរបស់ខ្លួនផងដែរ៕
ប្រភព៖ ការសិក្សា៖ ទប់ស្កាត់ការបញ្ចេញមេតានជាវិធីល្អបំផុត ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ
热门评论
评论