តើអ្នកដឹងទេ! ថាហេតុអ្វីបានជា “តាកំប៉ោង” ពេញនិយមក្នុងចំណោមជនជាតិមួយនេះ?
“តាកំប៉ោង” នៅស្រុកចិនគេតែងហៅ ទេវតាប៊ូដាយ (Laughing Buddha ) ជាបដិមាមួយពេញនិយមបំផុតសម្រាប់លើកហុងស៊ុយក្នុងគេហដ្ឋាន និងរបររកស៊ីនានា។ “តាកំប៉ោង” ត្រូវបានជនជាតិចិន និងអ្នកជាប់សែស្រឡាយចិន ចាត់ទុកជាទេវតារីករាយ នាំមកនូវសំណើចពេញគ្រួសារ ភាពបរិបូរណ៍ ភាពរុងរឿង និងភាពសំបូរសប្បាយដល់គេហដ្ឋាន និងជំនួញ។

(ក). ហុងស៊ុយនៃតាកំប៉ោង
“តាកំប៉ោង” ច្នៃពីគជ់ពណ៌បៃតងតំណាងឱ្យធាតុឈើ ជានិមិត្តរូបនៃចំណងមេត្រីភាពរឹងមាំ និងការរីកចម្រើនក្នុងគ្រួសារ។
បើឆ្លាក់វាពីថ្មឬឈើ មានពណ៌ត្នោត តំណាងឱ្យធាតុដី ដែលអត្ថន័យនឹងមានស្ថេរភាពហិរញ្ញវត្ថុ ព្រមជាមួយនឹងការរកស៊ីអាចឈរជើងរឹងមាំយូរអង្វែង។
ប្រសិន “តាកំប៉ោង” មានពណ៌ក្រហម តំណាងឱ្យធាតុភ្លើង ជានិមិត្តរូបនៃស្មារតីផុសផុល រួមនឹងបំណងប្រាថ្នាដែលអាចសម្រេចក្នុងពេលឆាប់ៗ។
រីឯរូបដែលមានលាបពណ៌ខ្មៅ តំណាងឱ្យធាតុទឹក ក្នុងជំនឿ វាអាចជួយបង្កើនបញ្ញា ប្រាជ្ញាវាងវៃ និងជំរុញថាមពលផ្លូវចិត្ត។ ដោយឡែក “តាកំប៉ោង” ធ្វើពីលោហៈ កញ្ចក់ឬកែវ ពណ៌ស តំណាងឱ្យធាតុដែក។ វាជានិមិត្តរូបនាំនូវភាពរីករាយ និងភាពស្រស់ថ្លា។

(ខ). ទីតាំងហុងស៊ុយនៃតាកំប៉ោង
១. ច្រកចូលផ្ទះ
ច្រកចូលផ្ទះ ជាកន្លែងដ៏ល្អសម្រាប់តាំង “តាកំប៉ោង” ពីព្រោះតំបន់នេះតំណាងឱ្យរាសីនៃម្ចាស់លំនៅ។ ការដាក់ “តាកំប៉ោង” នៅទីនេះ មានន័យថា អ្នកកំពុងអញ្ជើញភាពរុងរឿង ភាពរីករាយ និងសំណើចចូលក្នុងជីវិត និងគ្រួសារផងដែរ។
នៅក្នុងក្បួនហុងស៊ុយ តុឬបន្ទប់ធ្វើការនៅផ្ទះ តំណាងឱ្យអាជីពរបស់អ្នកទាំងស្រុង។ ដូច្នេះអ្នកអាចដាក់តាំង “តាកំប៉ោង” នៅលើតុ ដើម្បីហៅភាពរុងរឿងចូលក្នុងអាជីពឱ្យលូតលាស់ដោយរលូន។

២. បន្ទប់ទទួលភ្ញៀវ
ដាក់រូបបដិមា “តាកំប៉ោង” ក្នុងបន្ទប់ទទួលភ្ញៀវ ជាប្រផ្នូលហៅភាពបរិបូរណ៍ និងបន្ថែមសុភមង្គលដល់សមាជិកទាំងអស់។
៣. បន្ទប់សមាធិ
បន្ទប់ឬកន្លែងសមាធិ ជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីដាក់វត្ថុដែលមានអត្ថន័យខាងវិញ្ញាណក្នុងនោះរួមទាំងរូបរបស់ “តាកំប៉ោង” ផងដែរ។ ប្រសិនដាក់លើអាសនៈ ឬដាក់ក្បែរកន្លែងសមាធិ នោះជានិមិត្តរូបនូវការសម្រេចបំណងប្រាថ្នា៕
热门评论
评论