រឿង វេទមន្តស្នេហ៍សណ្ដំបេះដូង ភាគទី ២~៣ តចប់ (រឿងប្រលោមលោក)
"នាងគិតថានាងកំពុងធ្វើអី” កែវភ្នែកមាំជ្រិមព្រមទាំងសួរដោយសំឡេងត្រជាក់ ។
តែថា ផ្លរៀ បែរជាមិនខ្លាចក្រែងអីបន្តិច ដៃតូចដាក់កែវទៅលើតុក្បែរគ្រែ បន្ទាប់ពីនោះក៏ឆក់យកទូរសព្ទពីដៃគេ ។
"លោកអ៊ំ ទីនេះខ្ញុំចាត់ការបាន លោកអ៊ំទុកចិត្តចុះ” និយាយចប់នាងក៏ដាក់ទូរស័ព្ទចុះ ។
ទង្វើរបស់នាងធ្វើឲ្យ ចូអេល មិនពេញចិត្តយ៉ាងខ្លាំង សំឡេងត្រជាក់ក្លាយជាឆេះឆួល ។
"នាងដឹងខ្លួនអត់ហា៎? ថាខ្លួនឯងកំពុងធ្វើស្អី!”
"ធ្វើឲ្យលោកត្រជាក់” រាងតូចដាក់គូទលើកៅអីក្បែរគ្រែ ព្រមទាំងឱបដៃមើលគេ ។
"ត្រជាក់?” ទឹកដែលចាក់លើក្បាលគេមិនបានធ្វើឲ្យគេត្រជាក់ផ្ទុយទៅវិញមានតែធ្វើឲ្យចិត្តគេងំដោយរងើកភ្លើង
"នាងគិតថានាងជាអ្នកណា យកសិទ្ធិស្អីមកចាក់ទឹកលើក្បាលខ្ញុំ”
"វាសំខាន់ណាស់ឬយ៉ាងម៉េចនឹងការចាក់ទឹកដាក់លោក បើខ្ញុំមិនធ្វើបែបនេះលោកគិតចង់និយាយចាក់ដោតចិត្តលោកអ៊ំ លី យូរប៉ុណ្ណាទៀត”
ចូអេលជន់ទឹកមាត់នឹងសម្តីរបស់នាង ខួរក្បាលដែលណែនដោយកំហឹងក៏រសាយ ។
"ខ្ញុំមិនចាប់អារម្មណ៍ទេថាលោកព្រមចាញ់ និង បោះបង់ខ្លួនឯង តែលោកអ៊ំមិនដែលព្រមចាញ់ និង បោះបង់លោកសូម្បីតែ១នាទី លោកធ្វើពុតជាលេងល្ខោន ឬ ស្អីក៏ដោយ តែកុំព្រួសពាក្យពិសអស់នោះដាក់លោកអ៊ំទៀត គាត់បារម្ភពីលោកពិតមែន បើលោកនៅដឹងខុសត្រូវខ្លះគឺកុំធ្វើបែបនោះដាក់គាត់ទៀត”
តាំងពីបានឮប្រយោគដំបូងរបស់នាង គេក៏ដឹងថាខ្លួនឯងធ្វើខុសហើយ សម្តីរបស់នាងដូចឈើដែលគោះក្បាលគេ តឿនមនុស្សអាត្មានិយមដូចជាគេឲ្យបានសតិ ។
គិតដល់លោកពូដែលចិញ្ចឹមបីបាច់ថែរក្សាគេតាំងពីតូចដល់ធំរហូតដល់ខ្លួនឯងមិនបានរៀបការមានប្រពន្ធកូន អារម្មណ៍ដឹងខុសក៏បោកបាចចូលមកក្នុងចិត្ត និង រអៀសចិត្តនឹងពាក្យពិសរបស់ខ្លួនដែលនិយាយអម្បាញ់មិញ ។
ឃើញគេស្ងៀមហើយ ផ្លរៀ ក៏មានអារម្មណ៍ចម្លែកចិត្ត ដើមឡើយគិតថាមនុស្សអាត្មានិយម គិតខ្លួនឯងជាធំដូចគេគ្មានថ្ងៃខ្វល់ពីអារម្មណ៍អ្នកដទៃ និងមិញនេះនាងខឹងរហូតដល់ព្រមានគេមួយសម្រាស់ ក៏មិនបានសង្ឃឹមថាគេស្តាប់បង្គាប់ ស្មានមិនដល់ថាប្រុសទំនើង និង ឆេវឆាវមានការវិវឌ្ឍច្រើនជាងការគិត យ៉ាងហោចណាស់ ក៏ដឹងថាខ្លួនឯងធ្វើខុសអី មើលទៅអាម្សៀនេះមិនយ៉ាប់ដូចការគិតរបស់នាងទេ... គិតដល់ត្រង់នេះចិញ្ចើមរៀវស្អាតក៏រសាយ បន្ទាប់ពីនោះទើបលើកថាសអាហារមកដាក់ពីមុខគេ ។
"អាហារពេលព្រឹករបស់លោក ញ៉ាំទៅ”
បន្ទាប់ពីបានសតិ ចូអេល មើលថាសអាហារដែលគួរតែមានអាហារពេលព្រឹកហៃសូ តែបែរជាបបរគ្រឿង១ចាន ចិញ្ចើមក្រាស់ជួញចូលគ្នា។
"នេះជាស្អី”
"បបរគ្រឿង កុំប្រាប់ណាថាលោកមិនធ្លាប់ញ៉ាំ” គឺអាចទៅរួចក្នុងពេលដែលគេជាអ្នកប្រុសដែលពាំដុំមាសដុំប្រាក់ចេញពីពោះម៉ែ ។
"ធ្លាប់” គេសម្លក់នាងស្រីម្នាក់នេះចាត់ទុកគេជាមនុស្សយ៉ាងម៉េច "តែអ៊ំស្រី វ៉ាង គ្មានផ្លូវធ្វើបបរគ្រឿងឲ្យខ្ញុំទេ”
ពេលចូលដេកពេទ្យ រាងកាយរបស់គេខ្សោយខ្លាំងណាស់ កម្លាំងមានតិចជាងក្មេង៣ខួបទៅទៀត ពេលនោះគឺញ៉ាំតែបបរ ទ្រលាន់ដល់ថ្នាក់ពេលនេះឃើញហើយចង់ក្អួតចេញមក នាងចង់ឱ្យគេញ៉ាំអានេះទៀតឬ
"អ៊ំស្រី វ៉ាង ចេញទៅក្រៅ បបរនេះខ្ញុំជាអ្នកធ្វើ”
"នាងអ្ហេ៎ស?” គេមើលបបរដោយទឹកមុខញញើត ហើយងើយមើលមុខនាង ។
ឃើញទឹកមុខគេហាក់ដូចខ្លាចនាងដាក់ថ្នាំពុល ទើបអត់សម្លក់គេមិនបាន ។
"ទុកចិត្តចុះ ខ្ញុំមិនបានដាក់ថ្នាំពុលទេ ដែលលោកមានសភាពបែបនេះគឺមិនបានខុសអីពីការត្រូវថ្នាំប៉ុន្មានដែរ”
"នាង...”
ស្រីនេះរករឿងបេះបួយគេបានរហូតមែន "យកចេញ!
ខ្ញុំមិនញ៉ាំ”
ផ្លរៀ លើកចិញ្ចើមសួរដោយសំឡេងនឿយៗ ។
"មើលទៅខ្ញុំដូចជាភ្លេចប្រាប់លោក ចាប់ពីថ្ងៃនេះទៅអាហារបីពេលរបស់លោក ខ្ញុំជាអ្នកលើកមក លោកត្រៀមចិត្តទុកទៅ”
ឮដូច្នោះ ចូអេល ក៏សម្លឹងនាងដោយកំហឹង ។
"ឈប់សម្លឹងខ្ញុំបានហើយ មើលខ្ញុំក៏មិនបានធ្វើឲ្យលោកឆ្អែតដែរលោកឆាប់ញ៉ាំបបរទៅ យើងនៅមានរឿងត្រូវធ្វើទៀត” និយាយចប់នាងក៏ដួលភ្លង់មាត់គេ ។
នាងគ្រាន់តែចង់ឲ្យគេឆាប់ញ៉ាំ ដើម្បីកុំឲ្យខាតពេល តែ ចូអេល បែរជាមិនសហការ មួយម៉ាត់ដំបូងមិនទាន់បានលេបស្រួលបួលផង ឃើញនាងបញ្ចុកបន្តក៏បែរមុខចេញភ្លាម។
"មិនបាច់បញ្ចុកទេ ខ្ញុំប្រាប់ហើយថាមិនញ៉ាំ”
"លោកចង់គ្រវែងចោលឬ” ផ្លរៀ ជ្រិមភ្នែក មុននឹងតឿនរាបៗ
"បើលោកញ៉ាំ១ចាននេះមិនអស់ តទៅអាហារបីពេលរបស់លោកគឺមានតែបបរ"
នាងស្អប់អ្នកណាដែលខ្ជះខ្ជាយបំផុត ។
"នាងហ៊ានអ្ហេ៎ស” នេះនាងគំរាមគេ?
“លោកសាកមើលក៏បានថាខ្ញុំហ៊ានឬមិនហ៊ាន" នាងលើកចិញ្ចើមថ្កើន ។
ហើយការពិតក៏ពិសោធថា ផ្លរៀ ហ៊ានធ្វើពិតមែន...
៣ថ្ងៃពេញបន្ទាប់ពីនោះនាងក៏លើកបបរមកឱ្យគេគ្រប់ពេល និង វាត្រឹមតែជាបបរសុទ្ធៗយ៉ាងច្រើនលាយម្រេចតិចតួច ។
បន្ទាប់ពីទ្រាំបាន៣ថ្ងៃ ទីបំផុត ចូអេល ក៏ព្រមអន់ដាក់ដោយគ្រាន់តែទឹកមុខអន្ទះសាស្រដៀងដូចយំរបស់អាធ័រ និងកាន់តែជាងនោះព្រោះគេឃ្លានឡើងវិលមុខ មិនថានៅចំពោះមុខជាបបរដែលគេ ស្អប់ខ្លាំងប៉ុណ្ណា គេក៏ដួលញ៉ុកដោយការស្រេកឃ្លាន ។
នោះហើយទើបគេដឹងថារសជាតិវាមិនបានអន់ទោះមើលទៅសៗគ្មានពណ៌ តែរសជាតិបែរជាឆ្ងាញ់មានជាតិផ្អែមៗតិចៗរបស់បន្លែ និងក្លិនឈ្ងុយរបស់សាច់ រហូតដល់គេថែមចានទី២ ។
"ខ្ញុំឲ្យលោកញ៉ាំតាំងពីយូរម៉្លេះ ត្រូវចាំឲ្យឃ្លានអស់កម្លាំងសិនឬយ៉ាងម៉េច ទើបព្រមទន់ដាក់ខ្ញុំ” ពេលឃើញគេថែម១ចានទៀត ចុងមាត់របស់ ផ្លរៀ ក៏ញោចបន្តិច តែក៏អត់មិនបាននឹងដុកដាន់ ។
"អ្នកណាព្រមទន់ដាក់នាង” ចូអេល សម្លក់នាង "ខ្ញុំទ្រាំឃើញលោកពូខូចចិត្តមិនបានទៅវិញទេ” គេគ្មានផ្លូវព្រមទទួលថាខ្លួនឯងចាញ់ឡើយ ។
ផ្លរៀ មិនបានគិតតិចគិតច្រើនទៅលើគេ នាងមើលចានអាហារដែលស្អាតល្អ មុននឹងលើកវាចេញពីបន្ទប់ ឃើញនាងលើកចានចេញគេក៏អត់មិនបាននឹងសួរ ។
"អស់ហើយអ្ហេ៎ស”
"អស់ហើយ” ផ្លរៀ លើកចានទទេបង្ហាញ មុននឹងសួរបញ្ជាក់
"ចង់ញ៉ាំទៀតឬ ណាថាខ្លាចខ្ញុំដាក់ថ្នាំពុលនោះ”
មុខមាំទៅជាកកែកករ តបដោយសំឡេង ៖
"អ្នកណាចង់ញ៉ាំ ខ្ញុំចង់ញ៉ាំថ្វីដៃអ៊ំស្រី វ៉ាង ទៅវិញទេ”
"អីចឹងក៏ល្អ ព្រោះខ្ញុំក៏មិនចង់ធ្វើចុងភៅផ្ទាល់ខ្លួនរបស់លោកដូចគ្នា” នាងញាក់ស្មាហើយបង្វិលខ្លួនដើរចេញ ។
"អ្នកណាចង់ឲ្យធ្វើ គ្មានអ្នកណាចង់ឲ្យនាងធ្វើអីបន្តិចទេ អាត្រឹមបបរគ្រឿងចាត់ទុកជាចុងភៅត្រង់ណា” គេនិយាយតិចៗ ផ្លរៀ មិនបានឮ តែបែរជា អាធ័រ ដែលដើរកាត់នាងបានឮ បុរសវ័យចំណាស់ដើរទៅឈរក្បែរគ្រែ មុននឹងនិយាយដោយមិនយល់ស្រប។
"ចូអេល ផ្លរៀ ធ្វើបបរឲ្យក្មួយម្តងគឺប្រើពេលដល់ទៅ ២ម៉ោង ក្មួយមិនគួរនិយាយបែបនោះដាក់នាងទេ”
"២ម៉ោង? គ្រាន់តែបបរមើលទៅសាបៗនោះ”
"ទោះវាមើលទៅសាបៗ តែក៏ប្រើពេលមិនមែនតិច” អាធ័រ ងក់ក្បាល ផ្លរៀ ធ្លាប់ដួសបបរឲ្យគេមួយចាន គេហូបហើយមានអារម្មណ៍ភ្ញាក់ផ្អើលរហូតដល់ហាមាត់ចង្គ្រោង ទើបសួរថានាងដាក់អ្វី ហេតុអីបានជាបបរចេញមកមានរសជាតិឆ្ងាញ់ថ្នាក់នេះ ។
តាមពិតពេលឃើញនាងធ្វើបបរ ទើបគេបានដឹងថាក្នុងចានបបរតូចៗនោះដាក់វត្ថុធាតុដើមដល់ទៅ១០មុខ នាងយកវត្ថុធាតុដើមស្រស់ៗមកកិន ហើយយកទៅដាំរហូតដល់ក្លាយជាបបរ ព្រោះបែបនេះហើយទើបវាត្រូវប្រើពេល២ម៉ោង ។
បន្ទាប់ពីបានស្តាប់ការរាប់រៀបរបស់ឪពុកមាហើយ ចូអេល នៅស្ងៀមមួយសន្ទុះមុននឹងនិយាយតិចៗ "គឺគ្រាន់តែបបរ១ចាន ម៉េចចាំបាច់ចុះទុនដល់ថ្នាក់នោះត្រឹមបបរឲ្យអ៊ំស្រី វ៉ាង ធ្វើក៏បានម៉េចក៏នាងចាំបាច់ធ្វើខ្លួនឯង"
គិតដល់រឿងដែលនាងសម្ងំនៅផ្ទះបាយ២ម៉ោងដើម្បីធ្វើបបរមួយចាន អារម្មណ៍ប្លែកៗដែលអធិប្បាយមិនត្រូវក៏ជោរជន់នៅក្នុងចិត្ត ។
អាធ័រ ស្តាប់ហើយបានត្រឹមតែញញឹម ដឹងថា ផ្លរៀ ធ្វើបែបនោះ ១ផ្នែកគឺដើម្បីសុខភាពរបស់ក្មួយប្រុស ១ផ្នែកគឺនាងមានចេតនាធ្វើបាប ព្រោះដឹងថា ចូអេល មិនចូលចិត្តបបរ ឃើញក្មួយប្រុសដែលឡូឡារាល់ថ្ងៃព្រោះត្រូវ ផ្លរៀ ពន្យុះកំហឹង គេបែរជាមិនខឹងធៀបនឹង ចូអេលដែលលាក់អារម្មណ៍ខ្លួនឯង បង្ខាំងខ្លួនក្នុងបន្ទប់មិនចាប់អារម្មណ៍អ្នកណា អាធ័រ បែរជាចូលចិត្តកាយវិការគ្រវែងគ្រវាត់របស់ក្មួយប្រុស ហោចណាស់ក៏ ចូអេល បានកម្ចាយអារម្មណ៍ចេញមក តែថ្ងៃនេះ គេមិនបានមកតវ៉ារឿងនេះជាមួយ ចូអេល តែមានរឿងមួយទៀតត្រូវប្រាប់ ។
"ឈប់និយាយរឿងនេះហើយ ម៉ោង៦ពូមានរឿងចង់ប្រាប់”
ប្រភព៖ OBSOK BOOK
热门评论
评论