សញ្ញាបត្រ ចំណេះដឹង និង បទពិសោធន៍
សញ្ញាបត្រ
សម្រាប់អ្នករៀន គេឲ្យតម្លៃខ្លាំងណាស់ទៅលើសញ្ញាបត្រ។ សញ្ញាបត្របង្ហាញពីកំរិតនៃការសិក្សារបស់បុគ្គលម្នាក់ៗ ឧទាហរណ៍ថា បុគ្គលម្នាក់មានសញ្ញាបត្រថ្នាក់ទី ១២ នោះបង្ហាញថាបុគ្គលម្នាក់នោះរៀនចប់ថ្នាក់ទី ១២ បើគេមានសញ្ញាបត្រកំរិតបរិញ្ញាបត្រ នោះបង្ហាញថាបុគ្គលម្នាក់នោះរៀនចប់កំរិតបរិញ្ញាបត្រ ។ល។ ទោះបីជាយ៉ាងណាក័ដោយ សញ្ញាបត្រមិនបានបញ្ជាក់ថាបុគ្គលណាម្នាក់មានសម្ថតភាព ឬអត់សម្ថតភាពនោះទេ។ មានមនុស្សជាច្រើនក្នុងសង្គម ដែលមានតែសញ្ញាបត្រ តែមិនមានចំណេះពិតប្រាកដ ពួកគេមានតែសញ្ញាបាត់តែគ្មានសញ្ញាឃើញ។ ដូច្នេះហើយការវាយតម្លៃមនុស្សទៅតាមសញ្ញាបត្រ គឺជារឿងដែលមិនត្រឹមត្រូវឡើយ។ ប៉ុន្តែរឿងមួយដែលយើងត្រូវដឹងទាក់ទងនឹងសញ្ញាបត្រនោះគឺ សញ្ញាបត្របានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលណាម្នាក់ធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលណាមួយត្រឹមត្រូវ។

រូបតំណាង
ចំណេះដឹង
ដូចបានបញ្ជាក់យ៉ាងលើ សញ្ញាបត្រមិនបានឆ្លុះបញ្ចាំងពីសម្ថតភាពរបស់បុគ្គលណាម្នាក់នោះទេ។ ប្រភពនៃចំណេះដឹងគឺកើតឡើងតាមរយៈការស្តាប់ ការគិត ការសង្កេត ការត្រិះរិះពិចារណា និងការពិសោធន៍។ បុគ្គលណាដែលស្តាប់ច្រើន គិតច្រើន សង្កេតច្រើន ត្រិះរិះពិចារណាច្រើន និងពិសោធន៍ច្រើន បុគ្គលនោះរមែងមានការយល់ដឹងច្រើនទៅតាមហ្នឹងដែរ។ ចំណេះដឹងនេះហើយដែលជាទន់សម្រាប់បុគ្គលម្នាក់ៗ អាចយកទៅប្រើប្រាស់ក្នុងជិវិតរស់នៅប្រចាំថ្ងៃ ចំណេះដឹងអាចឲ្យគេប្រកបរបរចិញ្ចឹមជីវិត អាចគេចផុតពីការបោកប្រាស់ និងអាចកសាងគុណភាពជីវិតបន្ថែម។ ចំណេះដឹងអាចមានច្រើនប្រភេទ ដូចជា ចំណេះដឹងទូទៅ ចំណេះដឹងបច្ចេកទេស ចំណេះដឹងទស្សនវិជ្ជា ។ល។

រូបតំណាង
បទពិសោធន៍
បទពិសោធន៍ ធ្វើឲ្យមនុស្សយល់ដឹងច្រើន បទពិសោធន៍រិតតែច្រើន ការយល់ដឹងក៏រិតតែច្រើនដែរ។ លើកឧទាហរណ៍ចំពោះគ្រូបង្រៀនដែលគ្មានបទពិសោធន៍ និងគ្រូបង្រៀនដែលមានបទពិសោធន៍ក្នុងការបង្រៀនស្រាប់។ គ្រូដែលអត់មានបទពិសោធន៍បង្រៀន គាត់ប្រាកដជាអាចអារម្មណ៍ ភ័យបន្តិចបន្តួចពេលចាប់ផ្តើម ហើយពេលមានបញ្ហាក្នុងថ្នាក់ ដូចជាសិស្ស មិនស្តាប់ សិស្សឡូឡា សិស្សតមាត់ ជាដើម គាត់អាចនឹងមិនអាចរកវិធីសាស្ត្រដោះស្រាយភ្លាមៗបាននោះទេ តែចំពោះគ្រូដែលមានបទពិសោធន៍បង្រៀនច្រើនឆ្នាំវិញ គាត់អាចដោះស្រាយបញ្ហាទាំងនោះបានយ៉ាងលឿន នេះមិនមែនមានន័យថាគាត់អស្ចារ្យនោះទេ កាលគាត់បង្រៀនដំបូងៗក៏ដូចតែគ្នាដែរ តែដោយសារតែបញ្ហាទាំងអស់នោះគាត់ធ្លាប់ជួបរាប់មិនអស់ទៅហើយក្នុងអាជីបជាគ្រូបង្រៀនរបស់គាត់ ដូច្នេះហើយទើបគាត់អាចដឹងពីរបៀបដោះស្រាយ។
មានស្ថាប័នជាច្រើនបានឲ្យតម្លៃខ្លាំងទៅលើបទពិសោធន៍ តែពួកគេក៏មិនដែលភ្លេចឲ្យតម្លៃទៅលើសម្ថតភាព និងចំណេះដឹងដែរ។
ខ្ញុំមានសំណួរមួយសម្រាប់អ្នកទាំងអស់គ្នា៖ ក្នុងអារម្មណ៍អ្នកទាំងអស់គ្នា ក្នុងចំណោមចំណុចទាំងបីខាងលើ (សញ្ញាបត្រ ចំណេះដឹង និងបទពិសោធន៍) តើអ្នកទាំងអស់គ្នាឲ្យតម្លៃលើចំណុចណាមួយខ្លាំងជាងគេ? ហេតុអ្វី?
ចូលរួមបញ្ចេញមតិទាំងអស់គ្នា។

រូបតំណាង
热门评论
评论