រឿង ខ្សែចិត្តប្រាប់ថាស្រឡាញ់ ភាគទី ១~៤ _ ប្រលោមលោក
'មនុស្សស្រីម្នាក់នេះលក្ខណៈឫកពាពិសេសពិតមែន មិនត្រឹមតែមុខមាត់ស្រស់ស្អាត នៅមានពន្លឺចែងចាំងបំផុត កែវភ្នែកស្រស់ថ្លារបស់នាង ជាកែវភ្នែកដ៏ស្រស់ស្អាតបំផុតបើធៀបនឹងអ្វីដែលគេធ្លាប់ឃើញ បបូរមាត់គួរឲ្យស្រឡាញ់ដូចចង់ទាក់ទាញឲ្យថើបផ្តិត រង្វង់មុខតូចច្រឡឹងជាមនុស្សស្រីទន់ភ្លន់ រូបរាងស្គមស្ដើង ជើងទាំងពីររៀវស្រឡូន សមសួន ស្បែកសរលោងម៉ដ្ឋខៃ...'
ឌេស៊ី ទច់ង៉ក់មួយរំពេចហើយឈប់សរសេរ ងើយមុខមើលទៅ អ៊ែតវឺត តែពាក្យមួយប្រយោគៗនោះច្បាស់លាស់ទាំងដែលគេមិនបានបញ្ចេញសំឡេងអីបន្តិច នាងឆ្ងល់ថាហេតុខ្លួនឯងបានឮ 'សំឡេងក្នុងចិត្ត របស់គេទៀតហើយ' ហើយត្រចៀករបស់នាងក៏ក្តៅភាយៗ ផែនថ្ពាល់ក្រហមព្រៀងៗ បេះដូងលោតខ្លាំង ។
ទេវតា! ឬថា នេះគឺជាការអានចិត្ត សមត្ថភាពពិសេស នាងអាចដឹងគំនិតក្នុងចិត្តទាំងអស់របស់គេបាន ។
លោកយាយនៅទីបំផុតចៅក៏មានថ្ងៃនេះ ថ្ងៃដែលមានថាមពលពិសេសដូចដែលលោកយាយប្រាប់ហើយ ។
ឌេស៊ី ព្យាយាមគិតរំលឹកដល់សម្ដីដែលលោកយាយប្រាប់កាលពី១០ឆ្នាំមុន ហើយនាងក៏ត្រូវរំជួលចិត្តទៀត ថ្ពាល់ដែលក្រហមស្រាប់កាន់តែធ្វើឆើតឆាយលើសមុន ។
បើយើងមានថាមពលពិសេស...
បើ...បើអីចឹងគេគឺ... កូនសោមួយនោះដែលលោកយាយនិយាយដល់ គូព្រេង... អតីតជាតិ...ដែលចាក់បើកសមត្ថភាពពិសេសរបស់នាង គេបង្ហាញខ្លួនហើយ!
នាងអត់បើកភ្នែកធំៗដៀងមើលគេមិនបាន ។
កែវភ្នែកមួយគូនោះរបស់គេដែលជួនកាលសោះកក្រោះ ជួនកាលអាថ៌កំបាំង សំឡឹងមើលនាងថ្មែដូចគ្នា ។
នាងឆ្លេឆ្លាធ្វើអីមិនត្រូវ មុខក្តៅភាយៗហាក់ដូចគ្រុនក្នុងចិត្តមានអារម្មណ៍ច្របូកច្របល់... គេម្នាក់នោះដែលចិត្តនាងរង់ចាំរហូតមក មិនមែនជាស្រមោលដែលអណ្តែតព្រាលៗតទៅទៀតទេ គេមានជីវិតនៅទល់មុខនាង ចិត្តដែលរំជួលឌុកដាក់ថតរូបភាពរបស់គេទុកយ៉ាងជ្រាលជ្រៅ ។
គេពិតជាសង្ហាហើយខ្ពង់ខ្ពស់ខ្លាំងណាស់ ទាំងច្រមុះមានខ្ទង់ បបូរមាត់ស្តើងបានរូប រូបរាងក៏អស្ចារ្យបំផុត ពិតជាមានមន្តស្នេហ៍ទាក់ទាញខ្លាំងណាស់ ។
អូ៎! ... ទេវតា យើងពិតជាសំណាងល្អមែនទែន បងសម្លាញ់ នៅទីបំផុតយើងបានជួបគ្នាហើយ ។
'តែបើស្រីស្អាតម្នាក់នេះជាជំពូកមនុស្សល្ងង់វិញ អម្បាញ់មិញគ្រាន់តែធ្វើឫកពាអឺអើតាម...ប្រហែលគួរឲ្យស្ដាយស្លាប់ហើយ'
សំឡេងដែលបានបន្លឺក្នុងខួរក្បាលទាញឲ្យ ឌេស៊ី របូតចេញពីគំនិតដ៏ស្រស់ស្អាត ត្រឡប់មកពិភពនៃការពិតវិញ ។
បើមិនបានឮសំឡេងរំខានប្រភេទនោះបន្លឺចេញពីរបឹងនៃបេះដូង ហើយមិនបានឃើញឫកពាដែលរឹតតែឆ្មើងឆ្មៃនិងចំអកអ្នកដទៃរបស់គេទេ លក្ខណៈខាងក្រៅរបស់លោកប្រធានធំម្នាក់នេះក៏ហៅបានថាភើរ៍ហ្វេក ។
តែគេមិនមែនជាពួកចិត្តគំនិតស្រស់ផូរផង់ គេមើលងាយអ្នកដទៃណាស់... មើលនាងដោយខ្សែភ្នែកដែលឈ្លើយទៀតផង ។
ធ្វើយ៉ាងម៉េច? នាងចាំតាំងពីយូរ មិនគិតសោះថាគូព្រេងម្នាក់នេះ... ជាពួកឈ្លើយបែបនេះ ។
"ភ្នែកនាងកើតអី ហេតុអីត្រូវបើកធំថ្នាក់នោះ” អ៊ែតវឺតញញឹមសោះកក្រោះបណ្តើរ សួរនាងបណ្តើរ ហើយដាក់ពែងកាហ្វេចុះ ។
"គ្មានអីទេ..." នាងញីភ្នែក មានអារម្មណ៍ទ័លតម្រិះ ហេតុអីគូព្រេងរបស់នាងជាមនុស្សបែបនេះ មើលនាងបែបព្រហើនឈ្លើយមិនគ្រប់គ្រាន់ទេ នៅវិភាគនាងយ៉ាប់ៗទៀត ។
"ប្រែចប់ហើយនៅ ខ្ញុំចាំអាន"
"រួចរាល់ហើយ" នាងងក់ក្បាល ។
"យកមកនេះ"
ឌេស៊ី ក្រោកឈរ ត្រឹមតែចម្លាយខ្លីៗមិនប៉ុន្មានជំហានផងនាងបែរជាដើរយ៉ាងយ៉ាប់ នៅក្រោមខ្សែភ្នែកដែលលាក់បង្កប់ការចំអករបស់គេ ជើងទាំងពីររបស់នាងញ័រទទ្រើត អារម្មណ៍ដែលដូចជាមានចរន្តអគ្គិសនីឆ្លងកាត់នៅរត់រសើបពេញខ្លួនមិនឈប់ ធ្វើឲ្យនាងកើតអាការផ្សេងៗ ទាំងចិត្តរំជួលមិនដឹងចង្វាក់ ចរន្តឈាមមិនធម្មតាហើយចង់ចូលបន្ទប់ទឹក ។
មិនងាយទេទម្រាំនាងមកនៅចំពោះមុខហើយហុចឯកសារឲ្យដល់ដៃរបស់គេ ។
អ៊ែតវឺត ទទួលហើយឱនមុខអានបណ្តើរៗដោយជ្រួញចិញ្ចើមប្រៀបធៀបឯកសារទាំងពីរយ៉ាងលម្អិត ។
ឌេស៊ី អត់លួចសំឡឹងមើលគេមិនបាន នាងឃើញថាកែវភ្នែកគេទម្លាក់ចុះ ឬកពាដែលអានឯកសារប្រាកដប្រជា ពេញទៅដោយមន្តស្នេហ៍ដែលគួរឲ្យទាក់ទាញចិត្ត សណ្តំខ្សែភ្នែករបស់នាងទុកក្នុងកណ្តាប់ដៃ ។
នាងមើលឃើញពីសរសៃសក់ខ្មៅរលើបដែលក្រាស់ឃ្មឹកមានស្ទីលរបស់គេយឺតៗ ។
ឈុតគ្រ័រហ្សេរបស់គេអ៊ុតយ៉ាងរាបស្មើ ភ្លីលើខោបង្ហាញឲ្យឃើញយ៉ាងច្បាស់ ស្បែកជើងប៊្រែននេមខាត់ទាល់តែចាំងស្រមោល....
លោកយាយតែងនិយាយជានិច្ចថា រូបសម្បត្តិរបស់មនុស្សម្នាក់អាចមើលឃើញដល់លក្ខណៈនៃការរស់នៅរបស់គេម្នាក់នោះ មើលពីលក្ខណៈឫកពារបស់គេហើយ គេច្បាស់ជាមនុស្សដែលហ្មត់ចត់ ជាមនុស្សដែលមានសំណូមពរចំពោះខ្លួនឯងខ្ពស់ ។
ក្រៅពីនេះនាងនៅប្រទះឃើញថាពេលឈរនៅជិតៗ នាងធុំក្លិនក្រអូបបែបមនុស្សប្រុសដែលចេញមកពីខ្លួនរបស់គេ ជាក្លិនស្លឹកស្មៅទន់ៗ ដែលក្រអូបខ្លាំងណាស់ ទាក់ទាញឲ្យនាងចង់ចូលទៅជិតគេឲ្យកាន់តែខ្លាំងឡើង។
អុ៎! យើងក៏វិភាគពិចារណាមុខមាត់គេក្នុងចិត្តដូចគ្នាអីចឹងឬនេះ?
ការពិតសំឡេងដែលចេញពីចិត្តគេទាំងអស់នោះការវិភាគពិចារណានាងដោយខ្សែភ្នែកមនុស្សប្រុសមើលមនុស្សស្រី ការដែលគេចាប់អារម្មណ៍រូបសម្បត្តិរបស់នាងមិនមែនជារឿងអាក្រក់អីទេ ចំណែកអ្វីដែលគេថានាងស្អាតតែល្ងង់នោះ ដោយសារតែគេមិនទាន់ស្គាល់នាងទៅវិញទេ ដូច្នេះនាងចង់បង្ហាញពីការកំសាកភ្នែកសជ្រុលពេកមិនបានទេ នាងគួរតែស៊ាំជាមួយកម្លាំងទាក់ទាញរវាងភេទផ្ទុយគ្នាទាំងពីរ។
សម្រាប់នាង គេជាមនុស្សដែលមានមន្តស្នេហ៍ហើយស្រើបស្រាលបំផុត មិនអីចឹងនាងប្រហែលជាមិនមុខក្រហមរំជួលចិត្តបែបនេះទេ។
គេច្បាស់ជាមានប្រការល្អដទៃទៀតចាំឲ្យនាងស្វែងរកមិនខាន។
"ស្បែកជើងខ្ញុំមានអីគួរឲ្យចង់មើលអ្ហ៎?"
ប្រភព៖ OBSOK BOOK
热门评论
评论