ម្ហូបតាមតំបន់១០មុខ ដែលជនជាតិដើមភាគតិច និងខ្មែរតែងនិយមបរិភោគ

ដោយ: ប៉ូ សុភា
ភ្នំពេញ៖ ម្ហូបមួយមុខៗរបស់ជនជាតិដែលរស់នៅក្នុងតំបន់អាចបង្ហាញពីប្រពៃណី ឬទំនៀមទម្លាប់នៃការបរិភោគរបស់ពលរដ្ឋក្នុងភូមិដ្ឋានបាន។ គេអាចចាត់ទុកវាជាអត្តសញ្ញាណផលិតផលម្ហូបអាហារប្រចាំស្រុក ខេត្ត ឬមួយសម្រាប់សម្គាល់ពីចំណូលចិត្តរបស់ជនជាតិនីមួយៗ។ ម្ហូបក៏ជាផ្នែកមួយដែលជួយទាក់ទាញឱ្យពលរដ្ឋ ឬភ្ញៀវពីខេត្តដទៃទាំងជិត និងឆ្ងាយ អាចភ្លក់រសជាតិ ឬបរិភោគម្ហូបប្លែកតាមតំបន់ទាំងនោះ។
សម្លបុកត្រប់៖ បុកត្រប់ជាសម្លមួយប្រភេទរបស់ជនជាតិដើមភាគតិច «ព្នង» រស់នៅខេត្តមណ្ឌលគិរី តែងនិយមស្លជូនភ្ញៀវ ដែលធ្វើដំណើរទៅកម្សាន្តនៅក្នុងភូមិស្រុករបស់ពួកគាត់ភ្លក់ ដើម្បីឱ្យជនជាតិដទៃបានស្វែងយល់ពីរសជាតិម្ហូបពីដូនតាមមួយប្រភេទនេះ។ សម្លបុកត្រប់ គេយកត្រប់ធ្វើជាបន្លែ ចំណែកឯ គ្រឿងទេសវិញរួមមាន គល់ស្លឹកគ្រៃ មើមខ្ទឹមស ម្ទេស ជី។ ចំពោះសាច់ គេអាចប្រើសាច់ត្រី និងសាច់ផ្សេងបានច្រើនប្រភេទ ទៅតាមតម្រូវការ។ សម្លមួយប្រភេទនេះ មានរសជាតិប្លែកមួយបែប ប៉ុន្ដែបើចង់ប្រៀបធៀបរសសម្លបុកទៅនឹងសម្លអ្វីផ្សេងរបស់ខ្មែរ ដូចជាពិបាករកណាស់។

បុកត្រប់ សម្លម្សៅ និងម្ហូបផ្សេងទៀតដែលដូនតាជនជាតិដើមភាគតិច «ព្នង»ស្ល គេប្រើតែអំបិល និងគ្រឿងទេសតាមព្រៃធម្មជាតិប៉ុណ្ណោះ។ គេមិនប្រើប៊ីចេង ស្ករ ឬគ្រឿងបន្ថែមរសជាតិអ្វីផ្សេងដូចសម័យនេះទេ។ សត្វថ្ងៃមានតំបន់ខ្លះជនជាតិដើមភាគតិចនៅតែអាចរក្សាបាននូវទម្លាប់បែបដូនតា តែក៏មានមួយចំនួនចាប់ផ្ដើមកែទម្លាប់ និងរបៀបស្លតាមសម័យកាលផងដែរ។
សម្លម្ជូរគ្រាក់៖ សម្លប្រភេទជាម្ហូបតាមតំបន់ ភាគច្រើនមាននៅក្នុងខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផ្សេងមិនសូវស្គាល់ទេ ហើយក៏មានពលរដ្ឋមួយចំនួនធំមិនធ្លាប់លឺឈ្មោះសម្លប្រភេទនេះផងដែរ។ ម្ជូរគ្រាក់ជាម្ហូបមួយប្រភេទ ដែលគេនិយមយកត្រីដែលគ្មានស្រកាដូចជា ត្រីឆ្លាំង ត្រីខ្យា ត្រីប្រាមកស្ល។ ចំពោះត្រីផ្សេង គេក៏អាចយកមកស្លបានដូចគ្នា គ្រាន់តែមិនសូវមានរសជាតិដូចជាត្រីអត់ស្រកា។ ចំពោះគ្រឿងទេសត្រូវការចាំបាច់រួមមាន៖ គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង និងជីម្រះព្រៅ ម្ជូរអម្ពិល ឬម្ជូរពោនក៏បាន។ សម្លប្រភេទនេះ គេអាចប្រើបន្លែត្រកួន ឬស្លតែសាច់ត្រីសុទ្ធមិនប្រើបន្លែក៏បានដែរ។ សម្រាប់រសជាតិវិញ ប្រហាក់ប្រហែលនឹងសម្លម្ជូរគ្រឿងខ្មែរដែរ តែខុសរសជាតិបន្ដិចប៉ុណ្ណោះ។

សម្លវិ៖ សម្លប្រភេទនេះក៏ជាសម្លរបស់ជនជាតិដើមភាគតិច នៅភូមិភាគឦសាននៅប្រទេសកម្ពុជា។ សម្លប្រភេទនេះ ត្រូវបានគេទទួលស្គាល់ថាមានរសជាតិឆ្ងាញ់។ ភាគច្រើនគេច្រើនធ្វើនៅពេលមានកម្មវិធីធំៗ ឬសំខាន់ៗមួយចំនួនប៉ុណ្ណោះ។ លក្ខណៈពិសេសរបស់សម្លប្រភេទនេះ គឺរសជាតិល្វីងដែលចេញពីប្រមាត់គោ ឬចេញពីលាមកខ្ចីរបស់សត្វគោ ដែលត្រូវបានដាក់បញ្ជូលនៅពេលស្ល។ សម្លប្រភេទនេះភាគច្រើនគេប្រើ សាច់ ស្បែក និងគ្រឿងក្នុងគោ។ ទឹកសម្លវិមានពណ៌ខ្មៅ និងល្អក់ខ្លាំង ប៉ុន្តែរសជាតិពិតជាមិនធម្មតា។ ពលរដ្ឋមួយចំនួនមិនបរិភោគសម្លនេះទេ ដោយសារគិតថាសម្លប្រភេទនេះ មិនស្អាត និងគ្មានអនាម័យ ប៉ុន្តែចំពោះជនជាតិដើមភាគតិច និងពលរដ្ឋរស់នៅភូមិភាគឦសានភាគច្រើនឱ្យតម្លៃម្ហូបប្រភេទនេះណាស់។

សម្លចាណាង៖ ជាសម្លរបស់ជនជាតិដើមភាគតិចគ្រឹង និងទំពួននៅក្នុងខេត្តរតនគិរី។ សម្លប្រភេទនេះ ត្រូវបានគេផ្សំឡើងដោយស្លឹករុក្ខព្រៃមួយប្រភេទខ្មែរនិយមហៅថា ស្លឹកសណ្ដែកខ្មោច។ ចំណែកឯបន្លែមាន ស្នៀតពោត ក្ដាត ទំពាំង។ ចំណែកឯគ្រឿងទេសមានដូចជា ឡាក់គ្រៀវ ម្ទេសខ្មាំងស្រស់ និងរំដេង។ ចំពោះសាច់គេអាចប្រើសាច់ ឬឆ្អឹង ជើង និងស្បែកគោ ឬមួយឆ្អឹង សាច់ ឬជើងជ្រូកក៏បាន។ សម្លប្រភេទនេះសម្រាប់ជនជាតិដើមតែងយកទៅបរិភោគជាមួយបាយ ប៉ុន្ដែសម្រាប់ក្រៅពីជនជាតិដើមភាគតិច គេអាចច្នៃហូបជាមួយមី ឬគុយទាវក៏បានតាមចំណូលចិត្ត។

សម្លកកូរកណ្ដៀង៖ សម្លប្រភេទនេះពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែង និងស្វាយរៀងស្គាល់ច្បាស់ដូចថ្ងៃ ព្រោះកណ្ដៀងពីមុនមកមានដុះតែនៅក្នុងតំបន់មួយចំនួននៅក្នុងខេត្តពីរនេះតែប៉ុណ្ណោះ។ រុក្ខជាតិប្រភេទនេះមានរសជាតិល្វីង និងហាងតិចៗ ប៉ុន្ដែនៅពេលគេយកទៅស្លឆ្អិនវានឹងបាត់រសហាង នៅសល់ត្រឹមតែរសល្វីងតិចៗប៉ុណ្ណោះ។ កកូរកណ្ដៀងភាគច្រើនគេប្រើបន្លែកណ្ដៀងសុទ្ធ កម្រលាយជាមួយបន្លែប្រភេទផ្សេងណាស់។ ចំណែកឯ សាច់គេអាចប្រើសាច់ត្រី សាច់ជ្រូក មាន់ និងសាច់គោ និងសាច់ផ្សេងទៀតបាន។ ចំពោះសម្លប្រភេទនេះ អាចប្រើបានជាមួយសាច់ស្ទើរគ្រប់ប្រភេទ។

សម្លម្ជូរកណ្ដៀង៖ ម្ជូរកណ្ដៀងត្រូវបានពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងនិយមស្លរសម្លប្រភេទនេះ សម្រាប់បរិភោគតាមគ្រួសារទូទៅក្នុងជីវភាពប្រចាំថ្ងៃ។ ម្ជូរប្រភេទនេះ ភាគច្រើនគេប្រើតែបន្លែកណ្ដៀង តែមួយមុខ ដូចជាស្លកកូរកណ្ដៀងដែរ។ តាមការចំណាំសម្លកណ្ដៀងគេមិនយកបូកបញ្ជូលជាមួយបន្លែប្រភេទផ្សេងទេ។ ពលរដ្ឋរស់នៅក្នុងខេត្តទាំងពីរនេះ ច្រើនប្រើត្រីដើម្បីស្ល ប៉ុន្ដែចំពោះសាច់ប្រភេទផ្សេងក៏អាចស្លបានដែរ។

សម្លឆាព្រៃបីមុខ៖ សម្លប្រភេទនេះគេប្រើផ្សិតធម្មជាតិដុះតាមព្រៃ ដែលដុះតាមខែនៅក្នុងរដូវវស្សា ចន្លោះខែមិថុនា ដល់ខែកញ្ញាជារៀងរាល់ឆ្នាំ។ សម្លប្រភេទនេះមិនអាចស្លបានគ្រប់រដូវទេ លុះត្រាតែខែដែលមានផ្សិតធម្មជាតិនៅតាមព្រៃ ទើបពលរដ្ឋស្លម្ហូបប្រភេទនេះ។ ផ្សិតដែលគេប្រើមានដូចជា ផ្សិតក្ងោក ពពែល កញ្ចូរ ជួនគេលាយជាមួយស្លឹកច្រេស និងននោងក៏មាន។ ភាគច្រើននៅពេលមានផ្សិតបីមុខ ឬលើសពីនេះគេឆាមិនប្រើសាច់ទេ។ សម្រាប់រសជាតិឆាផ្សិតបីមុខដែលមិនដាក់សាច់ អាចប្រៀបបានទៅនឹងស៊ុបមាន់ដែលរម្ងាស់បីម៉ោង។ នេះហើយជាលក្ខណៈពិសេសរបស់ម្ហូបតាមតំបន់ប្រភេទនេះ សម្រាប់អ្នករស់នៅក្នុងខេត្តកំពង់ស្ពឺ។

សម្លកកូរត្នោត៖ ជាសម្លប្រចាំតំបន់សម្រាប់អ្នករស់នៅក្នុងខេត្តកំពង់ស្ពឺ។ កកូរត្នោតស្លមិនខុសពីកកូរធម្មតាទេ គ្រាន់តែភាគច្រើនអ្នកដែលស្លសម្លប្រភេទនេះមានអ្នកខ្លះដាក់តែត្នោតសុទ្ធ និងមានអ្នកខ្លះលាយជាមួយបន្លែធម្មតាដូចកកូរទូទៅដែរ។ ចំណែកឯគ្រឿងទេសវិញដូចគ្នានឹងកកូរធម្មតា។ ចំណែកឯ សាច់សម្លប្រភេទនេះអាចស្លបានគ្រប់ប្រភេទ។

សម្លឆាក្រវាញ៖ សម្លប្រភេទនេះមិនសូវខុសពីសម្លឆាផ្សិតខាងលើទេ ដោយសាររុក្ខជាតិប្រសិនដុះតាមបែបធម្មជាតិ និងសម្បូរតែក្នុងរដូវវស្សាប៉ុណ្ណោះ។ ឆាក្រវាញជាម្ហូបប្រចាំតំបន់របស់អ្នកខេត្តពោធិ៍សាត់ ជាពិសេសសម្រាប់ពលរដ្ឋដែលនៅជិតឧទ្យានជាតិក្រវាញកណ្ដាល។ ឆាក្រវាញ ភាគច្រើនគេជ្រើសយកសាច់គោ ដើម្បីផ្សំជាមួយបន្លែប្រភេទនេះ ចំពោះសាច់ផ្សេងក៏អាចយកមកស្លបាន ប៉ុន្ដែមិនសូវឆ្ងាញ់ដូចសាច់មួយប្រភេទនេះ។ ប្រសិនបើលោកអ្នកចង់ភ្លក់រសជាតិម្ហូបប្រភេទនេះ អាចរកបាននៅក្នុងខេត្តពោធិ៍សាត់ និងអាចទិញបន្លែក្រវាញនៅលើទីផ្សារយកមកចម្អិនដោយផ្ទាល់ក៏បាន ដោយសារបច្ចុប្បន្នក្រវាញត្រូវបានគេដាំ និងមានលក់នៅលើទីផ្សារហើយ។
ហហ្មុកត្រី៖ ជាម្ហូបពេញនិយមមួយប្រភេទ ដែលពលរដ្ឋនៅក្នុងខេត្តបាត់ដំបងនិយមចម្អិនសម្រាប់កម្មវិធីបុណ្យទានធំៗ ដើម្បីទទួលភ្ញៀវពីជិតឆ្ងាយ។ ហហ្មុកត្រីជាម្ហូបមួយដែលមានរសជាតិ មិនចាញ់ម្ហូបដទៃទៀតឡើយ។ ភាគច្រើនម្ហូបប្រភេទនេះ គេយកត្រីផ្ទក់ ឬត្រីរ៉ស់ ធ្វើជាសាច់។ ចំណែកឯ គ្រឿងផ្សំវិញមានដូចជា គល់ស្លឹកគ្រៃ រមៀត រំដេង ក្រូចសើច ម្ទេសក្រៀម និងខ្ទះដូង។ ហហ្មុក ត្រូវបានគេចម្អិនដោយការចំហុយដោយចំហាយទឹក។ ម្ហូបនេះ អាចយកទៅបរិភោគជាមួយបាយដំណើប ឬបាយអង្ករខ្សាយក៏បាន៕
ប្រភព៖ ម្ហូបតាមតំបន់១០មុខ ដែលជនជាតិដើមភាគតិច និងខ្មែរតែងនិយមបរិភោគ
热门评论
评论