ម៉ូតូឡើងខ្ទេចវ៉ល់បែបនេះទៅហើយ មនុស្សមិនដឹងយ៉ាងម៉េច
យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និងបុរស២នាក់ទៀត រងរបួសធ្ងន់ ត្រូវរថយន្តសាមុយបញ្ជូនយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារករណីគ្រោះថ្នាក់ចរាចរម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងលាន់ឮដូចរន្ទះ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៦៩ (ក្បែរអតីតប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា)ក្នុងភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ដុន តាំង អាយុ ១៩ឆ្នាំ មុខរបរកម្មករ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនរងគ្រោះ ដែលស្លាប់ បានបើកម៉ូតូម៉ាក ហុងងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JD-3637 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៦៩ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែ មានយុវជន ២នាក់ទៀត បើកម៉ូតូ ម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1X-3407 ក្នុងទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនបានវ៉ាជែង រថយន្ដមួយគ្រឿង មិនចាំម៉ាក ក៏ជ្រុលទៅបុកម៉ូតូ ជនរងគ្រោះជិះម្នាក់ឯង ចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូទាំង ២គ្រឿង កៀបជាប់គ្នាខ្ទេចស្ទើរទាំងស្រុង និង បណ្តាលឲ្យយុវជនដែលជិះម៉ូតូម្នាក់ឯង បោកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយក៏បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរក្រុង ឱ្យចុះមកវាស់វែង យកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកឯភាគីម្ខាងទៀតរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ៕
热门评论
评论