រឿង ខ្សែចិត្តប្រាប់ថាស្រឡាញ់ ភាគទី ៩~៣ _ ប្រលោមលោក
ចិត្តមួយគេមិនចង់ចូលទៅពាក់ព័ន្ធជាមួយ សាយម៉ន ទៀតទេ តែចិត្តមួយទៀត គេចង់ដឹងថាអាម្សៀនេះធ្វើអីជាមួយ ឌេស៊ី ។
ដៃទាំងពីររបស់ អ៊ែតវឺត ដកចេញពីហោប៉ៅខោ សរសៃឈាមឡើងប៉ោង ដៃក្តាប់ណែន ហើយក៏ដើរចូលទៅរាក់ទាក់គេ ។
"សាយម៉ន!"
"អ៊ែត... អ៊ែតវឺត”
ដើមឡើយ សាយម៉ន ស្រវឹងស្រាតិចតួច ឱបថើបស្រីស្អាតនៅក្បែរខ្លួន បម្រុងទៅសាងក្តីសុខជាមួយគ្នា ពេលឃើញ អ៊ែតវឺត មកឈរស្ទាក់មុខ គេក៏ស្វាងស្រវឹងប្រញាប់ច្រានស្រីស្អាតក្នុងរង្វង់ដៃចេញ ដៃទាំងពីរបិទបាំង ផ្ទៃមុខរបស់ខ្លួន ។
"អ្ហា៎យ!" ស្រីស្អាតជ្រុលថយក្រោយសឹងតែដួល ។
តែ សាយម៉ន មិនខ្វល់ពីនាង តាំងពីថ្ងៃនោះដែលត្រូវ អ៊ែតវឺត ប្រដៅដោយកណ្តាប់ដៃ គេនៅលស់ព្រលឹងមិនទាន់បាត់ផង ។
អ៊ែតវឺត ដាល់មុខគេទាល់តែហើមស្ពុល ស្នាមនៅលើផ្ទៃមុខត្រូវលាបស៊ីលីខនព្យាបាលរបួសយ៉ាងយូរទើបជាសះស្បើយ ហើយគេបណ្តោយឲ្យខ្លួនឯងរបួសម្តងទៀតបានយ៉ាងម៉េច ។
“ចុះ ឌេស៊ី?” អ៊ែតវឺត ស្រវាចាប់.កអាវ សាយម៉ន យ៉ាងណែន ហើយសួរដោយទឹកមុខគួរឲ្យខ្លាច ។
"អ៊ែតវឺត ឯងកំពុងធ្វើអី ខ្ញុំជាអ្នកមានការសិក្សា មានត្រកូលខ្ពស់ មិនដូចឯងដែលបានតែប្រើកម្លាំង ឆាប់លែងខ្ញុំភ្លាម" សាយម៉ន ឆ្លេឆ្លាចង់រលាស់ដៃគេចេញ តែ អ៊ែតវឺត ទាញកអាវរបស់គេសឹងតែដកដង្ហើមមិនចេញ ។
"ឆ្លើយភ្លាម!” អ៊ែតវឺត គំហក ។
"ខ្ញុំទៅដឹងបានយ៉ាងម៉េចថាស្រីម្នាក់នោះនៅឯណា ឯងរត់មកសួរបែបនេះមិនចម្លែកទេយ៉ាងមេច ស្រីម្នាក់នោះជារបស់ឯង ឯងគ្រប់គ្រងខ្លួនឯងមិនជាប់ មកទាក់ទងអីជាមួយខ្ញុំទៅ" សាយម៉ន ក៏មិនមែនជាមនុស្សចាត់ការបានងាយៗ គេនិយាយឆ្កឹះឆ្កៀលឲ្យ អ៊ែតវឺត ឈឺចាប់ម្តងទៀត ។
"ដឹងផងថាការអត់ធ្មត់របស់ខ្ញុំមានមិនសូវច្រើនប៉ុន្មានទេ" អ៊ែតវឺត លើកកណ្តាប់ដៃ ។
ដំបូង សាយម៉ន នៅគិតថានិយាយស្តីរំខានប្រសាទបន្តទៀត តែគេបារម្ភពី 'មុខ' ខ្លួនឯង ទើបចាំបាច់និយាយថា "ខ្ញុំមិនដឹងមែន ថានាងនៅឯណា"
"ឯង... ធ្វើអីនាងឬអត់!" អ៊ែតវឺត សង្កត់សំឡេងសួរ សម្លក់ សាយម៉ន ថ្មែ កណ្ដាប់ដៃដែលក្តាប់ណែនតម្រង់ទៅមុខគេ ។
សាយម៉ន មិនពេញចិត្តប៉ុន្មានទេ ចង់ពន្យុះ អ៊ែតវឺត ឲ្យបែកទ្រូង តែក៏ខ្លាចកណ្តាប់ដៃរបស់គេខ្លាំងណាស់ ។
អ៊ែតវឺត ព្រលែងកណ្តាប់ដៃចំពោះរបស់ សាយម៉ន មួយភ្លាម ។
"អូយ!" សាយម៉ន ខ្ទាតទៅក្រោយ ចុកសឹងតែក្អួតចេញមក គេខ្លាចណាស់ថា អ៊ែតវឺត ដាល់មុខ និងធ្វើបាបគេទៀត ទើបសារភាព “បន្ទាប់ពីថ្ងៃនោះ ខ្ញុំក៏មិនបានជួប ឌេស៊ី ទៀតទេ មិនបានធ្វើអីនាងដែរ ថ្ងៃនោះនាងមិនបានរត់តាមឯងទេអ្ហេ៎ស?"
អ៊ែតវឺត លែង សាយម៉ន ដៀងមើលគេទាំងសោះកក្រោះ បន្ទាប់ពីនោះក៏ដើរទៅឡាន ហើយបើកចេញទៅ ។
សម្តីរបស់ សាយម៉ន នៅតែលងបន្លាចគេ វាបន្លឺច្រំដែលៗក្នុងខួរក្បាល ។
'ខ្ញុំក៏មិនបានជួប ឌេស៊ី ទៀតទេ មិនបានធ្វើអីនាងដែរ'
គ្រាន់តែគិត ដុំអ្វីម្យ៉ាងក៏អណ្ដែតមកចុកនៅបំពង់.ក មានអារម្មណ៍ណែនស្ទះធ្វើអីមិនត្រូវ ដៃក៏ក្ដាប់ចង្កូតឡានយ៉ាងណែន កែវភ្នែកគេសើមបន្តិច ។
បើរឿងដែល សាយម៉ន និយាយជារឿងពិត ក្រដាសណូតដែល ឌេស៊ី សរសេរទុកឲ្យក៏ជាការពិត បើអីចឹងអ្នកខុសគឺគេ អារម្មណ៍ខុសស្រោបចិត្តគំនិតមួយរំពេច គេមិនគួរបណ្ដោយឲ្យភ្លើងប្រចណ្ឌនិងគំនុំគុំគួនដុតបំផ្លាញសតិសម្បជញ្ញៈទាល់តែចាញ់ល្បិចកលរបស់ សាយម៉ន ហើយមិនជឿចិត្ត ឌេស៊ី បែបនេះទេ ។
ការជឿជាក់ជាសសរគ្រឹះ នៃក្តីស្រលាញ់ សូម្បីតែរឿងនេះក៏គេធ្វើមិនបាន ហើយគេមានគុណសម្បត្តិអីទៅគិតដល់ ឬ... ស្រលាញ់នាងម្តងទៀត?
ទេវតាអើយ! គេចង់ជួបមុខនាងឥឡូវនេះពិតមែន គេចង់ដឹងខ្លាំងណាស់ថាពេលដែលកន្លងមកនាងយ៉ាងម៉េចខ្លះ គេបង្ខំចិត្តគេចពីនាង ច្បាស់ជាធ្វើឲ្យនាងឈឺចាប់ខូចចិត្តខ្លាំងជាមិនខាន ។
អ្នកកម្លោះចាប់ទូរសព្ទ គិតចង់តេរក ឌេស៊ី... តែនៅសុខៗគេក៏រាដៃ ។
គេរវល់តែមើលឃើញតែភាពស្រណុកស្រួលមិនបានទេ វាមើលទៅមិនសុទ្ធចិត្តពេកហើយ គេត្រូវតែទៅជួបនាងដោយផ្ទាល់ និយាយសុំទោសនាង ឲ្យនាងបានយល់ថាគេដឹងហើយថាគេខុស។
មួយរំពេចដំបូង អ៊ែតវឺត គិតថាគេគួរតែទៅរកនាងដល់ផ្ទះ តែគិតមើលបន្តិចទៀត... វ៉ាកងរដូវក្តៅចប់ហើយ កន្លែងដែលនាងគួរតែទៅញឹកញាប់ និងប្រើពេលនៅទីនោះប្រហែលជាមហាវិទ្យាល័យ T ច្រើនជាង ។
គេនឹងទៅរកនាង គេមិនចង់ត្រាំត្រែងនៅក្នុងទុក្ខវេទនានេះបន្តទៀតទេ ហើយរឹតតែមិនត្រូវការឲ្យនាងត្រូវជាប់ដានកំហុសដែលគេជាអ្នកធ្វើអាក្រក់ដាក់ ។
"ឌេស៊ី តូច នាងរវល់តែគិតដល់គូព្រេងម្នាក់នោះរាល់តែថ្ងៃ បាយមិននឹកទឹកមិនស្រេក ហើយហេតុអីនៅសុខៗបានជាទិញផ្លែបួយថង់ធំថ្នាក់នេះ អ្ហា៎យ ជូរម៉្លេះ?”
បន្ទាប់ពីចេញពីរៀនពេលរសៀល ឌេស៊ី បបួល ឆឺរី ត្រឡប់ទៅផ្ទះជាមួយគ្នា ពេលឃើញមិត្តសម្លាញ់កាន់ថង់ផ្លែបួយក៏ចាប់ដាក់មាត់ពីរគ្រាប់ តែផ្លែបួយជូរពេកទាល់តែនាងធ្វើមុខជូរហួញ ។
"ហាមខ្ជាក់ណា៎!" ឌេស៊ី គំរាមដោយទឹកមុខញញឹមញញែម ដែលមិនសូវបានឃើញប៉ុន្មាន ដៃម្ខាងកាន់ផ្លែបួយ ដោយប្រើកែងដៃកៀបសៀវភៅ ដៃម្ខាងទៀតដឹកដៃ ឆឺរី ដើរដោយគ្មានគោលដៅច្បាស់លាស់តាមផ្លូវដែលមានដើមឈើរៀងគ្នាជាជួរ ។
អារម្មណ៍នាងមួហ្មងរាល់ថ្ងៃ មានត្រឹមតែពេលដែលនៅជាមួយ ឆឺរី ទើបនាងញញឹមចេញ ឆឺរី ចាំលលេងឲ្យនាងសើចជារឿយៗ មិនបណ្ដោយឲ្យនាងស្ងៀមស្ងាត់យំនោះទេ ។
"ម៉េចក៏ឯងញ៉ាំបួយជូរថ្នាក់នេះ”
"ខ្ញុំ... មានអារម្មណ៍ចង់ក្អួតតិចតួច”
ប្រភព៖ OBSOK BOOK
热门评论
评论