ជីវប្រវត្តិលោក លី ម៉េងហួរ ការីនិពន្ធ នៅសា្ថនីយទូរទស្សន៍ PNN
បច្ចុប្បន្នមានអាយុ៤១ឆ្នាំ និងមានអាស័យដ្ឋាននៅរាជធានីភ្នំពេញ។ ចាប់ផ្តើមប្រឡូកក្នុងអាជីពសារព័ត៌មាន ពីឆ្នាំ២០០០ ដោយសរសេររឿង នយោបាយ សេដ្ឋកិច្ច និងសង្គម។
បទពិសោធន៍
- ពីឆ្នាំ២០០០-២០០៣៖ ចូលបម្រើការងារនៅវិទ្យុជាតិ (FM.96)។
- ឆ្នាំ២០០៣-២០០៦៖ ចូលបម្រើការងារ នៅវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ។
- ឆ្នាំ២០០៥៖ ធ្វើការងារក្រៅម៉ោង និងជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យវិទ្យុអូស្ត្រាលី SBS។
- ឆ្នាំ២០០៧-២០១៥៖ ចូលបម្រើការងារ នៅវិទ្យុបារាំងអន្តរជាតិ RFI។
- ឆ្នាំ២០១៥-បច្ចុប្បន្ន៖ ការីនិពន្ធ នៅសា្ថនីយទូរទស្សន៍ PNN ។
- ឆ្នាំ២០១៦-២០១៨៖ ធ្វើការក្រៅម៉ោង នៅវេបសាយដំណឹង «ខ្លីខ្លី» របស់ក្រុមហ៊ុនសប្បាយ, ធ្វើការក្រៅម៉ោងនៅវេបសាយដំណឹងទើបបើកថ្មី ឈ្មោះ «តោះអាន», ជាអ្នកសរសេរបទវិភាគនៅវេបសាយដំណឹង «Phnom Penh Reporter» និងធ្វើការក្រៅម៉ោងនៅកាសែតអនឡាយ Swift News ។
កម្រិតវប្បធម៌/វគ្គបណ្តុះបណ្តាលសារព័ត៌មាន
- ឆ្នាំ២០០០-២០០១៖ បានរៀននូវបណ្តុះបណ្តាលមូលដ្ឋានផ្នែកសារព័ត៌មាន នៅវិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI) នៅក្រសួងព័ត៌មាន។
- ឆ្នាំ២០០៣៖ បញ្ចប់ថ្នាក់បរិញ្ញបត្រនៅសាកលវិទ្យាជាតិគ្រប់គ្រង ផ្នែកទេសចរណ៍។
- ឆ្នាំ២០០៥៖ បានចូលរួមវគ្គបណ្តុះបណ្តាលរបស់ស្ថានីយវិទ្យុមួយ ប្រទេសឥណ្ឌូនេស៊ី។
- ក្រោយមកទៀត លោក លី ម៉េងហួរ ក៏ទទួលបានវគ្គបណ្តុះបណ្តាលផ្នែករាយការណ៍ព័ត៌មាននានា នៅប្រទេសបារាំង ជប៉ុន និង ប្រទេសថៃ ជាដើម។
មូលហេតុប្រឡូកក្នុងវិស័យសារព័ត៌មាន
ជាភាពចៃដន្យមួយដែលលោក លី ម៉េងហួរ ចូលប្រឡូកការងារក្នុងវិស័យសារព័ត៌មាន បានក្នុងរយៈ ពេលជាង២០ឆ្នាំមកនេះ។ អំឡុងពេលឆ្នាំទីមួយនៃការសិក្សានៅសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ តាមរយៈពេលមិត្តភក្តិរបស់ខ្លួន លោក លី ម៉េងហួរ បានទៅចូលលេងនៅវិទ្យុជាតិ(FM.96) ដែលមាន ទីតាំងនៅម្តុំស្ទឹងមានជ័យ។ បន្ទាប់ពីមានទំនាក់ទំនងល្អជាមួយអ្នកធ្វើការងារនៅវិទ្យុជាតិ ព្រមទាំងមាន ចំណងចំណូលចិត្តផ្នែកតែងនិពន្ធផងនោះ លោក បានស្នើសុំគេចូលបម្រើការងារជាបុគ្គលិកបណ្តែត នៅវិទ្យុជាតិ ដោយសរសេរអត្ថបទឬរឿង ដែលពាក់ព័ន្ធនឹងគោលនយោបាយអភិវឌ្ឍរបស់រដ្ឋាភិបាល និងរឿងសេដ្ឋកិច្ច នានា ជាដើម។
ស្នាដៃលេចធ្លោ
- ឆ្នាំ២០០៧-២០១៥៖ រឿងពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ ជាមួយអាជ្ញាធរប្រទេសវៀតណាម, ប្រភេទអត្ថបទបែបពិពណ៌នា ឬបទយកការណ៍ផ្សេងៗ។
ចែករំលែកបទពិសោធន៍ការងារ និងបណ្តុះបណ្តាល ការចូលរួមបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន តាមរយៈសិក្ខាសាលានានា គឺមិនដែលមានសម្រាប់ លោក លី ម៉េងហួរ ទេ។ ប៉ុន្តែលោក តែងតែចែក រំលែកបទពិសោធន៍ការងារដល់មិត្តភក្តិរួមអាជីព ជាពិសេសដល់អ្នកកាសែតដែលទើបចូលប្រឡូកការងារក្នុងវិស័យសារព័ត៌មាន បានច្រើននាក់ផងដែរ។ «ខ្ញុំបានបណ្តុះបណ្តាល និង ចែករំលែកនូវចំណេះ ជំនាញរបស់ខ្ញុំដល់អ្នកកាសែតដែលស្ថិតនៅក្រោម ការគ្រប់គ្រងខ្ញុំផ្ទាល់ ចាប់តាំងអំឡុងឆ្នាំ២០០៣ មកម្លេះ»។
ទស្សនៈស្តីពីស្ថានភាពសារព័ត៌មាន
អំឡុងឆ្នាំ២០០០ ការប្រមូលព័ត៌មានគឺមានភាពលំបាកច្រើនជាងសព្វថ្ងៃ ព្រោះតែមិនសូវមានមធ្យាបាយក្នុងការទទួលបានព័ត៌មាន។ បើតាមលោក លី ម៉េងហួរ ប្រភពពត៌មាននាអំឡុងឆ្នាំនោះ គឺពឹងផ្អែកច្រើនលើក្រសួងព័ត៌មាន និងចុះដល់ទីតាំងព្រឹត្តិការណ៍ផ្ទាល់ក្នុងប្រមូលព័ត៌មាន។ ប៉ុន្តែ បច្ចុប្បន្នដោយសារតែការវិវត្តនិងភាពជឿនលឿននៃបច្ចេកទេសវិទ្យាពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឱ្យអ្នកសារព័ត៌មាននីមួយៗ មានមធ្យាបាយច្រើនក្នុងការស្វែងរកប្រភពនិងប្រមូលព័ត៌មានបានដោយភាពងាយស្រួលនិងរហ័ស តាមរយៈទូរសព្ទដៃ និងប្រព័ន្ធទំនាក់ទំនងសង្គមនានា ដើម្បីធ្វើសេចក្តីរាយការណ៍ ឬផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងការវិវត្តដ៏ល្អប្រសើរនៃវិស័យសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្ន លោក លី ម៉េងហួរ ក៏
មើលឃើញពីការអនុវត្តដោយគ្មានវិជ្ជាជីវៈនិងក្រមសីលធម៌ របស់អ្នកសារព័ត៌មានមួយចំនួនដែល បានធ្វើសេចក្តីរាយការណ៍ ឬ Live តាមបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុក ផងដែរ។
ជម្រើស
អាជីពជាអ្នកកាសែតជាង២០មកឆ្នាំនេះ បានចងចិត្ត លោក លី ម៉េងហួរ ឱ្យនៅតែមានឆន្ទៈ បន្តបំពេញ ការងារក្នុងវិស័យសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។ បុរសដែលឆ្លងកាត់ការងារច្រើននៅវិទ្យុ កាសែត គេហទំព័រ និងចុងក្រោយនៅទូរទស្សន៍ បានអះអាង ថា ៖«ការងារក្នុងវិស័យសារព័ត៌មាន បានអភិវឌ្ឍចំណេះដឹងខ្ញុំឥតឈប់ឈរ និងបានធ្វើឱ្យខ្ញុំស្គាល់ ពិភពលោកបានច្រើនផងដែរ។
ចំណេះដឹងបានពីវិស័យសារព័ត៌មាន ដែលយើងកំពុងអនុវត្តសព្វថ្ងៃនេះ គឺជាផ្នែកមួយនៃការចូលរួម អភិវឌ្ឍសង្គមជាតិយើង តាមរយៈការរាយការណ៍ព័ត៌មាននានាដល់សាធារណជន»៕
热门评论
评论