ប្រលោមលោកខ្មែរ "រឿងដីកោះកំណើតស្នេហ៍"
វគ្គទី៣ (រលកចិត្ត)
សិទ្ធិកា ស្ងប់ចិត្តបានច្រើនហើយឥឡូវ មិនក្រៀមក្រំដូចមុនប៉ុន្មានទេ។ស្រីគ្មានសង្ឃឹមដូចលោកអ៊ំសោះ មានតែចិត្តអាណិតប៉ុណ្ណោះ សម្រាប់បូជាទៅជាមួយគេ។
ល្ងាចនេះសិទិ្ធកា ចង់ទៅបបួលសមុទ្រញុំាអីជជែកគ្នាលេងម្ដង ព្រោះពេលបាននៅក្បែរគេស្រីរីករាយណាស់។ប៉ុន្មានថ្ងៃនេះធីតារវល់រៀបចំហាងមិនបានមកលេងគេសោះ។
មកដល់ម្ដុំកាច់ជ្រុងបត់ចូលផ្ទះគេ រាងស្ងាត់ដែរ ស្រាប់តែឡានបែកកង់វេរពេញផ្លូវ។សិទិ្ធកាបើកទ្វារឡានចុះមកមើលទាំងបារម្ភ ខណៈនោះប្រុសៗពីរបីនាក់ ដើរចេញពីរម្ដុំនោះស្រវឹងទ្រេតទ្រោតពេញតែផ្លូវ។គ្រាន់តែក្រឡេកឃើញសិទិ្ធកា ពួកវាជញ្ជក់មាត់ដាក់គ្នា បើកមាត់និយាយធុំស្រាហួង៖ "អីយ៉ា!ស្រីស្អាតណា៎វើយ អាឈិត អាវ៉ាន់ ហ្អែងមានឃើញអត់ទេ "
"ថីមិនឃើញ សាច់ឲ្យដូចពងមាន់បកអញ្ជឹងវើយ អញមិនដែលជួបទេអាឆាំ "
ពួកវាដើរមកបម្រុងបិចចង្កាស្រីស្រស់ កាយវិការច្រងេងច្រងាងគួឲ្យស្អប់ខ្ពើម។សិទិ្ធកាភ័យណាស់ខំស្រែកហៅគេជួយទាំងភ្លាត់សម្លេង ព្រោះពួកវាចាប់ដៃនាងជាប់រកចូលឡានក៏មិនកើត។សំណាងល្អ សមុទ្រទើបតែមកពីទិញម្ហូបស្រាបយកមកញុំបាយ ដល់មកប្រទះហេតុការណ៍នេះ ប្រញាប់ចូលមកជួយយ៉ាងរហ័ស។នរៈហក់ទាត់ពួកវាម្នាក់មួយជើងដួលគរលើគ្នា ព្រោះស្រវឹងអ៊ួរតានួរអញ្ចឹងមិនពិបាកទេ។ដឹងមិនស្រួលពួកវានាំគ្នារត់បាត់ជើងសព្រាត ព្រោះខ្លាចឈឺខ្លួន។
សមុទ្របោសដៃ ដើរមកក្បែរសិទិ្ធកាដែលកំពុងឈរអែបឡានទាំងភ័យស្លាំងមុខ។មាណពបន្ធូរដង្ហើមធំ៖ "អស់អីហើយ ចុះអ្នកនាងមកឈប់ឡាននៅទីនេះធ្វើអី"
សិទិ្ធកាស ស្រវាឱបអ្នកកំលោះជាប់ទាំងញ័រទទ្រើក ព្រោះមិនទាន់បាត់ភ័យ។សមុទ្ររន្ធត់ចិត្តប្លែក ព្រោះកាយដ៏បវរកំពុងផ្អិបជាប់ទ្រូងអ្នកបង្កើយ។មាណពមិនដាច់ចិត្តរុញចេញក៏លូកដៃទះស្មានាងថ្នមៗ៖ "ឈប់ភ័យទៅ!ពួកវាទៅបាត់អស់ហើយ បើមានខ្ញុំនៅគ្មានអ្នកណាអាចប្រមាថអ្នកនាងបានទេ "
ស្រីស្រស់ភ្ញាក់ស្មារតី ងើបពីខ្លួនគេទាំងអៀនអន់ថ្ពល់ឡើងក្រហម ធ្វើឲ្យនរៈរសាប់រសល់ក្នុងចិត្តរកថាមិនត្រូវ។សមុទ្រងាកមុខចេញខិតឆ្ងាយបន្តិចទើបបន្លឺ៖ "អ្នកនាងប្រាប់ខ្ញុំសិនមើល តើកើតអី?ទើបមកឈប់ឡាននៅទីនេះ"
សិទិ្ធកា បើកភ្នែកភ្លឺផ្លេកទាំងរំភើបចិត្ត ព្រោះរាល់ពេល ដែលនាងមានការពិបាក តែងតែមានគេមានជួយជានិច្ច។បេះដូងក្រមុំហាក់ដូចញាប់ញ័រចម្លែកចំពោះឫកពា និងរូបរាងទន់ភ្លន់របស់អ្នកកំលោះ។នាងមិនសារវ៉ាទេ តែរវាងនាងនិងកុលបុត្រមិនដែលមានអនុស្សាវរីយ៍ជាមួយគ្នាសោះ គេព្រងើយកន្តើយចំពោះនាងណាស់ ដូច្នេះទើបពេលដែលបាត់បង់គេ ស្រីគ្មានភាពអាលោះអាល័យបានយូរ។តែសមុទ្រវិញគេទន់ភ្លន់ជាមួយនាង មានការតស៊ូក្នុងជីវិត រូបរាងក៏សង្ហា មានគ្រប់លក្ខណៈដែលស្រីត្រូវការ។ធីតាញញឹមអៀន៖ "ខ្ញុំគិតថាមកបបួលបងទៅញុំាអីជាមួយគ្នាម្ដង តែដឹងអីស្រាប់តែឡានបែកកង់នៅទីនេះ រួចក៏ជួបពួកវាទៅ"
នរៈមើលមុខនាងបន្តិច៖ "អ្នកនាងចូលចិត្តធ្វើខ្លួនឲ្យពិបាកណាស់ ឲ្យកម្មករដូចជាខ្ញុំទៅបណ្តើរអ្នកនាងចូលហាងនោះ មុខជាគេសើចស្លាប់ហើយ"
មាណវីក្របួចមាត់៖ "គេថាអីថាទៅ សំខាន់លើខ្លួនយើងទេតើ ខ្ញុំចូលចិត្តនៅជាមួយបង ព្រោះបងអាចការងាពារខ្ញុំបានប៉ុណ្ណឹងខុសដែរឬ? "
អ្នកកំលោះគ្រវីក្បាល "ខ្ញុំប្រកែកមិនឈ្នះអ្នកនាងទេ។ណ្ហើយឥឡូវខ្ញុំដូរកង់ឡានឲ្យអ្នកនាងសិនចាំនិយាយគ្នាទៀត ព្រោះជិតព្រលប់ហើយ "
សិទ្ធិកា ធ្វើមុខជូរ "មានអីត្រូវនិយាយទៀត បើបងមិនយល់ព្រម មិនបាច់ជួយធ្វើទេ ខ្ញុំ គេងទីនេះក៏បានដែរ មានមិត្តភក្តិក៏ដូចជាគ្មាន គ្រាន់តែពឹងពាក់ឲ្យជូនដើរលេងឲ្យសប្បាយចិត្តបន្តិចក៏មិនបាន នេះគេហៅមិត្តយ៉ាងម៉េចទៅវិញ ។ស្រីល្អងរតាមចរិតក្នេង សមុទ្រហួយចិត្តដែរ ចំជាខិលមែននាងក្រមុំនេះ។
អ្នកកំលោះសើចញឹមៗ "អ្នកនាងមិនព្រមឲ្យខ្ញុំធ្វើមែនឬ? ន៎ែ ខ្ញុំប្រាប់យកតែបុណ្យទេណា៎ ម្ដុំនេះសម្បូរខ្មោចលងណាស់ ជាពិសេសដើមអម្ពិលនេះ សូម្បីតែខ្ញុំក៏មិនហ៊ានដើរកាត់ពេលយប់ដែរ " ឮតែខ្មោច សិទិ្ធកាបើកភ្នែកក្រឡឺតក្រឡាប់ស្ទុះមករកតោងដៃគេជាប់ "បងនិយាយមែនឬក៏បន្លាចខ្ញុំឲ្យភ័យទេ បងសមុទ្រ"
នរៈខំទប់សើច ព្រោះឃើញនាងភ័យបែកញើសជោកថ្ងាស"ខ្ញុំមិនកុហសទេ បើអ្នកនាងមិនជឿសួរតែគេទៅ អ្នកណាមិនល្បីថាដើមនេះ ឲ្យតែយប់មិនទាន់ឮសម្លេងបំពេកូនល្វើយៗហើយ ខ្ញុំថាអ្នកនាងឲ្យខ្ញុំធ្វើទៅល្អជាង"
សិទ្ធិកា ក្ដាប់ដៃញ័រទទ្រើក ព្រោះនាងខ្លាចខ្មោចណាស់ "អញ្ចឹងបងធ្វើទៅ ខ្ញុំចាំក្នុងឡានណ៎ា "
នរៈងក់ក្បាល សិទ្ធិកាដើរចូលឡានយ៉ាងលឿន គ្មានហ៊ានងាកក្រោយទេ។សមុទ្រលួចសើចទាំងហួសចិត្ត ចំជាឆោតមែន នាងច្រម៉កនេះ។អ្នកកំលោះបើកគូថឡានយកកង់សឺគួរមកដូរ រួចរាល់ទើបដើរមករក សិទ្ធិកា ដែលអង្គុយក្នុងឡាន "រួចរាល់ហើយ អ្នកនាងទៅវិញចុះ ព្រោះបើរវល់ទៅញុំាអីទៀតមុខជាយប់ណាស់ហើយ អ្នកនាងមិនខ្លាចទេឬ? "
មាណវីទ្រឹងបន្តិច ទើបងក់ក្បាល "អញ្ចឹងក៏បាន ចាំស្អែកខ្ញុំមកពេលថ្ងៃវិញ កុំឲ្យពិបាកបងដោះសារទៀត តែឥឡូវខ្ញុំជូនបងទៅ
ផ្ទះសិនបានទេ? "
អ្នកកំលោះសើចញឹមៗ ព្រោះដឹងថានាងខ្លាច " មិនអីទេ ខ្ញុំដើរទៅបានហើយ ព្រោះខ្ញុំបារម្ភពេលអ្នកនាងមកវិញណ៎ា "
ស្រីស្រស់លែងតវា៉ បើកឡានចេញទៅដោយនឹកក្នុងចិត្តថាពេលក្រោយក៏បានដែរ។សមុទ្រគ្រវីក្បាលហួសចិត្ត អ្នកមិនស្អប់នាងទេ តែមនោសញ្ចោតនាក៏មិនអាចបង្កើតច្រើនដែរ ហើយអ្នកក៏មិនហ៊ានគិតថានាងស្រឡាញ់អ្នកដែល ប្រហែលជានាងនៅនឹកគុណអ្នកប៉ុណ្ណោះ។សមុទ្រប្រាសខ្លួនគេងទាំងសញ្ជប់សញ្ជឹង នឹកគិតដល់ម្ដាយនិងស្រីកែវជាទីស្រលាញ់ អ្នកមិនដែលសារភាពពីបេះដូងប្រាប់កែវទេ ព្រោះអ្នកគិតថា ចាំពេលដែលមានជំនាញច្បាស់លាស់សមជាកូនប្រុសនឹងសុំនាងរៀបការតែម្ដង ហើយនរៈជឿថាកែវមិនស្អប់អ្នកទេ។មាណពមិនដឹងថាម្ដាយឈឺធ្ងន់ទេ ព្រោះគាត់ទើបតែចាប់មានជំងឺក្រោយអ្នកចេញមកប៉ុណ្ណោះ។

ប៉ុន្មានថ្ងៃនេះ កុលបុត្របានធូរស្បើយហើយ ដោយសារការថែទាំរបស់ធីតាកែវ។ព្រឹកនេះ នរនាថអង្គុយលើទោងក្រង ផ្កាតាមចំណូលចិត្តរបស់នាង។បុប្ផាឆ្លាស់ព័ណ៏ស្អាតណាស់ តែនៅចាញ់ស្នាមខួចរបស់ម្ចាស់ស្រីទេ។កុលបុត្រដើរមកឈរពីក្រោយស្រីទាំងញញឹមស្រាល"កែវក្រងបានស្អាតណាស់ ឲ្យបងសុំមួយភួងបានទេ "
មាណវីញញឹមស្រស់ ភ័ក្រ្តាពេញដោយអំណាចស្នេហ៍៖ "ចា៎ ! បើបងចូលចិត្តខ្ញុំមិនកំណាញ់ទេ តែចាំខ្ញុំដោតរួចសិនណា៎ "
នរៈងក់ក្បាល ធីតាដោតផ្កាយ៉ាងស្អាត រួចហុចមកឲ្យអ្នកកំលោះកុលបុត្រលើកផ្កាមកថើបទាំងរំភើបចិត្ត។ នាងមិនដឹងទេឬ?ដៃដែលនាងហុចផ្កាមានន័យស្មើប្រគល់ដួងចិត្ត៖ "ភួងផ្កានេះតំណាងអូន បងនឹងថែរក្សាវាទុកជារៀងរហូត "
ធីតាញញឹមអៀននឹងសម្ដីគេ បម្រុងងើបចេញតែនរៈចាប់ដៃជាប់ "កែវ!អូនយល់ចិត្តបងទេ? ថាចៅមាណពកម្សត់ដូចជាបងកំពុងតែលួចស្នេហ៍ដួងច័ន្រ្ទនៅលើមេឃា..បងដឹងថាបងមិនគួរតបគុណអូនដោយពាក្យមិនគប្បីទេ តែចិត្តស្រលាញ់មានហួសព្រំដែន បង្គាប់ឲ្យបងហ៊ានសារភាពភ្លេចអៀនខ្មាស "
ស្រីកែវ ញាប់ញ័រក្នុងចិត្តណាស់ ពាក្យស្រលាញ់លាន់ឮយ៉ាងស្រាល កែវភ្នែកស្រទន់បង្កប់ដោយទឹកដមស្នេហ៍បបោសអង្អែលចិត្តឲ្យរញ្ជួយចម្លែក នាងស្រលាញ់គេដែរឬ? បានជាបេះដូងលោចញាប់ម្លេះ ពេលឮពាក្យសារភាពដូច្នេះ។មាណវីញ័រដៃទទ្រើក បបូមាត់កម្រើកតិចៗ តែមិនចេញសម្លេងជាលក្ខណៈនៃស្រីក្រមុំបរិសុទ្ធ។កុលបុត្រសែនពេញចិត្តណាស់ "ឨ កុលាបដែនកោះដ៏រាបសារអើយ អរគុណណាស់!ដែលអូនធ្វើឲ្យបងស្គាល់ស្នេហាបរិសុទ្ធ" មាណពឈ្ងោកថើបថ្ងាសស្រីយ៉ាងថ្នម លាដៃក្រសោបកាយស្រីយ៉ាងណែនផ្អិបជាប់នឹងដើមទ្រូង៖ "អូនមិនបដិសេធ បានន័យថាមិនស្អប់បងទេ អរគុណណាស់កែវ ដែលអូនមិនសម្លាប់ដួងចិត្តបង អរគុណគ្រប់យ៉ាងដែលអូនបានផ្ដល់ឲ្យបងក្នុងពេលកន្លងមក "
មាណវីរន្ធត់ចិត្តណាស់ តែទទួលអារម្មណ៍កក់ក្ដៅបំផុតក្នុងរង្វង់ដៃគេ ស្បាមថើបថ្មីៗ បន្សល់ទុកនៅក្ដីរំភើបប្លែកដល់បេះដូងក្រមុំ។ស្រីល្អក្រោបក្នុងទ្រូងគេដោយអៀនអន់៖ "បុប្ផាដែនកោះដូចអូន គ្មានអ្វីឆើតឆាយ ដូចនារីទីក្រុងទេ អូនមានតែបេះដូងបរិសុទ្ធ សម្រាប់បងប៉ុណ្ណោះ កុំបោះបង់អូនពេលដែលបងជិនណាយ និងយល់ថាបុប្ផាអស់តម្លៃនៅក្នុងភ្នែកបង ព្រោះពេលនោះអូនពិតជាស្លាប់មិនខាន"
នរៈអង្អែលថ្ពាល់ស្រីដោយក្ដីអាណិតស្រលាញ់ពេញប្រៀប៖ "កុំនិយាយបែបហ្នឹង ណា៎អូនសម្លាញ់ គ្មាននារីណាអាចប្រដូចនឹងអូនបានទេ ហើយក៏គ្មានថ្ងៃដែលបងបោះបង់អូនដែរ បងហា៊នយកជីវិតមកធ្វើជាសាក្សី បើសិនជាបងហ៊ានក្បត់អូន សូមឲ្យបងស្លាប់ដោយវេទនាទៅចុះ"
ស្រីកែវយកដៃបិទមាត់គេថ្នមៗ"នរណាឲ្យបងស្បថអញ្ចឹង?អូនជឿលើភ្នែកអូនថាជួយមនុស្សមិនខុសទេ ហើយបងក៏មិនអាចក្លាយជាឃាតកសម្លាប់បេះដូងអូនដែរ កែរជឿជាក់ព្រមប្រគល់បេះដូងដល់បងដោយមិនបាច់យកជីវិតបងមកដាក់ភ្នាល់ទេ"
អ្នកកំលោះសើចស្រាលឱនថើបដៃស្រី៖ "គ្មានអ្វីគួរឲ្យបារម្ភទេ ព្រោះបេះដូងបងគឺបរិសុទ្ធពិតៗសម្រាប់អូន ដូច្នេះកុំថាឡើយជីវិត ទោះបីអ្វីទាំងអស់ដែលបងមាននៅលើលោកនេះ ក៏បងមិនរុញរានឹងលះបង់ដែរ ព្រោះវាគ្មានតម្លៃស្មើនឹងអូនឡើយ"
ធីតាកែវញញឹមដោយក្ដីពេញចិត្តសម្ដីគេផ្អែមពីរោះណាស់ធ្វើឲ្យស្រីមានសង្ឃឹមរួចជាស្រេច ដើម្បីទទួលសុភមង្គលដ៏រីករាយ។កុលបុត្រក្រសោបចង្កេះស្រីយ៉ាងណែន ដោយក្ដីរំភើប ស្នេហ៍ពិតរកឃើញហើយ មានអ្វីល្អជាងនេះទៀត។
(ប្រភពដើម: បណ្ណាគារ បន្ទាយស្រី)
热门评论
评论