តាមពិតប្រាសាទប្រែរូបមានស្រះបុរាណពីរ នៅទិសខាងជើង កប់នៅក្នុងព្រៃមិនសូវមាននរណាដឹងក្រៅពីអ្នកស្រុក
ប្រាសាទប្រែរូបគឺជាប្រាសាទដ៏អស្ចារ្យមួយដែលអ្នកទេសចរ ចូលចិត្តជិះតាមវង់ធំតែងប្រទះឃើញ នៅពេលជិះផុតពីស្រះស្រង់ ទិសខាងជើង ឆៀងខាងកើត។
ប្រែរូបគឺជាសំណង់ប្រាសាទឥដ្ឋធំជាងគេនៅតំបន់អង្គរ ហើយក៏ជាប្រាសាទដែលមានក្បូរក្បាច់រចនាគួរឲ្យស្ងើចសរសើរមួយ។ អ្នកទេសចរ ដែលជិះកាត់ទីនេះតែងងាកមើលភាពអស្ចារ្យរបស់ប្រាសាទមិនដាច់ពីកន្ទុយភ្នែក ហើយបើគេចំណាយពេលតែបន្តិចរង់ចាំទស្សនាថ្ងៃលិច ទីតាំងប្រាសាទប្រែរូបក៏អាចផ្ដិតយកថ្ងៃលិចមិនចាញ់ភ្នំបាខែងដែរ។


ហួសប្រាសាទបន្តិចនៅទិសខាងជើង បើគេដើរលុកព្រៃ គេនឹងប្រទេសឃើញស្រះបុរាណពីរដែលមានអាយុកាលដំណាលគ្នាទៅហ្នឹងប្រាសាទដែលអ្នកស្រុកហៅថា ស្រះផុង (នៅខាងស្ដាំ) និងស្រះជា (នៅខាងឆ្វេង)។ ស្រះទាំងពីរនេះមានច្រាំងធ្វើពីថ្មបាយក្រៀម នឹងនៅមានទឹកពេញ ត្បិតនៅក្បែរបារាយណ៍ខាងកើត។ យ៉ាងណាស្រះផុង នៅមានសភាពល្អជាង ស្រះជា។
បរិស្ថាននៅទីនោះសំបូរទៅដោយដើមត្នោត និងព្រៃឈើតូចធំ ហើយបច្ចុប្បន្នអាជ្ញាធរអប្សរាបានធ្វើផ្លូវជិះកង់កាត់ចំកណ្ដាលស្រះទាំងពីរ។ ក្រៅពីស្រះជា និងស្រះផុង យើងអាចមើលឃើញបង្គោលសីមា សេសសល់មួយចំនួនទៀតដេកដួលតាមផ្លូវទៅកាន់ប្រាសាទ ដែលធ្វើឲ្យយើងអាចសន្និដ្ឋានបានថាទីនោះគឺជាច្រកសំខាន់ដើម្បីចូលប្រាសាទកាលពីបុរាណ។
គួររម្លឹកថា ប្រាសាទប្រែរូបត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី ១០ ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា ក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដែលទ្រង់មានបច្ឆាមរណៈនាមថា "សិវលោក"៕


- ទិដ្ឋភាពស្រះផុង


- ទិដ្ឋភាពស្រះជា


អត្ថបទ និងរូបភាព៖ វីរ៉ុតឌី មុទិតា - WowCambodian
热门评论
评论