ពាក្យទំនឹមទំនៀម ថា <<ទូកបែកជាទូកគត់ ទូកកំបុតជាទូកង>> មានន័យដូចម្តេច?
ទូកបែក ជាទូកគត់: សំដៅដល់ទូកក្តារ ដែលប្រេះបែកមិនជួសជុល។ទូកប្រភេទនេះរួមមាន៖ ទូកប៉ុកចាយ ទូកកឹង ទូកថ្វែ ទូកក្តោង ទូកកំរោលជាដើម បើមានប្រេះស្រាំគេត្រូវយកជ័រទឹក និងសំឡីគ បិទពាសវាឲ្យជិត ទើបប្រើការបាន។ទោះជាបែកកណ្តាលទន្លេ សមុទ្រត្រូវជួសជុលភ្លាមៗ សូម្បីព្រះមហាក្សត្រ ក៏ត្រូវតែប្រយ័ត្នទូក កប៉ាលបែកដែរ។ កាលព្រះបាទនរោត្តម ស្តេចយាងទៅក្រុងម៉ានីល ប្រទេសហ្វីលីពីនតាមកាប៉ាល់បារាំង ប្រវែងបណ្តោយ៩០ម៉ែត្រ។ លុះវិលមកវិញស្រាប់តែខ្យល់ព្យុះបោកបែកគេមកាប៉ាល់ប្រហែល២ម៉ែត្រ។ ភ្លាមៗនោះនាយនាវិកបារាំង បានប្រើកម្មករនាវា( Matelot )ដែលខ្មែរហៅថាពួកម៉ាត់ឡូ ឲ្យជួសជុលផ្សារភ្ជាប់បានវិញ។ចំណុចនេះហៅថា ទូកបែក វាមិនគត់ម៉ត់ទេ ទាល់តែពាសទូកឲ្យជិត ឬផ្សារដែកឲ្យជាប់។

ទូកកំបុត ជាទូកង : សំដៅដល់ទូកត្នោត ដែលមានក្បាលទាលកន្សៃកំបុតថ្ងុយ។ របៀបធ្វើទូកត្នោត គឺគេគាស់រលើងយកដើមត្នោតសាវ ទាំងឬស រួចអារយកតែកំណាត់ខាងគល់ ទើបកាប់ចាំង ឡុង ឈូសរំលីងឱ្យស្អាតដោយកាប់ដើមស្រឡៅធ្វើច្រវា។ ទូកត្នោតកំបុតកន្ទុយឬកន្សៃនោះ ជិះបានតែ២-៣នាក់ សម្រាប់អ៊ុំទៅដកព្រលិត បេះផ្កាឈូកក្នុងបឹង ដោយមិនអាចយកទៅអ៊ុំឆ្លងទន្លេ សមុទ្របានឡើយ។

វាមិនអាចប្រៀបបាននឹងទូកង ផ្ទុកមនុស្បបាន៧០នាក់នោះទេ។ ចំណុចនេះមានន័យថា កុំយកទូកត្នោត ប្រដូចទៅនឹងទូកង នេះបើពោលតាមអត្ថានុរូប ឬន័យត្រង់។ បើនិយាយតាមអត្ថប្បដិរូប ឬន័យធៀបមនុស្សយើងមុននឹងចេញធ្វើការរកសុី ត្រូវចេះវាស់ស្ទង់ពីមុខជំនាញ សមត្ថភាព ចំណេះដឹងរបស់ខ្លួនផង បើចាប់ការងារ-មុខរបរខុសជំនាញ លុះជួបឧបសគ្គ ឬមានគ្រោះអាសន្នអ្វីកើតឡើងជាយថាហេតុស្រវេស្រវារកជំនួយ ក៏មិនអាចជួយយើងបានដែរ។ ពុំនោះដូចមនុស្សឆ្លងទន្លេ សមុទ្រស្រវាចាប់ទូកបែក ស្មានថាគត់ម៉ត់ ឬចាប់ទូកត្នោត ស្មានថាទូកង បានត្រឹមលិចទូកកណ្តាលទន្លេទៅហោង។
អត្ថបទដោយ៖ Seang Heng
热门评论
评论