ឧទ្យានជាតិ Yellowstone ពិភពនៃតំបន់ធម្មជាតិដ៏ស្រស់ស្អាតបំផុតនៅសហរដ្ឋអាមេរិក
Yellowstone គឹជាឧទ្យានជាតិមួយដែលស្ថិតនៅភាគខាងលិចនៃសហរដ្ឋអាមេរិក ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ 8,983 គីឡូម៉ែត្រការេ។ Yellowstone គឺជាឧទ្យានជាតិទីមួយនៅក្នុងសហរដ្ឋអាមេរិក ហើយក៏ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាឧទ្យានជាតិទីមួយរបស់ពិភពលោកផងដែរ ពោលគឺតំបន់ឧទ្យាននេះត្រូវបានចាត់ចូលជាតំបន់បេតិកភណ្ឌពិភពលោក UNESCO តាំងពីឆ្នាំ 1978។


ជាក់ស្តែងណាស់ Yellowstone គឺជាឧទ្យានជាតិមួយដែលសម្បូរទៅដោយបឹង ជ្រោះ ទន្លេ និងតំបន់ជួរភ្នំជាច្រើននៅជុំវិញ។ ក្នុងនោះដែរ បឹង Yellowstone គឺជាបឹងមួយក្នុងចំណោមបឹងដែលមានទំហំធំបំផុតនៅទ្វីបអាមេរិកខាងជើង។ លើសពីនេះទៀត ឧទ្យាននេះក៏ជាតំបន់ដ៏ធំមួយដែលសម្បូរទៅដោយពពួកសត្វព្រៃធំៗរស់នៅដែលរួមមានសត្វខ្លាឃ្មុំទឹកកក សត្វចចក និងប្រភេទហ្វូងក្របីអាមេរិកជាដើម។


អ្វីដែលជាចំណុចទាក់ទាញ និងជាបាតុភូតធម្មជាតិដ៏ប្លែកភ្នែកមួយសម្រាប់ភ្ញៀវទេសចរណ៍ភាគច្រើននៅក្នុងឧទ្យានជាតិនេះ គឺតំបន់ Old Faithful ដែលមានទឹកក្តៅផ្ទុះផុសចេញពីក្នុងដីយ៉ាងអស្ចារ្យរៀងរាល់ចន្លោះពេល 60 នាទី ទៅ 90 នាទីម្តង ហើយថេរវេលានៃការផ្ទុះគឺពេលចាប់ពី 1នាទីកន្លះទៅដល់ 5នាទី ដោយមានកម្ពស់ប្រមាណពី 32ម៉ែត្រ រហូតទៅដល់ 56ម៉ែត្រ។

សរុបមក Yellowstone គឺជាតំបន់ឧទ្យានយ៉ាងអស្ចារ្យមួយ ដែលពោពេញទៅដោយកន្លែងកម្សាន្តបែបធម្មជាតិដ៏សម្បូរបែបបំផុតសម្រាប់ភ្ញៀវទេសចរណ៍ទាំងអស់ដែលបានមកលេងកម្សាន្តនៅក្នុងឧទ្យាននេះ ហើយវាក៏ជាទីកន្លែងមួយដែលសាកសមបំផុតសម្រាប់អ្នកចូលចិត្តការឡើងភ្នំ ការបោះជំរុំ ការជិះទូកលេង ការស្ទូចត្រី និងការដើរលំហែរមើលទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅជុំវិញឧទ្យាននេះផងដែរ។
ប្រភពរូបភាព៖ Wikipedia
热门评论
评论