រឿង ខ្យល់កម្មផ្តាំស្នេហ៍ ភាគទី ៤ (៩) ប្រលោមលោកខ្មែរ
"ចា៎ស ! លើកមុនអូនធ្លាប់បំរើគាត់ ! អ្នកប្រុសទេវង្សកំបុតកំបុយណាស់ តែចិត្តមិនអាក្រក់ទេ តែគាត់មិនចូលចិត្តបំរើស្រីទើបខ្ញុំឈប់នៅជាមួយគាត់ អ្នកប្រុសកុំអាលសួរច្រើនខ្ញុំទៅបុកពន្លៃស្អំទ្រូងឱ្យអ្នកប្រុស !"
ឧត្តមងាកប្រាប់ពួកក្រោមបង្គាប់ ឱ្យយកទៅពេទ្យភ្នំពេញវះយកម្ជុលឱ្យទាន់ពេលវេលា កុំឱ្យវារត់ចូលដល់ក្នុងបេះដូង៖
"អូនយកថ្នាំគ្រាំនៅក្នុងថតតុខាងស្តាំ មកឱ្យពួកបង គេមានរបួសនៅសំរាកមិនកើតទេ បងហាត់លេបថ្នាំគ្រាំរាល់ថ្ងៃត្រូវពីរជើងប៉ុណ្ណឹងមិនសំខាន់ឡើយ អូននៅមើលកន្លែង... នែ៎ ! សូថាន់ឯងទៅតាមបងរិទ្ធីមកមើលខុសត្រូវទីនេះជំនួសខ្ញុំសិន ខ្ញុំត្រូវជូនពួកគេទៅមន្ទីរពេទ្យ !"
"បាទ !"
នាងល្អឮតែឈ្មោះរិទ្ធីភ្ញាក់ក្រញាង៖
"អ្ហា៎ក ! អ្នកប្រុសរិទ្ធី ដែលជួបអ្នកប្រុសនៅហាងបាយនោះឬ ?"
"ហ្នឹងហើយអូន...! គាត់ជាបងច្បងរបស់បង..."
"អូហ៍ ! ខុសគ្នាឆ្ងាយណាស់ ខុសស្រលះ... អញ្ចឹងបានជាមានរឿងបែបនេះ ! តែគាត់ពុំសមធ្វើឱ្យប្អូនរងគ្រោះ បើអ្នកប្រុសចាញ់ដៃទេវង្សតើបែបណាទៅវិញ ?"
"អូននិយាយពីរឿងអីហ្នឹង !"
"អ្នកប្រុសចូលក្នុងសិនទៅចាំខ្ញុំប្រាប់រៀបរាប់ការពិត .."
មកដល់ក្នុងស្រីល្អសំលឹងឧត្តមឥតព្រិច៖
"គាត់ជាបងបង្កើតរបស់អ្នកប្រុស ឬជាបងជីដូនមួយ ?"
"ជាបងបង្កើត តែយើងមានម្តាយផ្សេងគ្នា ម៉ាក់របស់បងជាប្រពន្ធលួចលាក់របស់ប៉ាបង ! ធ្លាប់រស់នៅកំសត់ណាស់ជាមួយម្ដាយ ទទួលការឧបត្ថម្ភពីប៉ាដោយលាក់លៀមបំផុត ទើបតែម្ដាយបងឈឺស្លាប់ ហើយម៉ាក់បងធីក៏ស្លាប់ ទើបប៉ាហ៊ានយកបងមកនៅជាមួយ !"
ធីតាយល់ភ្លាម៖
"ហ៊ឺ ! ចាំអូនប្រាប់រឿងមួយ អ្នកប្រុសរិទ្ធីស្រលាញ់អ្នកនាងអេឡែន តែអ្នកនាងអេឡែនជាសង្សារ របស់អ្នកប្រុសទេវង្សរួចទៅហើយ ពីរឆ្នាំមុនអ្នកប្រុសរិទ្ធីប្រើមធ្យោបាយមួលបង្កាច់ នៅតែពុំអាចបំបែកបំបាក់សង្សារគេបាន ឯខែមុននេះគាត់ចាត់ខ្ញុំឱ្យធ្វើតាម ដោយអោយយកថ្នាំមកបំពុលអ្នកប្រុសទេវង្ស ខ្ញុំមិនដាច់ចិត្តធ្វើតាមទេ ខ្ញុំក៏ប្រាប់អ្នកប្រុសទេវង្សតាមត្រង់ រួចខ្ញុំក៏ឈប់នៅជាមួយគាត់តទៅទៀត ខ្លាចមានរឿងអាក្រក់ដល់ខ្ញុំឯណេះ ចំពោះអ្នកប្រុសទេវង្សកំពុងតាមទាក់ទង... អញ្ចឹងបានជាមួយខែនេះ គាត់អត់ឃើញមកទីនេះ ច្បាស់ជាអ្នកប្រុសរិទ្ធីអោយគេដុតព្រៃគប់ទេវង្សហើយ ពុំគួរទំលាក់កំហុសលើបងសោះ តែទោះជាយ៉ាងណា ក៏គាត់ជាបងរបស់អ្នកប្រុសដែរ !"
"បងមិនអាចហែកទ្រូងឱ្យអ្នកដទៃទេ !"
អ្នកប្រុសទីពីរជ្រប់មុខដោយហួសចិត្តនឹងបងរបស់គេ ដែលមានគំនិតមិនសមរម្យសោះ គាត់ធ្វើបែបនេះគឺចង់ឱ្យព្រៃគុបរលាយ ដោយសាររឿងផ្ទាល់ខ្លួនរបស់គាត់ហើយអ្នកមិនខ្លាចការសងសឹកច្រលំរបស់ទេវង្សទេ តែវានាំឱ្យរាំងស្ទះដល់ការងាររកស៊ី ។
"អេឡែនសង្សារទេវង្ស គឺជាកូនស្នងការឬ ?"
"ចា៎ស ! គឺនាងហ្នឹងហើយ !"
"បងត្រូវតែទៅជួបបងរិទ្ធីសួរគាត់សិនឱ្យដឹងហេតុផលម្ដង គាត់ធ្វើនេះហួសហេតុពេកហើយ អូននៅចាំផ្ទះបន្តិចណា៎ !"
ឆោមស្រស់សែនស្រងូតក្នុងចិត្ត ព្រោះជាពេលវេលាដែលនាងសំរេចចិត្តថាឃ្លាតពីគេហើយ ។
"អ្នកប្រុសប្រយ័ត្នខ្លួនណា៎ ! បើនៅតែមានការភ័ន្តច្រលំទេវង្សមិននៅស្ងៀមទេ ព្រោះគេនៅមានគំនុំនិងអ្នកប្រុស គេកំពុងបូកសរុបហើយ !"
ឧត្តមក្តោបស្មាស្រីយ៉ាងណែន ថើបថ្ពាល់ដ៏ផូរផង់ឥតដកច្រមុះ៖
"រ៉ាមី ! បងទៅតែបីថ្ងៃទេ ព្រោះបងនឹកអូនណាស់ ! មួយខែអូនរស់នៅជិតបង ! បងបានសេចក្តីសុខណាស់!"
និពន្ធដោយ៖ អ្នកស្រី ម៉ៅសំណាង

热门评论
评论