បកស្រាយឃ្លោងឃ្លាលោកនីតិបករណ៍បុរាណ
បកស្រាយឃ្លោងឃ្លាលោកនីតិបករណ៍បុរាណ «ធ្នូស្នាបង់បាញ់ ធម៌បង់ទន្ទេញ ស្ត្រីបង់ភស្តារបាំបង់លេង វង្វេងតម្រា ចុះក្នុងមលា មន្ទិលសៅហ្មង» ពន្យល់៖
--ធ្នូស្នាបង់បាញ់ : ធ្នូ ស្នា ជាអាវុធបុរាណ ធ្វើពីឈើរឹងស្វិត ខ្សែរបស់វា ធ្វើពីព្រ័ត្រស្បែកគោ ដោយបិតព្រួញ ពីឫស្សី។ បុរាណប្រើធ្នូ ចូលសមរភូមិពួនស្ទាក់បាញ់បច្ចាមិត្រ និងប្រើស្នាបរបាញ់សត្វ។ បើបោះបង់វាចោល មិនសូវយកទៅប្រើ ជួនកាលកណ្ណ្តុរកកេរខ្សែដាច់អស់ លុះមានអាសន្នមកដល់ មិនដឹងបានអីបាញ់។

--ធម៌បង់ទន្ទេញ : ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា ធ្លាប់រៀនធម៌ ទន្ទេញធម៌ចេះចាំ នាំមកនូវសេចក្តីសុខ។ បើធ្វេសស្មារតីបោះបង់ចោលការទន្ទេញធម៌ ក៏ដូចមេរៀនអ្វីមួយ ធ្វើឲ្យការរីកចម្រើនថយចុះ រលាយសុភមង្គល។

--ស្ត្រីបង់ភស្តា : ស្ត្រីស្អាត មានទ្រព្យសម្បត្តិ យសសម្បត្តិ មានស្វាមីត្រឹមត្រូវដែរ ស្រាប់តែប្រែចិត្តសាវា លែងប្តី ឬបោះបង់ប្តីនោះចោល ស្រវាប្រុសសង្ហា បានត្រឹមខាតបង់ទាំងកិត្តិយស ទ្រព្យសម្បត្តិ បានដៃប្រុសថ្មីលួងលោម បោកប្រាស់យកទៅចិញ្ចឹមស្រីក្មេង ដែលស្អាតជាងនាង។
--របាំបង់លេង : របាំគ្រប់ទម្រង់ ដូចជារបាំព្រះរាជទ្រព្យ របាំគោះត្រឡោក ជាដើម ក៏ដូចល្ខោនបាសាក់ យីកេ តន្រ្តី បើបោះបង់យូរ មិនហ្វឹកហាត់ឲ្យបានទៀងទាត់ ធ្វើឲ្យសិល្បករ សិល្បការិនី ភ្លេចក្បាច់ ភ្លេចទំនុក ភ្លេចចង្វាក់។
--វង្វេងតម្រា: គឺវង្វេងស្មារតី ច្រឡំក្បួនខ្នាត បាយបាត្រ ជាបាយបិណ្ឌ។
--ចុះក្នុងមលា : មលា , មលំ (បាលី)=លាមក អាចម៍។ មលិនោ =មន្ទិលសៅហ្មង ។ បានសេចក្តីថា បើពលសេនា ឬព្រានព្រៃ បោះបង់ធ្នូ ស្នា,ភិក្ខុ សាមណេរ ខ្ជិលទន្ទេញធម៌, ស្ត្រីចិត្តសាវា លែងប្តីដ៏ស្លូតបូត ស្រវាប្រុសថ្មី, សិល្បករ សិល្បការនី នាដក នាដកា បោះបង់ការហាត់សម នឹងធ្លាក់ទៅក្នុងភាពសៅហ្មង លុះដល់ពេលចេញប្រឡង មិនឈ្នះគេទេ។
សរសេរអត្ថបទដោយ៖ Seangheng Wemedia
热门评论
评论