ភរិយាក្លែងក្លាយ ចៅហ្វាយក្លែងចិត្ត ភាគបញ្ចប់
ពីមួយថ្ងៃទៅមួយថ្ងៃគ្រប់យ៉ាងហាក់កាន់តែច្បាស់ទៅៗ គ្រប់យ៉ាងដែលខ្ញុំចង់បំភ្លេចកាន់តែបង្ហាញខ្លួនឡើងនៅក្នុងគំនិត នៅក្នុងចិត្តរបស់ខ្ញុំកាន់តែច្បាស់ឡើង… ការចងចាំដែលខ្ញុំចង់បំភ្លេច ក្តីស្រលាញ់ដែលខ្ញុំចង់ឲ្យវាសាបរលាប វាមិនបានដូចចិត្តនោះឡើយ ខ្ញុំកាន់តែមានអារម្មណ៍ថានឹកគេ ចង់ក្បែរគេ ហើយស្រលាញ់គេកាន់តែខ្លាំងឡើង…
៧ខែកន្លងផុតទៅហើយ ខ្ញុំនៅតែមិនអាចចាកចេញពីស្រមោលអាតីតកាលដែលតាមលងបន្លាចខ្ញុំនោះឡើយ។ ខ្ញុំប្តូរពីជីវិតរស់នៅក្នុងទីក្រុងដ៏ទំនើប និងស៊ីវីល័យនៃប្រទេសមហាអំណាចដូចជាអាមេរិកមកជាមនុស្សដែលរស់នៅក្នុងផ្ទះជួលដ៏តូចតាចមួយនៅក្នុងច្រកតូចៗនៅក្នុងប្រទេសកម្ពុជា… ជីវិតរបស់ខ្ញុំពិតជាគួរឲ្យអាណោចអាធមខ្លាំងណាស់ត្រូវទេ? ប៉ុន្តែវាមិនអាក្រក់ដល់ម្លឹងនោះទេ មនុស្សនៅទីនេះចិត្តល្អ ចេះជួយទុក្ខធុរៈរបស់ខ្ញុំបានច្រើនដូចគ្នា ហេតុនេះហើយវាក៏ធ្វើឲ្យជីវិតស្តី្រមានផ្ទៃពោះដែលគ្មានស្វាមីដូចជាខ្ញុំនេះមានអារម្មណ៍ថាធូរស្បើយខ្លះដែរ…
“មីនាង ទៅលេងនៅខាងក្រៅទេ? គេមានធ្វើពិធីជប់លៀងណា…” មនុស្សស្រីចំណាស់ម្នាក់ដែលជួលផ្ទះនៅជិតគ្នាសួរមកកាន់ខ្ញុំជាមួយនឹងសម្លេងដែលរាងញ័រៗរបស់គាត់។
“អត់ទេ លោកយាយ អញ្ជើញទៅចុះ ខ្ញុំមិនសូវស្រួលខ្លួននោះទេ…” ខ្ញុំឆ្លើយប្រាប់វិញជាមួយស្នាមញញឹម ការពិតពួកគាត់ជាមនុស្សល្អ តែងតែជួយទុក្ខធុរៈដល់ខ្ញុំគ្រប់ពេល ខ្ញុំគ្រាន់តែមិនសូវចង់ចេញទៅខាងក្រៅតែប៉ុណ្ណោះ…
ពេលរាត្រីខ្ញុំតែងតែសម្លឹងមើលទៅព្រះចន្ទ នៅពេលដែលពពករសាត់ឆ្ងាយ ព្រះចន្ទបង្ហាញខ្លួនពិតជាស្រស់ស្អាតខ្លាំងណាស់ ព្រះចន្ទនៅលើភពផែនដ៏មានតែមួយដួងបែបនេះ បើខ្ញុំក្លាយទៅជាព្រះចន្ទតើខ្ញុំអាចមានក្តីសុខដែរទេ? ខ្ញុំមិនចាំបាច់ធ្វើជាមនុស្សដែលមានគេមុខមាត់ដូចខ្ញុំ មិនបាច់ឆ្លងកាត់រឿងរ៉ាវដ៏អាក្រក់បែបនោះ ក៏មិនចាំបាច់ធ្វើជាមនុស្សដែលរស់នៅអោបទុក្ខសោកពេញប្រៀបបេះដូងបែបនេះ។
ខ្ញុំអង្អែលពោះរបស់ខ្លួនហើយស្រក់ទឹកភ្នែកមួយដំណក់ទៅលើវាមុននឹងនិយាយទៅកាន់កូនប្រុសរបស់ខ្លួន…
“តើប៉ារបស់កូនសុខសប្បាយទេ?” ខ្ញុំនិយាយដោយសម្លេងញ័រព្រោះខ្ញុំដឹងថាគេប្រាកដជាសុខសប្បាយជាមិនខានឡើយ ព្រោះយ៉ាងណាខ្ញុំបានចាកចេញផុតពីជីវិតរបស់គេទៅហើយ គេក៏មិនចាំបាច់រម្លឹកពីអតីតគូដណ្តឹងរបស់គេនៅពេលដែលនៅជិតខ្ញុំដែរ។ ខ្ញុំពិតជាល្ងង់ខ្លាំងណាស់មែនទេ? ដឹងហើយ ឮហើយថាគេមិនធ្លាប់ស្រលាញ់ខ្លួន គេធ្វើវាព្រោះអ្វី ប៉ុន្តែបេះដូងចង្រៃមួយនេះមិនអាចបំភ្លេចគេបាននោះឡើយ។ វាតែងតែនឹកដល់គេជានិច្ចគ្រប់ពេលវេលាទាំងអស់…
“ហេតុអ្វីក៏ខ្ញុំមិនអាចភ្លេចលោក ស៊ូដាន…” ខ្ញុំសម្លឹងមើលទៅចិញ្ចៀនរៀបការដែលគេបំពាក់វាឲ្យខ្ញុំ បើទោះពេលនេះខ្ញុំមិនបានពាក់វានៅក្នុងដៃ ប៉ុន្តែវានៅតែជាប់ជាមួយនឹងខ្លួនរបស់ខ្ញុំជានិច្ច…
“មកពីបងក៏មិនដែលភ្លេចអូនដូចគ្នា…” សម្លេងរបស់អ្នកណាម្នាក់បន្លឺឡើងនៅក្នុងផ្ទះរបស់ខ្ញុំធ្វើឲ្យខ្ញុំត្រូវប្រញាប់ងាកទៅមើលយ៉ាងរហ័ស ម្នាក់នោះពិតជាគេពិតមែន ប៉ុន្តែហេតុអ្វីក៏គេមកទីនេះ? គេចូលមកក្នុងនេះយ៉ាងម៉េចបាន? ហេតុអ្វីក៏គេដឹងថាខ្ញុំនៅទីនេះ?
“ហេតុអ្វីក៏លោកចូលមកក្នុងផ្ទះរបស់ខ្ញុំបាន?” ខ្ញុំប្រញាប់សួរគេព្រោះនោះជាចម្ងល់ដែលរត់ពេញខួរក្បាលរបស់ខ្ញុំនៅពេលនេះ។ ខ្ញុំគិតពីគេរាល់ថ្ងៃ ប៉ុន្តែមិនធ្លាប់ស្រមៃថាឲ្យគេត្រលប់មកក្បែរខ្ញុំបែបនេះនោះឡើយ ខ្ញុំដឹងថាមនុស្សដែលគេស្រលាញ់មិនមែនខ្ញុំហើយ ហើយក៏ព្យាយាមចេញឆ្ងាយពីគេឲ្យបានឆ្ងាយបំផុតតាមដែលអាចធ្វើទៅបានដែរ…
“មិនពិបាកទេ…” គេចង្អុរទៅកាន់ទ្វារធ្វើឲ្យខ្ញុំសម្លឹងមើលទៅតាមហើយក៏ឃើញថាវាត្រូវបានបើកដោយមិនទាន់បិទវិញ។
“ចេញទៅវិញទៅ ខ្ញុំមិនត្រូវាការឃើញមុខរបស់លោក…” ខ្ញុំប្រញាប់ដើរទៅជិតទ្វារហើយលាដៃអញ្ជើញគេឲ្យចេញឲ្យផុតពីផ្ទះរបស់ខ្ញុំ នឹកគេមែនទេ? ខ្ញុំពិតជានឹកគេមែន ប៉ុន្តែបើសួរថាប្រាថ្នាចង់ក្រសោបគេទេ ខ្ញុំប្រហែលជាសុំបដិសេធវាហើយ ព្រោះខ្ញុំដឹងច្បាស់ហើយថាគេមិនធ្លាប់មានខ្ញុំនៅក្នុងចិត្តហេតុនេះខ្ញុំមិនអាចអោបក្រសោបតែសម្បកកាយរបស់គេទាំងដែលបេះដូងរបស់គេមានតែអ្នកផ្សេងនោះទេ…
“ឃីរ៉ា…” គេហៅខ្ញុំដោយសម្លេងស្រទន់ ធ្វើឲ្យបេះដូងរបស់ខ្ញុំអង្រួន វាឈឺចាប់ វារំភើប វាមិនអាចប្រាប់ត្រូវថាអរម្មណ៍មួយនេះជាអារម្មណ៍បែបណា ដឹងត្រឹមតែថាវាណែនថប់ ហើយទឹកភ្នែកក៏បម្រុងតែនឹងស្រក់ចុះមកគ្រប់ពេលវេលា…
“សូមអង្វរចុះ ស៊ូដាន ចាកចេញទៅ…” ខ្ញុំនិយាយអង្វរគេទាំងទឹកភ្នែកស្រក់ចុះមកមួយដំណក់នៅលើថ្ពាល់។
គេដើរចូលមកជិតហើយយកដៃរបស់គេមកជូតទឹកភ្នែកឲ្យខ្ញុំ ប៉ុន្តែខ្ញុំគ្រវាសដៃរបស់គេចេញ មិនឲ្យគេប៉ះវាទាន់…
“ឃីរ៉ា… បងនឹកអូន…” គេនិយាយដោយសម្លេងទន់ភ្លន់ ខ្ញុំអាចស្តាប់ដឹងពីការឈឺចាប់នៅក្នុងសម្លេងរបស់គេ វាក៏បញ្ជាក់យ៉ាងច្បាស់តាមរយៈក្រសែភ្នែកដែលពោរពេញដោយភាពសោកសៅនោះផងដែរ…
“ខ្ញុំមិនបាននឹកលោកនោះទេ… ខ្ញុំប្រាប់លោកហើយមែនទេ? ខ្ញុំមិនចង់ឲ្យពួកយើងដកខ្យល់អុកស៊ីសែនរួមគ្នា… “ ខ្ញុំនិយាយបែបម៉ាត់ៗទៅកាន់គេ វាធ្វើឲ្យបេះដូងរបស់ខ្ញូំប្រេះបែក ប៉ុន្តែធ្វើយ៉ាងណាទៅ បើគេនៅក្បែរខ្ញុំ ខ្ញុំប្រាកដជាស្លាប់ដោយការឈឺចាប់នៅថ្ងៃណាមួយជាមិនខាននោះទេ…

“ឃីរ៉ា បងសុំទោស…” គេស្ទុះមកអោបខ្ញុំជាប់ ការអោបដ៏សែនកក់ក្តៅ ការអោបដែលខ្ញុំនឹករលឹកអស់រយៈពេល ៧ ខែពេលនេះក៏បានមកនៅជិតខ្លួនប្រាណរបស់ខ្ញុំវិញហើយ ប៉ុន្តែតើមានប្រយោជន៍អ្វីទៅក្នុងពេលដែលខ្ញុំមិនមែនជាមនុស្សដែលគេផ្តល់ការអោបដែលពោរពេញដោយភាពផ្អែមល្ហែមនេះឲ្យ តែជាមុខរបស់ខ្ញុំទៅវិញទេ ជាមុខដែលដូចទៅនឹងគូដណ្តឹងរបស់គេទៅវិញទេ…
“ចេញទៅ ខ្ញុំសូមអង្វរ កុំឲ្យខ្ញុំឈឺចាប់ជាងនេះអី…” ខ្ញុំនិយាយអង្វរគេគ្រប់យ៉ាង ខ្ញុំពិតជាមិនចង់ឈឺចាប់ជាងនេះនោះទេ វាគ្រប់គ្រាន់ហើយ មួយជីវិតនេះខ្ញុំមិនធ្លាប់ធ្វើជាមនុស្សជំនួសរបស់អ្នកណា ប៉ុន្តែគេធ្វើឲ្យខ្ញុំស្គាល់អារម្មណ៍នៃការធ្វើមនុស្សជំនួស គេធ្វើឲ្យខ្ញុំដឹងថាការឈឺចាប់នៃមនុស្សជំនួសមានអារម្មណ៍យ៉ាងណា ហើយខ្ញុំមិនចង់ដឹងពីអារម្មណ៍មួយនោះទៀតនោះទេ…
“ផ្តល់ឱកាសឲ្យបងម្តងទៅបានទេ? បានទេឃីរ៉ា?” គេនិយាយលន់តួសុំឱកាសម្តងហើយម្តងទៀត តើខ្ញុំមានឱកាសឲ្យគេទេ តើខ្ញុំមានឱកាសក្លាយជាមនុស្សដែលគេស្រលាញ់ទេ? ខ្ញុំពិតជាចង់បាននូវចម្លើយខ្លាំងណាស់។ បើខ្ញុំឲ្យឱកាសនោះទៅគេតើគេនឹងអាចស្រលាញ់ខ្ញុំទេ? ឬក៏វាគ្រាន់តែចាឱកាសដែលធ្វើឲ្យខ្ញុំក្លាយទៅជាអន្ទាក់របស់គេម្តងទៀត?
“កុំអី ស៊ូដាន ខ្ញុំហត់ហើយ! លោកអាចឲ្យខ្ញុំសម្រាកបានទេ? លោកក៏ដឹងថាវាមិនមែនជាស្នេហា! រវាងយើងមិនមែនជាស្នេហាលោកបានឮទេ?” ខ្ញុំស្រែកយំហើយគក់ទ្រូងរបស់គេតិចៗ ហើយសម្រូតខ្លួនចុះទៅក្រោមព្រោះអស់កម្លាំងមិនអាចនឹងទប់ខ្លួនជាប់…
“វាជាស្នេហា… បងស្រលាញ់អូន ឃីរ៉ា វាជាស្នេហា! រវាងយើងវាជាស្នេហា ស្នេហាយ៉ាងពិតប្រាកដដែលបងមិនធ្លាប់បដិសេធបានបើទោះបីជាប្រឹងបដិសេធយ៉ាងណា…” គេលុតជង្គង់នៅចំពោះមុខខ្ញុំហើយនិយាយទាំងទឹកភ្នែក ដៃរបស់គេក្តាប់ដៃរបស់ខ្ញុំជាប់ហើយយកវាទៅប៉ះនឹងដើមទ្រូងខាងឆ្វេងរបស់គេ…
“អូនពាល់អារម្មណ៍នោះទេ? អារម្មណ៍ដែលដង្ហោយរកអូន អារម្មណ៍ដៃលមិនអាចខ្វះអូនបាន… ដឹងថាហេតុអ្វីវាបន្តលោតទេ? វាលោតដើម្បីអូន ដើម្បីតែអូនម្នាក់ដឹងទេ?” គេនិយាយទាំងទឹកភ្នែកធ្វើឲ្យខ្ញុំសម្រក់ទឹកភ្នែករបស់ខ្លួនមិនឈប់ដូចគ្នា…
“កុំទៅណាចោលបងអី ឃីរ៉ា… កុំបោះបង់បង ឲ្យបងបានរស់នៅផង… បងពិតជាមិនអាចរស់នៅដោយគ្មានអូនបាននោះទេ សូមអង្វរចុះ ឃីរ៉ា បងសុំអង្វរ…” គេនិយាយអង្វរហើយសម្លឹងមើលទៅមុខរបស់ខ្ញុំដោយក្រសែភ្នែកដែលមិនអាចប្រកែកបានថាវាជាក្រសែភ្នែកឈឺចាប់យ៉ាងណា…
“ខ្ញុំមិនមែន ចាស្មីនទេ ស៊ូដាន! លោកត្រលប់ទៅវិញទៅ…” ខ្ញុំនិយាយមិនទាន់ចប់ ប៉ុន្តែមាត់របស់ខ្ញុំត្រូវបានបិទជាប់បាត់ទៅហើយនៅពេលនេះ។ គេថើបវាថ្នមៗដោយអារម្មណ៍ដែលខ្ញុំធ្លាប់ពាល់វាពីមុន ស្នាមថើបដ៏សែនកក់ក្តៅដែលខ្ញុំមិនធ្លាប់បំភ្លេច ស្នាមថើបដែលខ្ញុំតែងតែដង្ហោយហៅ…
គេលូកអណ្តាតរបស់ខ្លួនចូលមកក្នុងក្រអូមមាត់របស់ខ្ញុំហើយប្រដេញលេងជាមួយអណ្តាតរបស់ខ្ញុំទៅមក បន្លឺសម្លេងនៅក្នុងនោះ ខ្ញុំតបស្នងដោយការក្រពាត់អណ្តាតរបស់គេជាមួយអណ្តាតរបស់ខ្លួនឯងដូចគ្នា ហើយដៃដែលកំពុងតែនៅលើទ្រូងឆ្វេងរបស់គេពេលនេះក៏លើកវាទៅប៉ះនឹងសរសៃសក់រលោងនោះម្តងបន្តិចៗ ហើយក៏ក្រសោបក៏របស់គេជាប់នៅទីបំផុត…
ការថើបដ៏ក្តៅគគុក អណ្តាតដែលក្តៅក៏បន្ត ទឹកថ្លាមួយដំណក់ក៏រមៀលចុះពីកែវភ្នែករបស់ខ្ញុំ។ ខ្ញុំល្ងង់ទៀតហើយ ល្ងង់គ្រប់ពេលដែលនៅក្បែរគេ ល្ងង់គ្រប់ពេលដែលគេញញឹម ល្ងង់គ្រប់ពេលដែលគេឈឺចាប់ ខ្ញុំក៏ល្ងង់ម្តងទៀតនៅពេលនេះ…
គេកញ្ចឹងករបស់ខ្ញុំមុននឹងលើកបីខ្ញុំឡើហហើយថើបកញ្ចឹងករបស់ខ្ញុំ គេបិទទ្វារបន្ទប់ជួលជាមួយនឹងជើងរបស់ខ្លួនហើយដើរសំដៅទៅកាន់គ្រែគេងរបស់ខ្ញុំ…
ខ្លួនប្រាណរបស់ខ្ញុំទាំងមូលត្រូវបានគេទម្លាក់ថ្នមៗទៅលើគ្រែមុននឹងគេតាមមកថើបបបូរមាត់របស់ខ្ញុំម្តងទៀត។ ស្នាមថើបបន្ត ទឹកភ្នែករបស់ខ្ញុំក៏បន្ត…
“កុំយំបានទេ?” គេនិយាយដោយសម្លេងស្រាលហើយថើបថ្ងាសរបស់ខ្ញុំ មុននឹងថើបភ្នែកទាំងសងខាងរបស់ខ្ញុំហើយបណ្តេញវាចុះទៅខាងក្រោមជាបន្តបន្ទាប់ អាវរបស់ខ្ញុំនៅពេលនេះត្រូវបានរបូតចេញពីខ្លួនបង្ហាញនូវពោះដែលប៉ោងធំរបស់ខ្ញុំព្រោះមានអាច្រម៉ក់នៅក្នុងនោះ…
“ប៉ាសុំទោសដែលប៉ាមិនបានមកមើលថែកូននឹងម៉ាក់ឲ្យបានលឿនជាងនេះ…” គេថើបពោះរបស់ខ្ញុំហើយនិយាយទៅកាន់កូននៅក្នុងផ្ទៃហាក់ដូចជាកូនអាចស្តាប់និងឆ្លើយតបទៅកាន់គេបាន។ ខ្ញុំមិនដឹងថាគួរសប្បាយចិត្តឬអត់ទេនៅពេលនេះ ប៉ុន្តែនៅពេលដែលគេនិយាយជាមួយកូនខ្ញុំក៏សម្រក់ទឹកភ្នែកម្តងទៀត គេប្រហែលជាស្រលាញ់កូនណាស់ហើយ ហើយគេប្រហែលជាកាន់តែស្រលាញ់បើកូនមិនមែនជារបស់ខ្ញុំ ប៉ុន្តែជាកូនរបស់គេជាមួយចាស្មីន…
(សូដេម៉ាខម…)
ជ៊ុប…
គេថើបកញ្ចឹងករបស់ខ្ញុំមួយខ្សឺតជាការសួស្តីនៅពេលព្រឹក ចំណែកដៃរបស់គេក៏អង្អែលពោះរបស់ខ្ញុំជាប់ដូចគ្នា…
“ឃីរ៉ា បងនឹកអូន…” គេខ្សឹបប្រាប់នៅក្បែរត្រចៀករបស់ខ្ញុំ។ ខ្ញុំមិនដឹងថានោះជាអារម្មណ៍អ្វីឲ្យប្រាកដទេ ខ្ញុំរំភើប ប៉ុន្តែមិនអាចរំភើប គេនឹកខ្ញុំឬនឹកមុខរបស់ខ្ញុំឲ្យប្រាកដទៅ…
“នឹកបងទេ ហ៊ឹម?” គេបន្តថើបកញ្ចឹងករបស់ខ្ញុំជាច្រើនកន្លែង…
“ស៊ូដាន! ពេលនេះលោកបានអ្វីដែលលោកត្រូវការហើយ… ដោះលែងខ្ញុំទៅបានទេ ហ្អឹក… ខ្ញុំពិតជាមិនចង់ឈឺចាប់ជាងនេះពិតមែន? ពួកយើងអហោសិកម្មឲ្យគ្នាទៅ ចាត់ទុកថាខ្ញុំសុំ…” ខ្ញុំមិនអាចបញ្ចប់ប្រយោគរបស់ខ្លួនបានព្រោះគេថើបមាត់របស់ខ្ញុំជាប់ មុននឹងអោបករបស់ខ្ញុំពីក្រោយ…“ឃីរ៉ា… អ្វីដែលបងនិយាយយប់មិញជាការពិត សូមអង្វរកុំនិយាយបែបនេះទៀតអី! កុំចង់ចាកចេញពីបងអីបានទេ? គ្មានអូនបងពិតជាអាចស្លាប់មែន… បងនឹកអូនប្រពន្ធសម្លាញ់…”
“លោកមិនបាននឹកខ្ញុំ លោកក៏ដឹងចម្លើយនៅក្នុងចិត្តនោះច្បាស់…” ទឹកភ្នែកនៃការតូចចិត្តរបស់ខ្ញុំក៏រមៀលស្រក់ចុះមក។
“ចាស្មីនមិនពាក់ព័ន្ធក្នុងរឿងនេះ ឃីរ៉ា បំភ្លេចរឿងចាស់ ផ្តល់ឱកាសឲ្យបងម្តងបានទេ? បងសុំឱកាស! តែម្តងប៉ុណ្ណោះ ជីវិតដែលសេសសល់របស់បង បងគ្មានថ្ងៃធ្វើឲ្យអូនឈឺចាប់ម្តងទៀតឡើយអូនសម្លាញ់…”
“ហេតុអ្វីក៏ធ្វើបែបនេះ ហ្អឺក… ហេតុអ្វីក៏ធ្វើឲ្យបេះដូងខ្ញុំមិនអាចភ្លេចលោកបានបែបនេះ?” សម្តីដែលលាយឡំជាមួយនឹងសម្លេងអួលដើមករបស់ខ្ញុំ ធ្វើឲ្យគេប្រញាប់ចាប់មុខរបស់ខ្ញុំងាកទៅមើលហើយថើបមាត់របស់ខ្ញុំមុននឹងនិយាយ…
“ព្រោះអូនក៏ធ្វើឲ្យបងភ្លេចអូនមិនបានដូចគ្នា… បងសារភាពថាពេលដែលបងបានជួបអូនដំបូងបងគិតថាអូនជាចាស្មីន ហេតុនេះទើបបងប្រើល្បិចគ្រប់យ៉ាងដើម្បីបានអូនមកនៅក្បែរ ប៉ុន្តែគ្រាន់តែស្នាមថើបដែលអូនឲ្យមកបងនៅយប់ដំបូងដែលអូនជួបបងនោះ វាធ្វើឲ្យអូនឆ្លាក់ជាប់នៅក្នុងបេះដូងរបស់បងបាត់ទៅហើយ ជឿឬមិនជឿនេះជារឿងពិតណាឃីរ៉ា បងស្រលាញ់អូនពិត មិនថាអូនមានមុខមាត់បែបនេះឬអត់ក៏ដោយ… អូនជាឃីរ៉ា គ្រប់ពេលដែលបងនៅជាមួយអូន បងមិនធ្លាប់គិតថាអូនជាអ្នកផ្សេង ឃីរ៉ា ជឿចិត្តបងអូនសម្លាញ់ បងនិយាយគ្រប់យ៉ាងជារឿងពិត…” គេអោបខ្ញុំកាន់តែខ្លាំងឡើងហាក់ខ្លាចខ្ញុមបាត់ទៅណា។ ខ្ញុំស្តាប់សម្លេងបេះដូងរបស់គេដែលកំពុងតែប៉ះខ្នងរបស់ខ្ញុំបានយ៉ាងច្បាស់…
“ស៊ូដាន…”
“បងសុំទោសដែលមិនប្រាប់អូនតាមត្រង់ ប៉ុន្តែឃីរ៉ាហ៎ា បងពិតជាខ្លាច បងខ្លាចថាពេលដែលអូនដឹងហើយអូននឹងខឹងបងហើយចាកចេញពីបង ហើយអ្វីដែលបងខ្លាចវាក៏ក្លាយជាការពិតអូនពិតជាបានចាកចេញពីបងមែន…” គេនិយាយជាមួយនឹងមុខដែលអោនមកប៉ះនឹងដងកាំបិតរបស់ខ្ញុំហើយទឹកភ្នែករបស់គេក៏ស្រក់ចុះមកលើកញ្ចឹងករបស់ខ្ញុំដូចគ្នា…
ខ្ញុំសម្លឹងមើលទៅគេហើយជូតទឹកភ្នែកឲ្យគេមុននឹងនិយាយ…
“ហេតុអ្វីក៏មិនមករកខ្ញុំឲ្យលឿនជាងនេះ? ដឹងទេថាខ្ញុំនឹកដល់លោកប៉ុណ្ណា…” ខ្ញុំនិយាយជាមួយទឹកភ្នែកដូចគ្នា បេះដូងដែលឈឺចាប់ពេលនេះវាបានស្បើយខ្លះ ប៉ុន្តែរបួសស្នាមមិនអាចជាបានភ្លាមៗនោះទេ…
“បងធ្វើអ្វីមិនកើត ចង់អធិប្បាយក៏មិនបានពេលនោះដោយសារតែបងស្លុតពេកដែលអូនដឹងរឿងនេះ… ប៉ុន្តែបងបានជិះឡានទៅតាមអូននៅពេលបន្ទាប់ បងគ្រាន់តែមិនអាចទៅតាមអូនបានដោយសារតែបងជួបគ្រោះថ្នាក់ចរាចរណ៍…”
ខ្ញុំសម្លឹងមើលទៅមុខរបស់គេដោយការភ្ញាក់ផ្អើល…
“កុំបារម្ភអី ពេលនេះបងមិនអីទេ ឲ្យតែបាននៅក្បែរអូនបែបនេះ គេងលើគ្រែត្រឹម ៦ ខែនោះចាត់ទុកថាសមតម្លៃហើយ…” គេនិយាយហើយញញឹម ជាស្នាមញញឹមដែលខ្ញុំចងចាំមិនភ្លេច…
“សុំទោសដែលជាដើមហេតុដែលធ្វើឲ្យបងត្រូវឈឺខ្លួន…”
“កុំសុំទោសអី… បងជាអ្នកខុស បងទើបជាដើមហេតុ បងគួរជាអ្នកសុំទោស…” គេក្តោបដៃរបស់ខ្ញុំហើយយកវាទៅថើបខ្សឺតមុននឹងអង្អែលពោះរបស់ខ្ញុំបន្ត…
“អូនប្រាកដជាលំបាកណាស់ហើយដែលត្រូវពរពោះតែឯងបែបនេះ សុំទោសអូនសម្លាញ់…”
“អូនមានក្តីសុខដែលមានគេ យ៉ាងហោចណាស់ពេលដែលនឹកបងអូនក៏អាចនិយាយជាមួយគេបាន…” ខ្ញុំសម្លឹងមើលទៅមុខរបស់គេ ហើយស្ទាបផ្ទៃមុខដែលមានពុកមាត់តិចៗនោះ…
“ពីពេលនេះទៅ អូននឹងមិនហត់មើលថែគេម្នាក់ឯងនោះទេ ព្រោះបងនឹងមើលថែអ្នកទាំងពីឲ្យស្មើនឹងជីវិតរបស់បង… ផ្តល់ឱកាសឲ្យបងបានមើលថែអូន ធ្វើជាស្វាមីល្អរបស់អូនណា អូនសម្លាញ់…”
“ប៉ុន្តែយើងលែងលះគ្នាហើយ…”
“អ្នកណាថា? អូនជាអ្នកលេងល្បិច ចង់ចាកចេញពីបងដោយមិនព្រមចុះអេតាស៊ីវិល ពួកយើងមិនបានចុះហត្ថលេខាលែងលះ ហេតុនេះអូនជាប្រពន្ធរបស់បង របស់បងតែម្នាក់ ហើយក៏រហូតទៅ…”
គេញញឹមហើយច្បិចចុងច្រមុះរបស់ខ្ញុំមុននឹងផ្ងើយចង្ការរបស់ខ្ញុំទៅថើបយ៉ាងផ្អែមល្ហែមជាការបិទបញ្ចប់ទំព័រនៃសៀវភៅប្រលោមលោកស្នេហារបស់ពួកយើងទាំងពីរនាក់ ហើយរង់ចាំការបើកទំព័រថ្មីនៃកូនជាទីស្រលាញ់របស់ពួកយើង។
ចប់ដោយបរិបូរណ៍ ❤️
热门评论
评论