រឿង ខ្យល់កម្មផ្តាំស្នេហ៍ ភាគបញ្ចប់ - ប្រលោមលោកខ្មែរ
ឆោមស្រស់ដកដង្ហើមធំ៖
"ពេលនេះខ្ញុំជាបងថ្លៃរបស់ឧត្ដមណា យើងត្រូវគោរពសិទ្ធគ្នាទៅវិញទៅមក ដើម្បីបំភ្លេចរឿងចាស់ !"
"បងកំពុងអង្វរព្រះចន្ទ្រឱ្យលេបទុកស្រមោលអូនរួចហើយកុំឱ្យវានៅសល់ក្នុងបេះដូងបងទៀត !"
ឆោមស្រស់ដកយកចិញ្ចៀនសងគេវិញ៖
"ខ្យល់កម្មផ្តាំស្នេហ៍ ហើយគូសបញ្ជាក់នូវពាក្យបែកគ្នាដោយខានមិនបាន សុំប្អូនទុករបស់មរតកនេះប្រគល់ឱ្យប្រពន្ធចុះ !"
ធីតាបង្វិលខ្លួនចេញទៅយ៉ាងលឿន ចូលទៅក្នុងបន្ទប់ផ្សំដំណេក ។ យប់នេះកំសត់គេងជាមួយចន្ថា ។
ឧត្តមក្តាប់ចិញ្ចៀនបញ្ញើក្នុងដៃ ដោយចិត្តក្រៀមក្រំជាទីបំផុត របស់នេះបានវិលមករកម្ចាស់គេវិញហើយ ហើយបញ្ជាក់ថាគ្មាននិស្ស័យទេ ។
ស្រីល្អរ៉ាមីបើកទ្វារចូល ឃើញប្តីដេកធ្វើមុខជូរហួញ.. ស្រីគ្រប់លក្ខណ៍ប្រញាប់រត់ទៅឱបគេ ថ្មមៗ រួចដោះអាវធំចេញ៖
"បងមិនស្រួលខ្លួនឬ ?"
ទេវង្សឱបចង្កេះស្រីជាប់៖
"មិនមែនមិនស្រួលខ្លួនទេ គឺវាមិនស្រួលចិត្ត អូនទៅជួបឧត្តមមែនទេ បងកំពុងបន្ទោសខ្លួនឯងថា ស្នេហាពិតបងយកពីអូនមិនបានទេ !"
ស្រីស្រស់ឱបកប្តីជាប់៖
" កុំនិយាយបែបនេះបង ការពិតគឺអូនយកចិញ្ចៀនទៅឱ្យឧត្តមវិញទេតើ រ៉ាមីស្មោះត្រង់ចំពោះបងជានិច្ចជឿចិត្តអូនចុះ !"
ទេវង្សរីករាយណាស់គេក្រសោបប្រាណស្រីពេញរង្វង់ដៃ៖
"កុំកុហកបងណា៎ ! រ៉ាមីបងស្រលាញ់អូនណាស់ បងមិនចង់ឱ្យអូនរំលឹកក្តីស្រលាញ់ទៅអ្នកណាទេ !"
"ហ៊ឹះ ! កូនមួយហើយនៅប្រចណ្ឌផ្តេសផ្តាសទៀត បងមិនចេះស្រលាញ់នារីពីរក្នុងពេលតែមួយទេ !"
"ចំណែកអូនក៏អញ្ចឹងដែរ !"
ទេវង្សសើចខឹកៗ៖
"កុំកាច់បងពេកប្រពន្ធសំលាញ់ !"
គេអង្អែលថ្ពាល់ដ៏រលោងស្រិលរបស់ស្រីដោយក្តីរំភើប៖
"អូនទៅមើលកូនយើងមួយភ្លែតសិន !"
ទេវង្សសើចកក្អឹក៖
"កុំយកលេសបងមិនល្ងង់ដល់ម្លឹងទេ !"
រ៉ាមីអៀនខ្ទប់មាត់ប្តី៖
"នេះអូនក្តិចជំនួសអេឡែន! ចុះអាណាក្តិចសំរាប់ខ្លួនឯង?"
រ៉ាមីឆ្លើយលែងរួចទៅហើយ ព្រោះមាត់ទេវង្សបិទមាត់នាងជិតស្រេចបាត់ទៅហើយ ។
ឧត្តមបាននាំប្រពន្ធទៅនៅជាមួយឪពុករបស់គេ ឯចំណែកទេវង្សនិងរ៉ាមី នៅជាមួយលោកអេនីដ លោកស្នងការស្រលាញ់កូនប្រសាណាស់ ព្រោះនាងចេះបំរើប្តីនិងឪពុកក្មេកគ្មានទាស់ ។
លោកសរសើរកូនប្រុស ដែលចេះរកប្រពន្ធដ៏ល្អ និងចៅដ៏ស្អាតមកជូនលោក ។ ក្រោយពីបាយពេលល្ងាចរួច កំសត់វាសប្បាយណាស់ ព្រោះបានឪពុកម្តាយនិងជីតា ពបនែ្លងពីដៃមួយទៅដៃមួយចន្ថាអង្គុយញញឹមមើលសុភមង្គលរបស់មិត្តនាង ។
រ៉ាមីផ្គត់ផ្គង់ចន្ថាយ៉ាងបរិបូណ៌ ដាយ៉ានិងលីបាត្រលប់ទៅព្រៃគប់វិញអស់ហើយ ទេវង្សអង្អែលស្មាភរិយា៖
"បងដាក់ឈ្មោះឱ្យកូនយើងថា វង្សហស្សិកា វាជាតំណាងភាពរីករាយនិងសុភមង្គលក្នុងគ្រួសារយើងណាអូន ! ឈ្មោះកំសត់គឺម៉ាក់វាចង់កាច់ប៉ាវា មិនឱ្យប្រើទាល់តែសោះ !"
រ៉ាមីញញឹមលើកកូនថើបញីញក់ អ្នកប្រុសទាញកូនចេញ ៖
"ថើបប៉ាវាវិញក្រអូបជាង !"
ធីតាសំលក់ព្រោះអៀននឹងឪពុកក្មេក លោកអេនីដញញឹមហុចដៃ៖
"ឱ្យហស្សិកាមកប៉ា ដឹកចៅដើរលេងមួយជុំ តោះចេញទៅជាមួយអ៊ំណាចន្ថា !"
ទេវង្សញាក់មុខដាក់ប្រពន្ធ រួចខ្សឹបដាក់ត្រចៀក៖
"ប៉ាដឹងទុក្ខធុរៈកូនៗមែន!"
ស្រីហួសចិត្តក្តិចស្លឹកត្រចៀក ជាមួយនឹងសំណើចរីករាយទទួលអនាគតភ្លឺថ្លារបស់នាងដោយក្តីពេញចិត្ត ។
ចប់ដោយបរិបូណ៌!
និពន្ធដោយ៖ អ្នកស្រី ម៉ៅសំណាង

热门评论
评论