ស្វែងយល់ពីទម្រង់កិច្ចសន្យាទិញលក់ដីធ្លី ឬផ្ទះ នៅកម្ពុជា
តើលោកអ្នកដែលធ្លាប់សង្កេតទេថា កិច្ចសន្យាទិញលក់ដីធ្លី ឬផ្ទះ ត្រូវបានធ្វើឡើងជាច្រើនទម្រង់? ជាទូទៅ កិច្ចសន្យា ទិញលក់ដីធ្លី ឬផ្ទះ ឬអចលនទ្រព្យដទៃទៀត ត្រូវបានធ្វើឡើងជាច្រើនទម្រង់ ប៉ុន្តែជាទូទៅទម្រង់នីមួយៗនេះ ត្រូវគេហៅថា លិខិតយថាភូត។

បើតាមមាត្រា៩ នៃច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី បានកំណត់ថា កិច្ចសន្យាលក់ទិញ ឬកិច្ចសន្យាប្រទានកម្ម ចាំបាច់ត្រូវមានលិខិតយថាភូត ដើម្បីបង្កើតអនុភាពកិច្ចសន្យាក្នុងគោលបំណងផ្ទេរកម្មសិទ្ធិអចលនវត្ថុ។
ដូចនេះ កិច្ចសន្យាលក់ទិញអចលនវត្ថុ ត្រូវធ្វើឡើងតាមទម្រង់លិខិតយថាភូត ចំនួន ៣ទម្រង់ គឺ៖
១. កិច្ចសន្យាធ្វើឡើងដោយសារការី

រូបភាព៖ ហ្វេសប៊ុកផេក រៀនច្បាប់
កិច្ចសន្យាប្រភេទនេះ គឺត្រូវបានសរសេរឡើងដោយសាការីផ្ទាល់ តែគេកម្រឃើញមានខ្លាំងណាស់ក្នុងប្រតិបត្តិការទិញលក់អចលនវត្ថុនៅកម្ពុជា ដែលផ្ទុយពីប្រទេសបារាំង ដោយសារបច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់មានច្បាប់ស្តីពីសហលក្ខន្តិកៈសាការីនៅឡើយ។ ប្រភេទនៃលិខិតយថាភូតមួយនេះ មានតែក្នុងទ្រឹស្តីច្បាប់តែប៉ុណ្ណោះ។
២. កិច្ចសន្យាធ្វើឡើងដោយមានប្រថាប់ត្រាឃុំ សង្កាត់ ឬក្រុង ស្រុក ខណ្ឌ

រូបភាព៖ VOD
កិច្ចសន្យានេះ ធ្វើឡើងដោយមានសរសេរឈ្មោះ អត្តសញ្ញាណដីដែលជាកម្មវត្ថុនៃការចុះបញ្ជី និងចំណុចផ្សេងទៀត ដែលត្រូវសរសេរក្នុងទម្រង់ជាកិច្ចសន្យាមួយ ហើយអនុប្បទានិក អនុប្បទាយី សាក្សីពីររូប ចូលរួមផ្តិតស្នាមមេដៃលើកិច្ចសន្យានៅមុខមេឃុំ ចៅសង្កាត់ ឬអភិបាលក្រុង ស្រុក ខណ្ឌ។
បន្ទាប់មក មេឃុំ ចៅសង្កាត់ ឬអភិបាលក្រុង ស្រុក ខណ្ឌ ចុះហត្ថលេខា និងប្រថាប់ត្រាផ្លូវការ ចំពោះមុខការិយាល័យចុះបញ្ជី។
៣. កិច្ចសន្យាឯកជនបញ្ជាក់ដោយសាការី
នេះជាប្រភេទលិខិតយថាភូតមួយប្រភេទ ដែលធ្វើឡើងដោយបុគ្គលឯកជន ហើយត្រូវបានបញ្ជាក់ពីភាពស្របច្បាប់ដោយសាការី ដែលត្រូវចុះហត្ថលេខា កាលបរិច្ឆេទ និងបានចុះនិទ្ទេសអំពីការបញ្ជាក់នោះ។
ដូចគ្នានេះផងដែរ ការចាត់ចែងហ៊ីប៉ូតែក ដើម្បីធានាបំណុលរវាងម្ចាស់បំណុល និងកូនបំណុល ក៏តម្រូវឲ្យមានលិខិតយថាភូតផងដែរ៕
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: 096 7876 902 (Telegram)/ 066 886 633
WeChat: HB066886633
热门评论
评论