រឿង ទឹកឃ្មុំលាក់ម្ទេស ភាគទី ២ (៤) ប្រលោមលោក
ទម្រាំតែក្មេងតូចឈប់យំក៏ប្រើពេលមួយសន្ទុះ ជីងវៃ ឃើញនាងក្រមុំអង្គុយបីកូនប្រុសយូរក៏ខ្លាចថាចុករួយដៃទើបហៅក្មេងបម្រើឲ្យមកបីចៅរបស់នាងទៅដាក់ក្នុងបន្ទប់ដែលបានរៀបចំទុកហើយ ។
"ឈប់សិន កុំអាលទៅ" ជីងវៃ ហៅពេលឃើញថានាងក្រមុំប្រុងក្រោកទៅតាមក្មេង ។
"ចា៎?” នាងចាំបាច់ត្រូវអង្គុយដូចដើម ។
"ពួកយើងទាំងបីចង់និយាយជាមួយនាងបន្តិច”
"ចា៎" រីវើ តបខ្លីៗ ។
"នាងឈ្មោះអី?"
សំណួរងាយៗ តែពិបាកឆ្លើយក្នុងអារម្មណ៍របស់នាង ។
"អ្នកស៊ើបប្រាប់ថានាងឈ្មោះ វៃយៀក ពិតមែនឬ” ស៊ុងអ៊ីង អន្ទះសាពេលឃើញថានាងយឺតយ៉ាវតបមិនទាន់ចិត្ត ទើបនិយាយខ្លួនឯង ។
"ចា៎" នាងតបទទួលតិចៗ កុំចោទថានាងកុហកអី ក្នុងពេលដែលគ្រប់គ្នាយល់បែបនេះតាំងពីដំបូងដោយខ្លួនឯង តែពាក្យថាអ្នកស៊ើប ក៏ធ្វើឲ្យនាងតក់ស្លុតតិចតួច ។
"ឮគេថានាងមានបងប្អូនភ្លោះម្នាក់ទៀត ពិតមែនឬ ពេលនេះគេនៅឯណា នឹងបានឲ្យមកនៅជាមួយគ្នា" ជីងវៃ សួរបែបអ្នកមានចិត្តសណ្ដោស ។
"គេគេចចេញពីផ្ទះជាងមួយខែហើយ"
"អ៎!!!” ស្ត្រីចំណាស់ទាំងបីឧទានដោយការតក់ស្លុត ។
"គេទៅធ្វើអី មានរឿងអីអីចឹងឬ?" ស៊ុងអ៊ីង សួរ ។
"គេទ្រាំនឹងការលំបាកជាមួយម៉ាក់កូនយើងទាំងពីរមិនបាន”
នាងតបតាមការពិត...ក្នុងពេលដែលលំបាកលំបិន វៃយៀក ដែលជាស្រីស្អាតទ្រាំមិនបាន ទុកកូនដែលជាក្មេងមិនទាន់គ្រប់មួយខួបឲ្យនាងចិញ្ចឹមមើលថែ តែម្តាយរបស់ក្មេងបែរជាទៅបាត់ឈឹងដូចចូលទៅក្នុងពពក ។
"គួរឲ្យស្អប់ណាស់មនុស្សបែបនេះ ប្អូនស្រីបង្កើតនិងក្មួយតូចរបស់ខ្លួនឯង ចេះទុកចោលទៅកើត” លោកយាយ ចាង និយាយបន្ទាប់ពីអង្គុយស្ងាត់ស្ងៀមមិនបញ្ចេញយោបល់យ៉ាងយូរ ។
រីវើ នៅស្ងៀម ឲ្យប្រាប់គ្រប់គ្នាបានយ៉ាងម៉េចថា នាងហ្នឹងហើយគឺជាអ៊ំស្រីដែលចិញ្ចឹមមើលថែចៅប្រុសរបស់ពួកគេ អ្នកដែលទ្រាំមិនបាននិងគេចទៅ គឺជាម្តាយបង្កើតរបស់ក្មេងតូច ។
"នេះការរស់នៅប្រហែលជាលំបាកហើយមើលទៅ” ស៊ុងអ៊ីង និយាយ នាងមើល រីវើ តាំងពីក្បាលដល់ចុងជើងគ្រប់ពេល ។
"ចា៎ គឺលំបាកតិចតួច គ្មានអ្នកមើលថែកូនឲ្យ មិនបានទៅធ្វើការ រហូតដល់ត្រូវថៅកែដេញចេញ”
"ស្លាប់ហើយ អីចឹងតើទើបឃើញនាងស្គមថ្នាក់នេះ ប្រហែលលំបាកខ្លាំងណាស់ហើយមើលទៅ” ស៊ុងអ៊ីង និយាយញឹមៗ ទោះជាខ្សែភ្នែករបស់នាងមើលទៅគ្មានការមើលងាយតែក៏ធ្វើឲ្យមុខរបស់ រីវើ ក្តៅដូចគេយកទឹកក្តៅមកជះដាក់ ។
"តែតាមដែលមើលទៅ ចៅខ្ញុំក៏ផ្លោសល្អ អ្នកបង នេះបង្ហាញថានាងចិញ្ចឹមមើលថែកូនបានល្អ មិនព្រមឲ្យដាច់ពោះ" ជីងវៃ និយាយ ។
"ចា៎ បើសិនលោកស្រីមិនឲ្យអ្នកប្រុស ចាង ទៅទទួលយើងពីរនាក់ម៉ាក់កូនទេ ប្រហែលដាច់ពោះស្លាប់ក្នុងពេលមិនយូរនេះ"
នាងនិយាយត្រង់ៗ ។
"គួរឲ្យអាណិតមែន ហើយនេះប្រហែលជាឃ្លានហើយ” ជីងវៃ អ្នកដែលមានចិត្តសណ្តោសនិយាយ មុននឹងងាកទៅរកក្មេងបម្រើដែលឈរចាំនៅមាត់ទ្វារ ។
"ឈូឈូ ជួយនាំកូនប្រសាទៅរកអីញ៉ាំទៅ"
"ចា៎ អ្នកស្រី" ឈូឈូ ងាកទៅញញឹមដាក់នាងក្រមុំ ។
រីវើ ងាកទៅញញឹមដាក់គ្រប់គ្នា មុននឹងដើរតាម ឈូឈូ ចេញទៅ តែដើរមិនទាន់ផុតមាត់ទ្វារស្រួលបួលផង សំឡេងរបស់ ស៊ុងអ៊ីង ក៏ហៅឲ្យនាងឈប់ ។
"ញ៉ាំអីឆ្អែតហើយ ចាំឲ្យ ឈូឈូ នាំទៅរកពួកយើងនៅបន្ទប់របស់នាងនិងកូន...វៃយៀក”
"ចា៎" នាងក្រមុំមានអារម្មណ៍រឹងខ្លួនពេលឮ ស៊ុងអ៊ីង ហៅឈ្មោះខ្លួនឯង ហើយនៅចង់ឲ្យនាងទៅជួបនៅបន្ទប់ទៀត វាមានអ្វីដែលត្រូវអប់រំប្រៀនប្រដៅអីចឹងឬ?
រីវើ មានអារម្មណ៍ខ្លាចខ្សែភ្នែកដែលមានន័យរបស់គ្រប់គ្នាដល់ថ្នាក់អាការដែលឃ្លានអាហាររលាយបាត់ សល់ត្រឹមតែភាពភ័យខ្លាចចូលមកជំនួស ។
ប្រភពអត្ថបទ៖ OBSOK BOOK
热门评论
评论