រឿង ទឹកឃ្មុំលាក់ម្ទេស ភាគទី ៤ (៤) ប្រលោមលោក
"ម៉ាក់ លោកយាយ អ៊ំស្រី” រីវើ ឱនគំនាប់ដាក់គ្រប់គ្នា "សុំ
អង្វរទៅចុះ មានហេតុផលផ្សេងក្រៅពីអ្វីដែលនិយាយទៀតទេ?”
នាងក្រមុំមើលមុខស្ត្រីចំណាស់ទាំងបីម្តងម្នាក់យ៉ាងប្រាកដប្រជា ។
"ទោះខ្ញុំជាអ្នកនៅជនបទ ការសិក្សារៀនសូត្របានតិចតួច តែខ្ញុំក៏អាចដឹងថាស្អីជាស្អី ការដែលចង់ឲ្យខ្ញុំរៀបការជាមួយគេ វាមានហេតុផលច្រើនជាងនេះមែនទេ?”
ស្ត្រីចំណាស់ទាំងបីងាកទៅមើលមុខគ្នាដើម្បីប្រឹក្សាគ្នាតាមខ្សែភ្នែក មុននឹង ជីងវៃ ជាអ្នកចរចាដោយខ្លួនឯង ។
"នាងនិយាយនេះក៏មិនខុសប៉ុន្មានដែរ ព្រមទទួលថាមានអ្វីម្យ៉ាងដែលយើងបិទបាំង”
"វាជាស្អី បើសិននិយាយមកមានហេតុផលគ្រប់គ្រាន់ ខ្ញុំនឹងព្រមទទួលស្ដាប់ ហើយអាចនឹងធ្វើតាមក៏ថាបាន”
"គឺ...ពួកយើងសង្ស័យថា ជីនហាវ ជា Gay" ជីងវៃ និយាយដោយសំឡេងនៅចុងច្រមុះដូចអ្នកដែលជិតយំ ។
"G...Gay អីចឹងឬ?" នាងក្រមុំសឹងតែរកអណ្តាតខ្លួនឯងមិនឃើញ ។
"មែន" ស៊ុងអ៊ីង ឆ្លើយ ។
"ម៉េចក៏គិតថាគេជា Gay?”
"ជីនហាវ មើលថែខ្លួនឯងយ៉ាងល្អ នាងមិនឃើញទេឬ ថាមុខរបស់គេសរលោងជាងមនុស្សស្រីខ្លះទៅទៀត”
"ចា៎ គឺឃើញស្រាប់ទៅហើយថាមុខរបស់គេសរលោងជាងមុខខ្ញុំទៅទៀត” នាងមើលមុខរបស់ស្រ្តីចំណាស់ទាំងបី "តែនេះមិនមែនជាចំណុចដែលចង់យកមកគិតថាគេជា Gay បានទេ មានរឿងជាច្រើនទៀតដែលបុរសមុខមាត់សង្ហាស្រលាញ់ភាពស្អាតបាតនិងមើលថែខ្លួនឯងបានល្អ តែមិនមែនជា Gay"
"ខ្ញុំមិនប្រកែកទេរឿងនោះ តែមានមនុស្សប្រុសប៉ុន្មាននាក់ទៅដែលមិនចេះផឹកស្រា មិនដើរលេង មិនសេពគប់មិត្តស្រី មានតែមិត្តប្រុសៗដែលស្និទ្ធស្នាលគ្នា ខណៈទៅណាមកណាក៏ដេកជាមួយគ្នា”
រីវើ ដៀងភ្នែកមើលមុខរបស់ ជីងវៃ នឹកសង្ស័យស្រាប់ទៅហើយថារឿងត្រឹមតែប៉ុណ្ណឹង ទើបគ្រប់គ្នាត្រូវនាំគ្នាគិតច្រើនដែរ ។
មិនចម្លែកទេដែលមនុស្សប្រុសមានមិត្តភេទដូចគ្នា និងដេកជាមួយគ្នា ជារឿងដែលនាងគិតថាវាធម្មតា បើសិន ជីនហាវ ទៅដេកជាមួយស្រីទើបត្រូវខ្វល់ ព្រោះខ្លាចមានបញ្ហាឲ្យទទួលខុសត្រូវ ។
"វាមិនចម្លែកទេ បើគិតថាគេទៅដេកជាមួយមិត្តភក្តិប្រុសៗ”
"វាប្រហែលមិនចម្លែកបើសិនអាម្សៀ ចុងស៊ីន អ្នកដែល ជីនហាវ ទៅដេកជាមួយញឹកញាប់មិនមែនជា Gay"
"អ្ហា៎ស...” នាងក្រមុំចំហមាត់ធ្លុងពេលឮសម្តីរបស់លោកយាយ ចាង ។
"ឃើញទេ ព្រោះដូច្នេះទើបខ្ញុំចង់ឲ្យនាងទទួលសម្ដីរបស់ពួកយើង”
សម្តីរបស់ ជីងវៃ ដូចជាចងដៃចងជើងនាងឲ្យច្បាស់ក្រឡែតនាងក្រមុំព្យាយាមគិតដល់បុរសរាងខ្ពស់ធំ កែវភ្នែកមុតស្រួចភ្លឺផ្លេកឲ្យគិតយ៉ាងម៉េចក៏គិតមិនចេញ...បុរសមុខមាត់សង្ហាលំដាប់ទេវបុត្ររបស់ ចាង ជីនហាវ ម្នាក់នេះឬជា Gay? អាចទៅរួចដែរទេថាស្ត្រីទាំងបីមានការយល់ច្រឡំ?
"មានយល់ច្រឡំអីឬអត់ អាចនឹងមានអ្វីដែលខុសឆ្គង ធ្វើឲ្យគ្រប់គ្នាយល់ច្រឡំ”
"មិនខុសទេ រឿងបែបនេះ អ្នកស៊ើបរបស់យើងមិនដែលធ្វើការភ្លាត់"
កែវភ្នែករបស់ រីវើ ភ្លឺផ្លេកពេលឮពាក្យថា អ្នកស៊ើប ដែលជីងវៃ និយាយដល់ ។ វាមិនយ៉ាប់ទេថាហេតុអីទើបគ្រប់គ្នាដឹងថានាងពីរនាក់អ៊ំក្មួយនៅឯណា ហើយឋានៈពិតប្រាកដក៏ជាក្មួយនិងអ៊ំមិនមែនជាម៉ាក់និងកូន ។
"សម្រេចថាច្បាស់ហើយមែនទេ?" នាងក្រមុំនៅតែចង់ស្ដាប់ពាក្យបដិសេធពីគ្រប់គ្នា រហូតដល់ត្រូវសួរបញ្ជាក់ម្ដងទៀត ។
"មិនថានាងចង់សួរប៉ុន្មានដងទៀត ចម្លើយនៅតែដូចមុន”
ស៊ុងអ៊ីង ឆ្លើយ ។
"ហើយគិតយ៉ាងម៉េចទើបឲ្យអ្នកស៊ើបទៅស៊ើប?”
"ព្រោះតាំងពី ជីនហាវ ពេញកំលោះ មិនធ្លាប់សេពគប់ឬ មានមិត្តស្រីអីម្នាក់” ចម្លើយនេះនាងក្រមុំបានពីលោកយាយ ចាង ។
ស្រ្តីចំណាស់ទាំងបីងាកទៅមើល រីវើ ដោយខ្សែភ្នែកអង្វរករ មុខដែលចាប់ផ្ដើមជ្រីវជ្រួញទៅតាមពេលវេលារាងសោកសៅ ទុក្ខវេទនាដែលគិតថាចៅប្រុសច្បងនឹងក្លាយជាអ្វីដែលខុសធម្មជាតិធ្វើឲ្យនាងគិតច្រើន រាងកាយដែលធ្លាប់មានសាច់ឈាម ឥឡូវនេះចាប់ផ្តើមស្គមស្គាំង ស្បែកចាប់ផ្តើមជ្រួញឲ្យឃើញបានច្បាស់ ។
រីវើ ដកដង្ហើមធំម្តងហើយម្តងទៀត ក្តីអាណិតកើតឡើងក្នុងចិត្ត រហូតដល់អត់មិនបាននឹងងក់ក្បាលទទួលសន្យា ពេលឃើញខ្សែភ្នែកដែលមើលមកដោយការអង្វរកររបស់ស្ត្រីជរា។
"យល់ព្រម ខ្ញុំព្រមរៀបការ បើសិនគេព្រមរៀបការជាមួយខ្ញុំ"
ប្រភពអត្ថបទ៖ OBSOK BOOK
热门评论
评论