រថយន្ត Lexus LX470 ដែលពេញនិយមកាលពី 20 ឆ្នាំមុននៅពីសំណាក់អភិជននៅកម្ពុជា
រថយន្ត Lexus Lx470 នេះគឺជាតារារះកាលពីជាង 20 ឆ្នាំមុនកាលចេញដំបូងមានតម្លៃនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងជាង 10 ម៉ឺនដុល្លារកាលជំនាន់នោះវាគឺជាអធិរាជលើដងវិថី។

ពាក្យថាភ្នំមួយខ្ពស់តែងតែមាននូវភ្នំមួយខ្ពស់ជាងហ្នឹងទៅទៀតថ្វីត្បិតតែរថយន្ត Land Cruiser គឺជាស្ដេចរថយន្ត SUV ខ្នាតធំរបស់ក្រុមហ៊ុនផលិតរថយន្ត Toyota ដែលមានវត្តមានឈរជើងលើទីផ្សារអស់កាលវេលាជាយូរមកហើយក្ដី។
នៅពេលដែលក្រុមហ៊ុនផលិតរថយន្ត Lexus បានបញ្ចេញនូវត្រកូល LX មកកាន់ទីផ្សារមុនដំបូងជាពិសេសគឺទីផ្សារសហរដ្ឋអាមេរិកពេលនោះគឺសង្កេត ឃើញថាមានសន្ទុះនូវការគាំទ្ររប្រៀបប្បីដូចជាទឹកបាក់ទំនប់។

ប្រើប្រាស់នូវតួរខ្លួនជាមួយនឹងរថយន្ត Land Cruiser ដែលមានភាពធន់និងសមត្ថភាពនៃការបើកបរនៅគ្រប់ស្ថានភាពផ្លូវគឺមិនខុសពីគ្នាទេ។
តែអ្វីដែលខុសគ្នាគឺជាការបំពាក់មកនូវបច្ចេកវិទ្យាទំនើបមុខងារពិសេសៗរួមទាំងការរចនាប្រកបដោយប្រណិតភាពដែលវាបានផ្ដល់ឱ្យដល់អ្នកប្រើប្រាស់ទាំងឡាយនូវ ៖
- ប្រណិតភាព
- ផាសុកភាព
- សុវត្ថិភាព

ដែលយើងអាចនិយាយបានថាជាការបំពេញបន្ថែមនូវចំណុចដែលគួរបន្ថែមរបស់រថយន្ត Toyota Land Cruiser
ក្រោមទម្រង់ជារថយន្ត SUV ខ្នាតធំនិងប្រណិតរបស់រថយន្ត Lexus LX470 នេះគឺពិតជាបានឆក់យកបេះដូងអ្នកប្រើប្រាស់មិនតិចទេក្នុងទីផ្សារពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ។
សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកឧកញ៉ាអ្នកឧកញ៉ាលោកប្រុសលោកស្រីអ៊ំពូមាមីងលោកតាលោកយាយនៅចាំបានទេ ?
កាលពីចន្លោះពីជាង 10 ឆ្នាំទៅ 20 ឆ្នាំមុនថាតើរថយន្ត Lexus LX470 មានកិត្តិស័ព្ទល្បីប៉ុណ្ណា ?
ដំណើរវិវត្តឥតឈប់ឈរនៃពេលវេលា ពាំនាំមកនូវការអភិវឌ្ឍន៍ជឿនលឿននៃបច្ចេកវិទ្យារបស់រថយន្ត Lexus LX470 នេះបានផ្លាស់ប្តូរទៅជារថយន្ត Lexus LX570 វិញហើយរហូតមកទល់ពេលដែលលោកអ្នកទាំងអស់គ្នាបានដឹងរួចមកហើយគឺរថយន្ត Lexus LX570 ត្រូវបានជំនួសទៅដោយរថយន្ត Lexus LX600 ទៀតបាត់ទៅហើយដែលប្រើប្រាស់ម៉ាស៊ីនត្រឹមតែ V6 តែផលិតបានកម្លាំងរហូតដល់ទៅជាង 400HP ។

ទោះជាអ្វីមានការផ្លាស់ប្ដូរតែអនុស្សាវរីយ៍នៅតែគង់វង្សដ៏ដែល។
ជាការពិតណាស់រថយន្ត Lexus LX470 នេះគឺស្ថិតនៅក្នុងជំនាន់ទី 2 នៃត្រកូល LX ដែលជាអ្នកបន្តវេនពីរថយន្ត Lexus LX450 ក៏ដោយ។
រថយន្ត Lexus LX470 នេះមានឆ្នាំផលិតចាប់ពីឆ្នាំ 1998 - 2008 ។
ពីឆ្នាំ 1998 - 2000 គឺមិនសូវជាមានការប្រែប្រួលច្រើនទេប៉ុន្ដែពីឆ្នាំ 2001 ទៅគឺជាការចាប់ផ្ដើមនៃការអភិវឌ្ឍន៍ ជាពិសេសគឺចាប់ពីឆ្នាំ 2004 រហូតដល់ឆ្នាំ 2007 ។
រថយន្ត Lexus LX470 នេះមាននូវ ៖
- បណ្ដោយ 4890 មីលីម៉ែត្រ
- ទទឹង 1941 មីលីម៉ែត្រ
- គម្លាតកង់ 2850 មីលីម៉ែត្រ
- កម្ពស់ 1849

ចំពោះការរចនាគឺមិនសូវជាមានភាពខុសគ្នាខ្លាំងពីរថយន្ត Toyota Land Cruiser នោះទេបើនិយាយពីផ្នែកខាងក្រៅគឺខុសត្រង់ចង្កៀងខាងមុខត្រូវបានបែងចែកចេញជា 2 ថតផ្សេងពីគ្នា។
បើនិយាយពីផ្នែកខាងក្នុងវិញរថយន្ត Lexus LX470 នេះបានបំពាក់មកជាមួយនឹងពូកស្បែកដែលមានគុណភាពខ្ពស់ដែលផ្ដល់នូវផាសុកភាពក្នុងការអង្គុយហ្វូមីកាឈើបង្កើតនូវប្រណិតភាពចង្កូតអូតូម៉ាតិចប្រអប់ក្លាសេភេសជ្ជៈរួមជាមួយនឹងបូមខ្យល់តម្លើងទម្លាក់កម្ពស់អូតូម៉ាតិច។

រថយន្ត Lexus LX470 នេះគឺជាប្រភេទរថយន្ត Fulltime 4WD ដែលមានបំពាក់មកនូវចង្កឹះលេខកាពីតាស់ដែលសាកសមសម្រាប់ការប្រើប្រាស់បើកបរលើស្ថានភាពផ្លូវពិបាកៗគួបផ្សំជាមួយនឹងការបំពាក់ជាមួយនឹងម៉ាស៊ីនសាំង V8 ដែលលេខកូដម៉ាស៊ីន 2UZ-FE ទំហំ 4.7 លីត្រដែលមានកម្លាំង 271HP និងកម្លាំងរមួល 427NM ។
ប្រអប់លេខមានជាជម្រើស ៖
- 4 វគ្គអូតូម៉ាតិច
- 5 វគ្គអូតូម៉ាតិច
តម្លៃបច្ចុប្បន្ននៅក្នុងទីផ្សារកម្ពុជាមានចាប់ពី 1 ម៉ឺនក្រាស់រហូតដល់ជាង 5 ម៉ឺនដុល្លារស្តើងទៅតាមឆ្នាំផលិតពណ៌និងស្ថានភាពជាក់ស្ដែងនៃរថយន្ត។

តើបងប្អូនណាខ្លះគឺជា Fan របស់រថយន្ត Lexus Lx470 នេះ?
ប្រភព : Lexus USA Newsroom

热门评论
评论