រឿង ផ្សះផ្សាបេះដូងឈោងចាប់ស្នេហា ភាគទី ១០ (៤) ប្រលោមលោក
"តាមពិតគឺឯង! ឯងបញ្ជូនមនុស្សមកគំរាមខ្ញុំមែនទេ"
ខណៈដែលលោកពុក យួន ត្រៀមចាត់ការម្តងទៀត សុខៗក៏មានកំណាត់ជូតតុមួយហោះមកធ្លាក់លើក្បាល អូលិវើរ៍ ល្មម ។
"អាថោក! គឺឯងអ្ហេ៎សដែលចង់បោសយកដីម្ដុំនេះ ឯងវាថោកទាប! ចង់កែប្រែដីម្តុំនេះ ចុះ ភីងអាន់ណាយត៍បាសារ៍ ឲ្យធ្វើយ៉ាងម៉េច”
អ៊ំតៅហ៊ូស្អុយ ដើរមកខាងមុខដោយដំណើរពេជ្ឈឃាត ។
ភ្លាមនោះសំឡេងឡូឡាលាន់ឮម្ដងទៀត ។
"អ៊ំប្រុស ខ្ញុំសុំអង្វរ សូមមេត្តាឲ្យខ្ញុំបានជួបនឹង ស៊ែលលី ម្ដងទៅខ្ញុំដឹងថាខ្ញុំមិន...” អូលិវើរ៍ គាំងសម្តី ព្រោះសុខៗក៏មានវែកដែលមិនដឹងមកពីណាហោះឆាសគេ ។
គេងាកយឺតៗទៅមើលជុំវិញខ្លួន មើលក្រុមមនុស្សដែលឈរនៅក្រោយខ្នង អ្នកខ្លះកំពុងមើលគេត្រូវអ្នកភូមិចាត់ការដោយទំពាមាន់បំពងយ៉ាងឆ្ងាញ់មាត់ ខ្លះកាន់ចានទឹកស៊ុបស្ងោរឆ្អឹងជ្រូកថ្នាំចិនមើលគេដែលត្រូវចាប់ក្របួច.កអាវ ខ្លះដៃម្ខាងកាន់មឹក ដៃម្ខាងកាន់កែវទឹកផ្លែឈើ ផឹកស៊ីៗ ព្រមទាំងស្រែកគាំទ្រ...
“ដាក់វាឲ្យងាប់ទៅ”
"អាល្អិត ឯងធ្វើការនៅឯណា ចង់ចាត់ការ ភីងអាន់ យើងអីចឹងឬ ប្រាប់ឯងឱ្យដឹង ស្អែកនេះពួកយើងនឹងទៅចងពួកឯងមួយផ្ទះ... រួមទាំងមនុស្សក្នុងក្រុមហ៊ុនឯងទៀត ពួកយើងនឹងលេងឱ្យពួកឯងរស់នៅមិនសុខ” ម្នាក់ដែលនៅក្រោយខ្នងពុក យួន ស្រែក ។
"ពួកយើងគប់ពងមាន់...មិនទេ ចាំខ្ញុំទៅយកពងមាន់មកគប់"
សំឡេងមនុស្សស្រីឮស្រួយស្រែះ ។
"ហ៊ី! ឯងងាប់មិនខានលើកនេះ ហ៊ានធ្វើបាបដួងចិត្តរបស់ក្រុមគ្រួសារ យួន របស់ពួកយើង ប្រាប់ឯងឲ្យដឹង ពួកយើងឲ្យឯងចូលមកបាន តែមិនលែងឱ្យចេញទៅបានដាច់ខាត!”
ពេលនោះអ្ហែ៎ងក៏មានកម្លោះពីរនាក់ប្រជ្រៀតចូលមក ពេលឃើញ អូលិវើរ៍ ម្នាក់ៗស្រឡាំងកាំងមើលមុខគ្នា ។
"ល្បងធំ?"
"វេស្ទ័រ? ថ័ររី? ហេតុអីពួកឯងមកទីនេះបាន" អូលិវើរ៍ សួរដោយទឹកមុខចម្លែក ។
"ខ្ញុំក៏ចង់ដឹងថាហេតុអីក៏បងមកនៅទីនេះដូចគ្នា "
ថ័ររី ក៏សួរដោយការសង្ស័យ ។
ប្អូនប្រុសទាំងពីរមើលមុខល្បងធំដែលថ្ពាល់សុទ្ធតែស្នាមក្រហមដោយសារត្រូវទះតប់ លើក្បាលមានកំណាត់ជូតតុ...
"ខ្ញុំមកតាមរកស្រីរបស់ខ្ញុំ" វេស្ទ័រ និយាយស្ដីមិនបត់បែន "ចុះអ្នកទាំងពីរ?"
"ដូចគ្នា" អូលិវើរ៍ និង ថ័ររី ឆ្លើយព្រមគ្នា ពួកគេទាំងបីទើបតែដឹងនៅពេលនេះថាពួកគេលង់ស្នេហ៍កូនស្រីផ្ទះតែមួយ ។
សំឡេងហ៊ឺហាឮម្ដងទៀត ចំហាយប្រហារសាយភាយយ៉ាងខ្លាំងចេញពីអ្នកនៅជុំវិញខ្លួន ។
លោកពុក យួន សួរបន្តិចទៀតក៏តភ្ជាប់សាច់រឿងបានដោយភាពឆ្លៀវឆ្លាត គេមានកូនស្រីបីនាក់ ថែមទាំងពេលនេះមានបុរសបីនាក់មកប្រាកដខ្លួននៅទីនេះ នោះគឺប្រែថា...ត្រកូល ឡុង បីនាក់បងប្អូនដល់ថ្នាក់ហ៊ានធ្វើបាបចិត្តកូនស្រីទាំងបីរបស់ខ្លួននៅក្នុងពេលតែមួយទោសៈរបស់លោកពុក យួន ឡើងដល់ចំនុច១០០អង្សាហើយ ។
"ពួកយើង ចាត់ការ" ចប់សំឡេងស្រែករបស់ប្រមុខត្រកូល បណ្ដាអ្នកភូមិក៏លោតសង្គ្រប់ត្រកូល ឡុង បីនាក់បងប្អូន ។
ស្ថានការណ៍នៅពេលនេះចលាចល សំឡេងចេចចាចស្រែកគួរឱ្យខ្លាចបំផុត បីនាក់បងប្អូនត្រកូល ឡុង ត្រូវប្រឈមមុខនឹងការដាក់ទោស ការវាយតប់គប់នឹងរបស់របរគ្រប់ប្រភេទដែលមិនធ្លាប់ជួប មិនថាមកពីម្ចាស់តូប ឬ អ្នកជិតខាង ឬ អ្នកដែលមកចោមមើល។
ថែមទាំងពេលខ្លះឆ្អឹងមាន់ ឆ្អឹងជ្រូក នំ ពងមាន់ រួមទាំងស្ពៃជ្រក់ហោះមកពីគ្រប់ទិស ។
រាត្រីមុនបុណ្យភ្លើងគោមមានទាំងគគ្រឹកគគ្រេងនិងមានក្តីសុខ អ្ហា៎! ចង់សម្លាប់គ្នាឱ្យស្លាប់ហើយ ។
ប្រភពអត្ថបទ៖ OBSOK BOOK
热门评论
评论