រឿង ក្រមុំទំនើងកំលោះអង្គរក្ស ភាគទី ៣ (៥) ប្រលោមលោក
"លែងខ្ញុំភ្លាម!" អេម៉ា មិនព្រមចុះចាញ់ ថែមទាំងនិយាយទៅបងធំនោះ "បងធំ ជួយខ្ញុំផង!”
"ចាប់លែងដៃនាងភ្លាម!”
បងធំម្ចាស់ហាងលក់ភេសជ្ជៈលូកដៃចូលមកជួយ ព្រោះគិតថាជារឿងអយុត្តិធម៌ គេគំរាមកំហែងដូចជាក្លាហានណាស់ បើកឆាកនិងចូលមកបំបែកអ្នកទាំងពីរចេញពីគ្នា។
"បងធំ ឈប់ភ្លាម!” នារីម្នាក់ដែលឈ្មោះថា លិនស៊ី ក៏មកដល់ថែមទាំងស្គាល់បងធំលក់ភេសជ្ជៈម្នាក់នេះទៀតផង
។
អេម៉ា គិតថានាងនឹងចូលមករញ៉េរញ៉ៃទៀត ប៉ុន្តែនឹកស្មានមិនដល់សោះថា គ្រាន់តែបងធំឃើញនាងភ្លាមក៏លាន់មាត់...
"ប៉ូលិសមកដល់ល្មម អាម្នាក់នេះជាមនុស្សអាក្រក់ ចង់ចាប់នារីម្នាក់នេះ”
"បងធំ ម្នាក់នេះជាបងប្រុសរបស់ខ្ញុំទេ អាជីពគេគឺជាអង្គរក្ស គេគឺជាអង្គរក្សរបស់អ្នកនាងម្នាក់នេះ” លិនស៊ី ជាអ្នកបញ្ចប់ការយល់ច្រឡំនេះ ។
"ហា៎! នេះ...” បងធំធ្លោយមាត់ស្រែកលាន់ មុខឡើងស្លេក ។
ចំណែក អេម៉ា វិញក៏ភ្ញាក់ផ្អើលណាស់ដែរ នឹកស្មានមិនដល់ទេថានាងគឺជាប្អូនស្រីរបស់ វែលិត ថែមទាំងជាប៉ូលិសទៀតផង ។
បុរសសង្ហាដែលហៅខ្លួនឯងថាជាបងធំ ក៏ជឿសម្តីរបស់ លិនស៊ី ហើយបែរមកសួរ អេម៉ា វិញ "អ្នកនាងមកបោកប្រាស់ខ្ញុំធ្វើអី បើគ្មានប៉ូលិសមកធ្វើជាសាក្សីទេនោះ ខ្ញុំគិតថាវាជារឿងពិតបាត់ទៅហើយ”
អេម៉ា និយាយមិនចេញ បងធំគ្រវីក្បាលហើយបែរមុខទៅលក់ភេសជ្ជៈបន្ត។
"បង វែលិត ខ្ញុំទៅសិនហើយ ព្រោះយប់នេះខ្ញុំត្រូវប្រចាំការ"
លិនស៊ី ដៀងមើលទៅ អេម៉ា មួយភ្លែតក៏ចេញទៅ ។
"មិនគួរឲ្យជឿសោះថា ផ្ទះរបស់លោកគឺជាមនុស្សធ្វើការក្នុងឯកសណ្ឋានទាំងអស់ បើមិនមែនជាប៉ូលិស ក៏ជាអង្គរក្ស...” បបូរមាត់របស់ អេម៉ា ញ័រព្រោះតែការខ្មាសអៀន មិនទៅស៊ើបឲ្យច្បាស់សិនទេបែរជាមកបង្ករឿងនៅកន្លែងប្អូនរបស់គេទទួលខុសត្រូវទៅវិញ នាងពិតជាល្ងើល្ងើពិតមែន ។
វែលិត នៅតែម៉ឹងម៉ាត់ដដែល គេបញ្ចេញសម្លេងបញ្ជានាងយ៉ាងតឹងរឹងជាលើកដំបូង៖
"អ្នកនាងចង់ដើរលេងបន្តក៏បាន ប៉ុន្តែត្រូវតែដើរជិតខ្ញុំជានិច្ច មិនអីចឹងគឺត្រឡប់ទៅផ្ទះវិញ”
នាងមិនដែលឃើញគេខឹងដល់ថ្នាក់នេះទេ សម្លេងមុតមាំធ្វើឲ្យនាងភ្ញាក់ព្រើត ។
"លោកខឹងខ្ញុំពិតមែន...កាចម៉្លេះ! បែបចង់ដាល់មុខខ្ញុំរហូតទាល់តែទ្រាំលែងបានហើយមែនទេ” ទឹកមុខរបស់ អេម៉ា ស្លេកស្លាំង។
គេម៉េចនឹងហ៊ានដាល់នាងទៅ ប្រការសំខាន់គឺនាងត្រូវគេបង្ក្រាបបានហើយ ។
"យ៉ាងម៉េចដែរ អ្នកនាងរើសមួយណា?” គេចង់គំរាមនាងឲ្យរាងចាល ។
"ខ្ញុំចង់ដើរបន្ត ប៉ុន្តែលោកត្រូវតែនៅឲ្យឆ្ងាយពីខ្ញុំបន្តិច" តាមពិតនាងឈឺជើងស្ទើរតែទ្រាំមិនបាន តែនៅធ្វើមាត់រឹង ។
ដៃរបស់គេចាប់ដៃរបស់នាងជាប់ ហើយដើរចេញពីកន្លែងលក់ភេសជ្ជៈ ថែមទាំងមិនខ្វល់ថានាងប្រឹងរើបម្រះយ៉ាងណានោះទេ ព្រោះខំប្រឹងយ៉ាងណាក៏មិនរបូតដែរ មនុស្សម្នាជាច្រើនតាមផ្លូវធ្វើឲ្យនាងបើកឆាកធ្វើសង្គ្រាមជាមួយគេ នាងគ្មានអារម្មណ៍ដើរលេងបន្តទៀតបានតែនៅក្បែរគេក្ដៅក្រហាយដូចភ្លើងឆេះពេញខ្លួន ចំណែកកែងជើងនាងកាន់តែឈឺឡើងៗ នាងស្ទើរតែដួលព្រោះដៃជើងរបស់នាងទន់អស់កម្លាំងទៅហើយ ហើយស៊ុតដែកដែលយួរមកក៏ជ្រុះលើដី ។
"អ៊ុយ...!”
គេទាញនាង មើលមុខគ្នាចំៗ ហើយគិតថាប្រហែលជានាងធ្វើបែបនេះដើម្បីរកឱកាសរត់គេចម្តងទៀត ។
"អ្នកនាងកើតអី?”
ការមិនទុកចិត្តរបស់គេធ្វើឲ្យនាងតូចចិត្តតូចថ្លើម តែស៊ូទ្រាំនឹងការឈឺចាប់មិនព្រមប្រាប់គេ ។
"ខ្ញុំចង់ទៅផ្ទះវិញ"
ពេលនាងព្រមត្រឡប់ទៅផ្ទះវិញតាមសម្រួល គេក៏យល់ស្របហើយឱនចុះរើសស៊ុតដែកដែលនាងទិញមក ហើយក៏បានឃើញកែងជើងរបស់នាងត្រូវស្បែកជើងកែងចោតកកិតឡើងក្លាយជាមុខរបួសនិងមានចេញឈាមមកទៀតផង ។
នាងឈឺជើង តែរឹងរូសមិនព្រមប្រាប់គេមួយម៉ាត់សោះ ។
"អ្នកនាងយួរឥវ៉ាន់ ឡើងមក! ចាំខ្ញុំអៀវ” គេហុចថង់ឲ្យនាង ។
ប្រភពអត្ថបទ៖ OBSOK BOOK
热门评论
评论