រឿង ភ្នាល់ដាក់បេះដូងក្នុង២៤ម៉ោង ភាគទី ៣ (៣) ប្រលោមលោក
ដោយសារតែសិស្សច្បងរបស់គេម្នាក់នោះនៅក្បែរលោកយាយរាល់ថ្ងៃ ធ្វើឲ្យពួក ខ្មោចកំពូលសង្ស័យនៅក្នុងត្រកូល ចូវ នាំគ្នាប៉ាន់ស្មានផ្សេងៗគ្នា ពួកគេចូលចិត្តគិតថា អារ៉ន ផ្គប់ផ្គន់លោកយាយ ព្រោះសង្ឃឹមថាក្នុងខណៈដែលលោកយាយនៅមានជីវិត នឹងបញ្ចុះបញ្ចូលឲ្យ រ៉ូប៊ីន តែងតាំងគេជាប្រធានផ្នែកកាត់ ចុងក្រោយក៏ឲ្យគេគ្រងដំណែងជាប្រធានមន្ទីរពេទ្យ ។
អារ៉ន ទះក្បាលឆ្កែខ្លួនធំស្រាលៗ "ខ្ញុំត្រូវទៅហើយ"
ពេលដែលឃើញសិស្សច្បងមានទឹកមុខរាបស្មើគ្មានអារម្មណ៍ ទឹកមុខមិនបង្ហាញពីក្ដីកង្វល់ឲ្យឃើញច្បាស់ ទើប ហូសេ ទះស្មាគេតិចៗ "ចាំម៉ាភ្លែត ខ្ញុំមានរឿងរំខានបង សុំទោសផង ខ្ញុំដឹងថាពេលនេះបងរវល់ការងារច្រើនណាស់ តែខ្ញុំរកមនុស្សជួយមិនបានពិតមែន”
ហូសេ នាំគេចូលទៅបន្ទប់ពិនិត្យផ្នែកខាងក្នុង ពេលបើកទ្វារហើយ សំឡេង មេវ ក៏បន្លឺឡើងពីជ្រុងបន្ទប់ភ្លាម។
"អាមួយនេះហើយ!" ហូសេ យកឆ្មាសម្បុរ.សខ្មៅចេញពីក្នុងកន្ត្រកមកបី "ក្មេងៗសិស្សសាលាបានឃើញមួយនេះចូលទៅសួនសាធារណៈ មិនដឹងថាធ្វើយ៉ាងម៉េចក៏បីមកគ្លីនិកខ្ញុំ សុំឲ្យខ្ញុំជួយរកអ្នកជួយចិញ្ចឹមវា ខ្ញុំបានឲ្យអ្នកដែលស្រលាញ់ឆ្មាជាច្រើននាក់ហើយ តែថា...” ហូសេ បើកភ្នែកធំៗមួយរំពេច "អ្នកដែលចូលចិត្តឆ្មាមួយចំនួនធំចូលចិត្តនៅស្ងៀមស្ងាត់ តែឆ្មាមួយនេះមិនដឹងយ៉ាងម៉េច ទើបបានជាចូលចិត្តស្រែកខ្លាំងៗ មនុស្សជាច្រើនដែលទទួលវាទៅចិញ្ចឹម ត្រូវស្រែករំខានរហូតទ្រាំលែងបានក៏យកវាត្រឡប់ម៉ោឲ្យខ្ញុំវិញ ម្យ៉ាងទៀតឆ្មាផ្សេងៗទៀតក៏ចូលចិត្តចោមរោមឆាឆៅវា ព្រោះវាចូលចិត្តស្រែករំខានគេ ដូច្នេះខ្ញុំក៏បំបែកវាចេញមក...”
អារ៉ន ជ្រួញចិញ្ចើម ឆ្មាមួយក្បាលនេះមានសំឡេងរំខាន រហូតឆ្មាគ្នាឯងនៅទ្រាំមិនបាន ធ្វើឱ្យគេនឹកដល់មនុស្សម្នាក់ ។
"វាមិនបានរឹងអីទេ គ្រាន់តែចូលចិត្តស្រែក ម៉េវៗ រហូត បើពាក់កណ្តាលយប់មិនលេងជាមួយវា វាក៏ស្រែកមិនឈប់ ហើយក៏ស្និទ្ធជាមួយមនុស្សណាស់ ខ្ញុំថាជាតិមុនវាប្រហែលជាឆ្កែហើយមើលទៅ...ហ៊ើយ លែងខ្វល់ហើយ” គេទុកឆ្មាមួយក្បាលនោះនៅក្នុងរង្វង់ដៃរបស់សិស្សច្បង ។
"បងស្គាល់មនុស្សច្រើន ជួយសួរខ្ញុំបន្តិចផងថាមានអ្នកណាទទួលចិញ្ចឹមដែរទេ”
“រំខានមែន!”
"សុំអង្វរណា៎” ហូសេ ចាប់ដៃសិស្សច្បងយ៉ាងណែន គឺនៅខ្វះតែមិនលត់ជង្គង់ទៅលើកម្រាលប៉ុណ្ណោះ "ខ្ញុំត្រូវរំខានរហូតគេងមិនលក់ជាច្រើនថ្ងៃហើយ មុនឡើងជាច្រើនគ្រាប់ គិតថាជួយធ្វើបុណ្យធ្វើទានទៅចុះ ទុកនៅផ្ទះបងត្រឹមតែមួយអាទិត្យ បើរកមនុស្សចិញ្ចឹមមិនបាន ចាំយកត្រឡប់មកឲ្យខ្ញុំវិញ"
ពេលបដិសេធមិនបាន ទើប អារ៉ន នាំឆ្មាញីដែលចូលចិត្តស្រែកមួយក្បាលនេះទៅឡាន ។
ឆ្មាទូទៅខ្លាចមនុស្សប្លែកមុខ ពេលដែលប្តូរទៅបរិយាកាសថ្មីក៏សឹងតែសម្ងំនៅស្ងៀម តែឆ្មាមួយក្បាលនេះបែរជាបានតែស្រែក ម៉េវៗ តាំងពីឡើងឡាន ពេលដែលគេបើកឡានវាក៏ស្រែក ពេលមកដល់ផ្ទះហើយយកវាមកចុះដើរជុំវិញក៏នៅតែស្រែក ។
"ឯងនេះចូលចិត្តស្រែកមែនទែន!”
"ម៉េវៗ!"
ទោះបីជាពេលងូតទឹកក៏នៅតែស្រែក!
"សុំអង្វរ ជួយស្ងាត់៥នាទីបានទេ!”
"..ម៉េវៗ”
អារ៉ន លើកខ្លួនឆ្មាដែលមានទម្ងន់មិនសូវធ្ងន់ប៉ុន្មាន...គេសាកល្បងនិយាយជាមួយដោយហេតុផល ថាទៅក៏ប្លែក ពេលគេចាប់ផ្តើមអប់រំ ឆ្មាតូចក៏បិទមាត់ហាក់ដូចស្ដាប់ដឹងរឿង មិនកាត់ចង្វាក់គេសូម្បីតែមួយម៉ាត់។
"ឯងក៏ស្គាល់ការបិទមាត់ដូចគ្នាដែរនេ៎ះ!”
"ម៉េវ”
គេច្របាច់ច្រមុះវាតិចៗ គិតមិនដល់ទេថាឆ្មាតូចនេះរួញច្រមុះងើយមុខឡើង ហាមាត់ខាំម្រាមដៃគេតិចៗជាការអង្វរករ។
អារ៉ន អត់ញញឹមមិនបាន គេអេះ.ករបស់វាស្រាលៗ ។
ព្រឹកស្អែកឡើង ផ្ទៃមេឃទើបតែចាប់ផ្តើមស្រឡះ លេសស៊ី យួរកាបូបត្រៀមខ្លួនទៅធ្វើការ ។
ស៊េមមី ដែលពាក់អាវក្រៅដើរចូលផ្ទះបាយ ពេលឃើញកូនស្រីយួររបស់សំពីងសំពោងទើបអត់សួរមិនបាន៖
“កូនត្រៀមអាហារពេលព្រឹកបន្ថែមទៀតមែនទេ?”
“ចា៎”
"របស់អ្នកណា?”
"អារ៉ន"
ស៊េមមី អត់នឹងបង្ហាញទឹកមុខកង្វល់មិនបាន "ថ្មីៗនេះ...កូនស្និទ្ធស្នាលជាមួយគេខ្លាំងណាស់មែនទេ?”
"មែន”
ប្រភពអត្ថបទ៖ OBSOK BOOK

热门评论
评论