រឿង ភ្នាល់ដាក់បេះដូងក្នុង២៤ម៉ោង ភាគទី ៤ (៧) ប្រលោមលោក
"សុំត្រឹមតែខ្ញុំមិននិយាយមួយថ្ងៃ លោកក៏..." បង្វិលខ្លួនបីជុំហើយស្រែកឮៗនឹងព្រុសដូចកូនឆ្កែ មិនល្អទេ ជាអ្នកបម្រើនាងមួយថ្ងៃ ស្ដាប់ទៅមិនអាក្រក់ទេ តែនាងមិនហ៊ាន ឬឲ្យគេប៉ាវអាហារថ្លៃៗនាងមួយពេលក៏ល្អទេ ។
"សុំត្រឹមតែនាងមិននិយាយមួយថ្ងៃ ខ្ញុំនឹងសេពគប់ជាមួយនាង”
លេសស៊ី បើកភ្នែកធំៗ មិនហ៊ានជឿត្រចៀកខ្លួនឯងថាគេដាក់លក្ខខណ្ឌបែបនេះ នេះជាសំណាងលំដាប់ទីពីរដែលនាងមិនហ៊ានសូម្បីតែគិត តែគេបែរជាហាមាត់និយាយដោយផ្ទាល់ ។
"ល...លោ...លោកថាម៉េច?”
ធៀបនឹងការភ្ញាក់ផ្អើលតក់ស្លុតរបស់នាងហើយ អារ៉ន បញ្ជាក់ម្តងទៀតយ៉ាងស្ងប់ស្ងៀម "សុំត្រឹមតែនាងមិននិយាយតែមួយថ្ងៃ ២៤ម៉ោង ខ្ញុំនឹងសេពគប់ជាមួយនាង”
"សេពគប់ជាមួយ...” លេសស៊ី យកដៃចាប់មុខ មានអារម្មណ៍ដូចខ្លួនឯងកំពុងយល់សប្តិ មិននិយាយតែមួយថ្ងៃ នាងក្លាយជាសង្សាររបស់គេបានហើយ!
"តែបើនាងធ្វើមិនបាន តទៅ បើខ្ញុំឲ្យនាងស្ងាត់ នាងក៏ត្រូវស្ងាត់ហាមនិយាយសូម្បីតែមួយម៉ាត់ យល់ទេ?”
"អឺ..."
"ម៉េច! ពិបាកខ្លាំងឬយ៉ាងម៉េច?”
"ខ្ញុំគ្រាន់តែចង់សួរថាលោកធុញនឹងខ្ញុំថ្នាក់នោះមែនទេ?" ចង់ឲ្យនាងបិទមាត់ដោយមិនខ្វល់ថាចាញ់ឬឈ្នះ ឃើញគេដូចជាទ្រាំជាមួយនាងយូរមកហើយ ។
អារ៉ន មិននិយាយអី បានឮសំឡេង ម៉េវៗ! បន្លឺឡើងពីកន្ត្រកឆ្មាដែលនៅក្បែរជើង គេក៏យកឆ្មាចេញមកដាក់គុកគីត្រីឲ្យវាស៊ី បន្ទាប់ពី ឡាក់គី ស៊ីរួចហើយក៏ស្រែក ម៉េវ! មុននឹងឡើងទៅដេកលើភ្លៅគេ។
ចំណែក លេសស៊ី ចង់ឆ្លៀតឱកាសអង្អែលខ្លួនវា តែត្រូវដកចិត្តគ្រប់ពេល ព្រោះក្រញាំដ៏កាចឆ្នាសរបស់វា ។
"វាកាចថ្នាក់នោះ លោកនាំវាទៅមន្ទីរពេទ្យ វាមិនក្រញៅលោកយាយទេអ្ហ៎?”
"អត់ទេ វាក្រញៅនាងតែម្នាក់ហ្នឹង!”
នាងសម្លឹងគេថ្មែមិនព្រិច ទឹកមុខពោរពេញទៅដោយការងឿងឆ្ងល់ "ហេតុអី?"
"ព្រោះវាមិនចូលចិត្តមុខនាង”
"ហើយលោកមិនចូលចិត្តមុខខ្ញុំដែរឬអត់?”
មិនចូលចិត្តមុខនាង? ក្រៅពីមានអារម្មណ៍ថានាងពូកែនិយាយច្រើនបន្តិច គេមិនបានមិនចូលចិត្តមុខនាងទេ មិនអីចឹងដាក់ការភ្នាល់បែបនេះជាមួយនាងបានយ៉ាងម៉េច តែពេលឃើញទឹកមុខមានសង្ឃឹមរបស់នាងហើយ ក៏ខ្លាចថាខ្លួនឯងធ្វើអាក្រក់ដាក់នាងជ្រុល។
"លោកប្រាប់ខ្លួនឯងមិនអីចឹង ថាម្ចាស់របស់វាយ៉ាងម៉េច សត្វចិញ្ចឹមក៏បែបនោះដែរ”
ព្រឹកថ្ងៃបន្ទាប់ លេសស៊ី រត់ចូលទៅបន្ទប់ត្រួតពិនិត្យរបស់ អារ៉ន យ៉ាងស្រស់ស្រាយដូចរាល់ដង តែប្លែក នាងឃើញតែកាបូបឯកសាររបស់គេ អាវពេទ្យដាក់ចោលលើតុ ចំណែកមនុស្សមិនដឹងទៅណា?
បន្ទាប់ពីត្រឡប់ទៅដល់ផ្ទះកាលពីម្សិលមិញ រឹតតែគិត នាងកាន់តែមានអារម្មណ៍ថាមិនចូលចិត្តការលេងល្បិច នាងខ្លាចថាគេមិនរក្សាពាក្យសន្យា ខំចំណាយពេលកន្លះម៉ោងក្នុងការធ្វើសៀវភៅកិច្ចសន្យាមួយក្បាល គោលបំណងដើម្បីឲ្យគេស៊ីញ៉េឈ្មោះទុកជាភស្តុតាង ពីដំបូងតាំងចិត្តថានឹងយកមកឲ្យគេស៊ីញ៉េតាំងពីព្រឹក នឹកមិនដល់ទេថាមិនបានជួបគេ ។
អូមីឡែត និងទឹកតៅហ៊ូដែលទុកចោលនៅលើតុជិតនឹងត្រជាក់ហើយ គេប្រហែលជាមិនបានគេចពីការងារទេដឹង ខណៈដែលកំពុងគិតថាចង់ទូរសព្ទទៅរកគេ ភ្លាមនោះទ្វារក៏បើក...
"នាងធ្វើអីនៅទីនេះ?” រ៉ូស មើល លេសស៊ី ដោយកំហឹងឆេះឆួលភ្លាម មុននឹងយកកាបូបឯកសារ និងអាវពេទ្យរបស់ អារ៉ន ឡើង ។
"អឺ លោកគ្រូពេទ្យ អារ៉ន?"
"នាងមិនដឹងទេ!” រ៉ូស ងើបមុខមើលនាងដោយទឹកមុខឆ្មើងឆ្មៃ "លោកយាយគេស្លាប់តាំងពីព្រលឹមនៅថ្ងៃនេះ ពេលនេះ អារ៉ន នៅបន្ទប់របស់អ្នកជំងឺ”
លោកយាយស្លាប់ហើយ! លេសស៊ី បេះដូងកន្ត្រាក់មួយរំពេចចុះគេវិញ?
ប្រភពអត្ថបទ៖ OBSOK BOOK

热门评论
评论