ស្វែងយល់ពីអត្ថន័យវេច «នំអន្សម» របស់ប្រជាជនខ្មែរ
រដូវកាលបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ ប្រជាជនខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សមជ្រូក អន្សមចេក នំបត់ នំគម ជារៀងរាល់ឆ្នាំ មិនដែលខាន ឲ្យតែដល់រដូវបុណ្យចូលឆ្នាំខ្មែរ ឬរដូវកាលបុណ្យភ្ជុំបិណ្ឌ ពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។
ឲ្យដល់បុណ្យទានម្ដងៗ មនុស្សម្នាជាច្រើនបានញាប់ដៃញាប់ជើង ម្នីម្នារៀបចំវេចនំ ដើម្បីយកទៅប្រគេនព្រះសង្ឃ ឬចែកញាតិមិត្តបងប្អូនបរិភោគជុំគ្នាជាដើម។
ពាក្យ «អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា៖ នំអន្សម ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (ភាគច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន។
មូលហេតុដែលនាំឲ្យមានការវេចនំអន្សម តាមជំនឿសាសនា ៖
យោងតាម ឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់ សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារៈភាគច្រើនតែងតែមានទំនាក់ទំនងនឹងសាសនា តួយ៉ាងដូចជានំអន្សមនេះជាដើម។
ក្នុងសាសនាព្រាហ្មណ៍នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ ដូច្នេះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង «នំគម» ដែលជានំប្រពៃណីខ្មែរ។
ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរ គ្រប់គ្នាទៅហើយ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយើងយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះឯង៕
សម្រួលដោយ៖ Sun Darasy
ប្រភព៖ Freshnews
热门评论
评论