មហាជនបង្ហាញអារម្មណ៍ពេញចិត្ត ខណៈអ្នកបង្កើតមាតិបែបកំប្លែង Yuro Konkat និយាយរឿង «ដុះស្លាបហើយឥលូវ?»
មហាជនជាច្រើនរូបបង្ហាញអារម្មណ៍ពេញចិត្ត និងចែករំលែកព្រោងព្រាតលើបណ្ដាញសង្គមនូវឃ្លីបវីដេអូរបស់អ្នកបង្កើតមាតិការបែបកំប្លែងមួយរូបដែលមានឈ្មោះថា Yuro Konkat បានលើកឡើង និងបកស្រាយពីពាក្យថា «ដុះស្លាបហើយឥលូវ?» ទៅកាន់យុវវ័យមួយចំនួនដែលតែងតែឮពាក្យនេះពីឪពុកម្តាយនិយាយទៅកាន់គាត់។
គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេង Sam បានចូលរួមក្នុងកម្មវិធីមួយ និងបានចែករំលែកនូវជីវិតឯកជនភាពរបស់ខ្លួនដោយលើកឡើងថា ឪពុកម្តាយរបស់គាត់មិនសូវសប្បាយចិត្ត និងនិយាយពាក្យថា «ដុះស្លាបហើយឥលូវ?» ទៅកាន់គាត់ស្របពេលដែលគាត់ក្លាយជាមនុស្សធំចេះគិតពិចារណា ហើយរឹងមាំនឹងអាចមើលថែខ្លួនឯង និងអាចធ្វើអ្វីបានដោយខ្លួនឯងទៅវិញ។
យ៉ាងណាមិញនៅក្នុងឃ្លីបវីដេអូរបស់ Yuro Konkat គឺលោកបានបញ្ជាក់ថា ការផលិតវីដេអូនេះមិនមែនជាការឆ្លើយតបទៅកាន់ Sam នោះទេ គឺគ្រាន់តែចង់បកស្រាយនូវពាក្យថា «ដុះស្លាបហើយឥលូវ?» «បាតជើងប៉ុនអញហើយមែន?» ដែលឪពុកម្តាយតែងតែនិយាយពាក្យទាំងអស់នេះទៅកាន់កូនៗ លុះត្រាតែគាត់ធ្វើអ្វីដែលខុស និងមិនល្អ ទើបលោកទាំងពីរនិយាយពាក្យនេះ។ ក្នុងនាមជាកូនៗនៅពេលដែលឪពុកម្តាយនិយាយពាក្យទាំងអស់នេះហើយ មិនមែនយកសម្តីរបស់គាត់មកដេកគិតពិចារណា និងបង្ហាញអារម្មណ៍ឈឺចាប់ ឬដ្រាមានោះទេ ពីព្រោះតែ Yuro Konkat ជឿជាក់ថាឪពុកម្តាយរបស់យើងមិនមែនជាមនុស្សអាក្រក់រហូតដល់បង្អាក់ដំណើរកូនៗមិនឲ្យដើរតាមគន្លងផ្លូវល្អ និងសុចរិតនោះដែរ។ ហើយលោកបានបញ្ជាក់ថា «ត្រូវចងចាំណាគ្មាននរណាម្នាក់ដែលមើលថែ ផ្តល់ដំបូន្មាន និងចិញ្ចឹមបីបាច់បានល្អ ក្រៅពីឪពុកម្តាយរបស់យើងទេ»។
បន្ទាប់ពីបានឃើញនូវការបកស្រាយយ៉ាងដូច្នេះភ្លាម មានមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររបស់ Yuro Konkat បានចែករំលែកយ៉ាងព្រោងព្រាតដោយអ្នកខ្លះបានលើកឡើងថា តាំងពីស្គាល់បងមក ទើបឃើញបងនិយាយត្រូវម្ដង។ ចំណែកឯអ្នកខ្លះទៀតបានលើកឡើងថា បងពិតជានិយាយត្រូវណាស់កូនខ្លះ ឳពុកម្តាយស្តីឲ្យបន្តិចបន្តួច ដ្រាម៉ាសុទ្ធតែសម្ពាធគ្រួសារខ្វះភាពកក់ក្តៅ ចំណែកលើសក្នុងគ្រួសារ តែវាមិនដែលដឹងទេថាទម្រាំមានវ័យធំប៉ុណ្ណឹង ឳពុកម្តាយលះបង់ញើសឈាមច្រើនប៉ុណ្ណា ឳពុកម្តាយជេរស្តីដើម្បីឲ្យល្អតែបែរជាគិតថាគាត់អាក្រក់ទៅវិញ៕ប្រែសម្រួលដោយ៖ Puthseyha

热门评论
评论