អ្នកនាង ទេព បូព្រឹក្ស សម្រេចយកបទ «ទេវរាជ» សម្រាប់ប្រកួតប្រជែង Award នៅក្រៅប្រទេស
ក្រោយបញ្ចប់កម្មវិធីសម្ពោធ MV បទចម្រៀងថ្មី «ទេវរាជ» របស់អ្នកនាង ទេព បូព្រឹក្ស មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះអ្នកនាង ទេព បូព្រឹក្សបានបង្ហោះសារប្រកាសប្រាប់បណ្តាអ្នកគាំទ្រនៅលើបណ្តាញសង្គមរបស់អ្នកនាងថានឹងយក MV «ទេវរាជ» ចូលរួមប្រកួតដើម្បីឈ្នះពានរង្វាន់នៅក្រៅប្រទេស។
សារនោះអ្នកនាង ទេព បូព្រឹក្ស បានរៀបរាប់ថា ៖ «ជូនដំណឹងរីករាយមួយសម្រាប់បងប្អូនយើង ពេលនេះយើងខ្ញុំសម្រេចចិត្តថានឹងដាក់បទ «ទេវរាជ» សម្រាប់ប្រកួតប្រជែង Award នៅក្រៅប្រទេស យើងខ្ញុំសម្រេចបែបនេះតែម្តង ដោយប្រឹងប្រែងឱ្យអស់ពីលទ្ធភាពទោះជាមិនដឹងថានឹងមានលទ្ធផលបែបណា តែយើងគួរតែសាកល្បង ឈ្នះក៏យើងចំណេញ ទោះចាញ់ក៏យើងមិនខាត ព្រោះគោលដៅមួយយ៉ាងហោចណាស់ក៏អាចបង្ហាញនៅលើ Screen ពីស្នាដៃល្អឯកមួយរបស់យើងដែលផ្តល់ផលចំណេញផ្សេងទៀតតាមរយៈអត្តសញ្ញាណ។ យ៉ាងណាមិញ បើសិនជាបងប្អូនទស្សនា MV នេះសូមទស្សនាតាមរយៈ YouTube ដើម្បីបន្ថែម Views ក៏ដូចជាសាច់ដុំបន្ថែមនៃបទ។ Bring Our Khmer To The Top»។
ក្រោយពីបានឃើញសារបែបនេះភ្លាម មហាជនដែលនិយមលេងបណ្តាញសង្គមបញ្ចេញមតិសាទរ និងបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ក៏ព្រោះតែក្នុង MV ទាំងស្រុងមួយនេះបានបង្ហាញនូវវប្បធម៌ដ៏ល្អផូផង់ មានប្រាសាទ សម្លៀកបំពាក់ និងភាពប្រណីតទាក់ទាញជាច្រើនទៀត ដែលអាចបង្ហាញទៅកាន់ពិភពលោកឲ្យគេបានស្គាល់ពីវប្បធម៌ និងសិល្បៈរបស់ខ្មែរថែមទៀតផង។ គួរបញ្ចាក់ដែរថាបើគិតចាប់ពីថ្ងៃបង្ហោះជាផ្លូវការនៅលើបណ្តាញសង្គម Youtube កាលពីថ្ងៃទី២៦ ខែឧសភា រហូតដល់ថ្ងៃនេះ មានអ្នកចូលទស្សនាដល់ជាង ៦ សែននាក់ហើយ៕ ប្រែសម្រួលដោយ៖ Puthseyha
热门评论
评论