អ្នកគាំទ្រមានមោទនភាពខ្លាំង ក្រោយទស្សនាការសម្ដែងដ៏អស្ចារ្យ ទេព បូព្រឹក្ស បង្ហាញពីសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ
តារាចម្រៀងឯករាជ្យ អ្នកនាង ទេព បូព្រឹក្ស បានធ្វើឲ្យបណ្ដាអ្នកគាំទ្រពេញចិត្ត និងលាន់មាត់សរសើរគ្រប់គ្នា ក្រោយពីពួកគេបានទស្សនាការសម្ដែងដ៏អស្ចារ្យរបស់តារាចម្រៀងរូបនេះនៅលើឆាកអន្តរជាតិ នៅឯប្រទេសម៉ាឡេស៊ី ក្នុងកម្មវិធីដ៏ធំ «2025 ROUND Festival» ដោយតារាចម្រៀងម្ចាស់បទ«ទេវរាជ»រូបនេះ បាននាំយកនៅទស្សនីយភាពដ៏អស្ចារ្យជាច្រើនសុទ្ធសឹងតែបង្ហាញពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោកឲ្យស្គាល់កាន់តែច្បាស់។
អ្នកនាង ទេព បូព្រឹក្ស បាននាំយកការសម្តែងបែបសហសម័យរួមមាន ល្ខោនខោល, របាំមណីមេខលា និងអប្សរាខ្មែររួមបញ្ចូលគ្នា ក្រោមទស្សនីយភាពបទ«ទេវរាជ» ដូចដែលអ្នកនាងធ្លាប់បានស្រមៃថានឹងនាំយកវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិពេលនេះបានសម្រេចដូចការរំពឹងទុកពិតប្រាកដមែន មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង ទេព បូព្រឹក្ស ក៏បាននាំយកនូវបទចម្រៀងផ្សេងៗទៀតសុទ្ធតែជាបទល្បីៗ ព្រមទាំងបង្ហាញនៅក្បាច់រាំដ៏រស់រវើកកាន់តែធ្វើឲ្យបណ្ដាអ្នកទស្សនាជក់ចិត្តមួយកម្រិតទៀត។
បន្ទាប់ពីបានឃើញការចែកចាយវីដេអូនៃការសម្ដែង និងការខិតខំប្រឹងប្រែងរបស់ អ្នកនាង ទេព បូព្រឹក្ស ក្នុងការនាំយកសិល្បៈវប្បធម៌បុរាណទៅបង្ហាញលើកឆាកអន្តរជាតិ បណ្ដាអ្នកគាំទ្រនៅកម្ពុជាពិតជាស្ងប់ស្ញែងនាំគ្នាស៊ែរចែករំលែក ដោយមានអ្នកលើកឡើងថា៖«ពិតជាមានមោទនភាពខ្លាំងណាស់ ដែលតារាកម្ពុជាបានយកវប្បធម៌ អរិយធម៌ និងរបាំបុរាណ យកទៅសម្ដែងលើឆាកអន្តរជាតិឱ្យពិភពលោកបានដឹងថាទម្រង់នេះហើយជារបស់ខ្មែរពិត មិនបានលួច ឬ ចម្លងពីបណ្ដាប្រទេសណានោះទេ»៕ អត្ថបទដោយ៖ Sun Darasy
热门评论
评论