សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកាមួយចំនួនដល់ កញ្ញា ពេជ្រ ចរណៃ ក្រោយអគ្គិភ័យឆាបឆេះហាងខ្ទេចគ្មានសល់
នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាមួយចំនួនដល់កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ប្រធានសាលាគុនល្បុក្កតោជ័យតេជៈដែលរងគ្រោះដោយភ្លើងឆេះបំផ្លាញខ្ទេចខ្ទីទីតាំងដែលបានជួលគេដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោកំពុងដំណើរបាន២ថ្ងៃ និងអាហារដ្ឋានដែលជិតបើកដំណើរការ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨:៤៥ នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងឱកាសនៃការផ្តល់ថវិកាឧបត្ថម្ភមួយចំនួន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ បាននាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ លោកជំទាវ ម៉ែន នារីសោភ័គ បានបញ្ជាក់ថា ៖ មូលហេតុដែលបានផ្តល់ថវិកាមួយចំនួនដល់កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ នៅពេលនេះគឺបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលព័ត៌មានមួយចំនួន បូករួមទាំងការសួរនាំនិងក្តាប់ព័ត៌មានលំអិតទាក់ទងនិងករណីគ្រោះអគ្គិភ័យនៅទីតាំងបង្ហាត់បង្រៀនគុនល្បុក្កតោ និងអាហារដ្ឋានជិតនិងដំណើរការដែលបណ្តាលឲ្យខូតខាត និងបាត់បង់ទ្រព្យសម្បត្តិ ពិសេសសៀវភៅយុទ្ធគុនល្បុក្កតោដែលជាមរតកដ៏មានតម្លៃរបស់កម្ពុជារួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចជួយឧបត្ថម្ភថវិកាដោយយោងលើគុណតម្លៃនៃការលើកតម្កើងគុនល្បុក្កតោកម្ពុជារបស់ ពេជ្រ ចរណៃ ដែលបានខិតខំតស៊ូដើម្បីកសាងថែរក្សាគុនល្បុក្កតោកម្ពុជា។
សូមបញ្ជាក់ថា ៖ កីឡាការិនីគុនល្បុក្កតោ ពេជ្រចរណៃ គឺជាកូនសិស្សមួយរូបរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលលោកគឺជាព្រឹទ្ធាចារ្យទើបតែទទួលមរណៈភាពកាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥ ។ ដោយសារតែមានគំនិតចង់លើកតម្កើង នឹងថែរក្សាការពារនូវគុនល្បុក្កតោឲ្យកាន់តែរីកចម្រើនឋិតថេរយូរអង្វែងនោះ កញ្ញាពេជ្រ ចរណៃក៏បានបើកសាលារៀនមួយដែលមានឈ្មោះថាសាលាគុនល្បុក្កតោជ័យតេជៈដោយបច្ចុប្បន្នមានសិស្សប្រមាណ២៩នាក់ ហើយក្នុងចំណោមនោះគឺប្រមាណជា៧០ភាគរយគឺសិក្សាដោយមិនគិតថ្លៃនោះទេ ដោយសារតែជាសិស្សនិស្សិតដែលខ្វះខាតហើយក្រៅពីនោះអ្នកដែលមានលទ្ធភាពក៏បានជួយបង់ថវិកាដើម្បីសាលារៀនអាចដោះស្រាយបង់ថ្លៃទឹកនិងភ្លើងប្រចាំខែផងដែរ៕
热门评论
评论