តារាសម្តែងហុងកុងដ៏ល្បី លោក Savio Tsang ទទួលមរណភាពហើយ
ហុងកុង ៖ លោក Savio Tsang តារាសម្តែងជើងចាស់ល្បីឈ្មោះប្រចាំទូរទស្សន៍ TVB ដែលប្រជាជនខ្មែរភាគច្រើន ដែលធ្លាប់ទស្សនារឿងភាគហុងកុង ប្រាកដជាស្គាល់គាត់ច្បាស់ជាមិនខាន។ ប៉ុន្តែជាអកុសលលោកបានទទួលមរណភាពហើយ កាលពីថ្ងៃទី ១៤ វិចិ្ឆកាកន្លងទៅ នៅអាយុ ៥៨ឆ្នាំ បន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកសួត កាលពីដើមឆ្នាំ ២០២០។
សេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Tseung Kwan O កាលពីថ្ងៃទី ១០ វិច្ឆិកាសប្តាហ៍មុន។ ហើយស្ថានភាពជំងឺរបស់គាត់ប្រែទៅជាធ្ងន់ធ្ងរកាលថ្ងៃទី ១២ វិច្ឆិកា មុនពេលក្រុមគ្រួសារបានបញ្ជាក់ពីដំណឹងមរណភាពរបស់គាត់។ ខណៈដែលខ្វះតែ ៨ថ្ងៃទៀតជាថ្ងៃខួបកំណើតគម្រប់ ៥៩ឆ្នាំរបស់លោក។
ដោយសារតែជាប់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ លោក Savio Tsang បានសម្រាកនៅផ្ទះ ដើម្បីទទួលការព្យាបាល និងកម្របង្ហាញខ្លួនជាសាធារណៈណាស់។ ខណៈចុងក្រោយដែលគ្រប់គ្នាបានឃើញគាត់ គឺនៅថ្ងៃទី ១៦ កុម្ភះ ក្នុងឆ្នាំនេះ។ នៅពេលដែលអ្នកយកព័ត៌មាន Apple Daily តាមប្រមាញ់គាត់បាននៅឯផ្ទះនៅក្នុងតំបន់ Sai Kung។
សូមរំលឹកថា លោក Savio Tsang បានចាប់ផ្តើមអាជីពសម្តែងចាប់តាំងពីឆ្នាំ ១៩៨២ និងបានចូលបម្រើការក្នុងទូរទស្សន៍ TVB កាលពីឆ្នាំ ១៩៩១ រហូតមុនពេលលោកទទួលមរណភាព។ ដោយច្រើនជាង ១០០រឿងដែលលោកធ្លាប់បានសម្តែង ក្នុងនោះក៏រួមមានរឿងភាគរបស់ចិន, តៃវ៉ាន់ និង ម៉ាឡេស៊ី ផងដែរ៕ផ្តល់សិទ្ធិដោយ៖កោះសន្តិភាព

热门评论
评论