វិធីបង្ការជំងឺ និងបច្ចេកទេសដាំដុះប៉េងប៉ោះ

ដោយ: ថ្មីៗ
ប៉េងប៉ោះ ជាដំណាំមិនសូវរើសតំបន់នោះទេ ពោលគឺអាចដាំនៅលើដីច្រើនប្រភេទ ប៉ុន្តែត្រូវចាំថាដីនោះត្រូវមានជីជាតិ។ ដ្បិតប៉េងប៉ោះមិនរើសកន្លែងដាំ តែកសិករក៏ត្រូវប្រុងប្រយ័ត្ន ជាមួយនឹងជំងឺលើដំណាំប៉េងប៉ោះ និងមានបច្ចេកទេសដាំដុះដែលត្រឹមត្រូវដែរ ដើម្បីទទួលបានទិន្នផលខ្ពស់។
ថ្ងៃនេះសារព័ត៌មានThmeyThmey25 សូមដកស្រង់បច្ចេកទេសដាំដុះប៉េងប៉ោះ និងវិធីសាស្រ្តគ្រប់គ្រងជំងឺលើដំណាំនេះ ពីទស្សនាវដ្ដីកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ការជ្រើសរើសពូជ៖ ការជ្រើសពូជ ជាកត្តាចំបាច់ដែលអាចឲ្យការដាំប៉េងប៉ោះទទួលបានទិន្នផលខ្ពស់ និងត្រូវតាមទីផ្សារ។ ត្រូវជ្រើសរើសពូជដែលមានប្រភពច្បាស់លាស់ មានអាយុកាលត្រឹមត្រូវ ដែលធន់នឹងសត្វល្អិត និងអាកាសធាតុ។

ការរៀបចំថ្នាល និងបណ្ដុះកូន៖ ជាទូទៅសម្រាប់ដីមួយហិកតា ត្រូវប្រើគ្រាប់ពូជ ២៥០-៣០០ក្រាម។ ដើម្បីបណ្ដុះកូនប៉េងប៉ោះ ត្រូវយកគ្រាប់ប៉េងប៉ោះទៅហាលថ្ងៃ ១-២ម៉ោង រួចយកគ្រាប់នោះ ទៅត្រាំទឹកក្ដៅឧណ្ហៗ (៣៥អង្សា) រយៈពេល២០នាទី។ ក្រោយត្រាំរួច ត្រូវយកទៅផ្អាប់ជាមួយកំណាត់សើមពី ៤០-៤៨ម៉ោង ទើបអាចយកទៅសាបលើថ្នាលបាន។ ក្រោយសាបបាន ១០ថ្ងៃ អ្នកអាចដកកូនប៉េងប៉ោះ ទៅដាំលើថ្នាលបាន។
ការដាំដុះ៖ ការដាំកូនប៉េងប៉ោះដែលល្អ ត្រូវដាំចន្លោះគុម្ពមួយ ទៅគុម្ពមួយទៀត ប្រវែង៧០សង់ទីម៉ែត្រ និងទុកចន្លោះជួរប្រវែង១ម៉ែត្រ។ មុនយកកូនមកដាំ ត្រូវស្រោចទឹកលើថ្នាលឲ្យជោកជាមុននៅពេលព្រឹក ដើម្បីដាំកូននៅពេលរសៀល ហើយក្រោយដាំរួច ត្រូវស្រោចទឹកឲ្យជោកម្ដងទៀត។
ការថែទាំ៖ ការថែទាំជាការចាំបាច់ ដើម្បីទទួលបានទិន្នផលខ្ពស់ ត្រូវឧស្សាហ៍ជ្រោយដី និងបោចស្មៅ និងផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់។ ត្រូវរក្សាសំណើមឲ្យបាន ៦០-៧០ភាគរយ ព្រោះបើសំណើមខ្ពស់ជាងនេះ អាចប្រឈមខ្ពស់នូវពពួកជំងឺ ក្នុងដី។ ត្រូវកាត់មែកខាងក្រោមចេញ ដើម្បីឲ្យខ្យល់ចេញចូល រក្សាសំណើម និងជំងឺបាក់តេរី និងវីរុសផ្សេងៗ។
ការគ្រប់គ្រងជំងឺ៖ សម្រាប់ដំណាំប៉េងប៉ោះ មានជំងឺជាច្រើនប្រភេទដូចជា ផ្សិតលើផ្លែ ស្លឹក គល់ និងដើម ជំងឺរលាកគល់ ជំងឺរលួយឫស អុជខ្មៅលើស្លឹក ជំងឺរួញស្លឹក ជំងឺឆេះស្លឹក ជំងឺខ្លោចផ្លែ ជំងឺរលួយផ្លែ ជំងឺស្រពោនដើម ជំងឺជាំស្លឹក ជំងឺខ្លោចគល់ជាដើម។
ដើម្បីដោះស្រាយបញ្ហាលើដំណាំប៉េងប៉ោះ កសិករត្រូវជ្រើសរើសរដូវដាំដុះ ពូជដែលធន់នឹងជំងឺ និងការរៀបចំដីឲ្យបានត្រឹមត្រូវមុននឹងដាំ។ ត្រូវប្រើប្រាស់ជីធម្មជាតិ និងរក្សាសំណើមឲ្យបានល្អ ហើយត្រូវបំផ្លាញចោល រុក្ខជាតិដែលឆ្លងមេរោគ។ កសិករ ត្រូវចៀសវាងយករុក្ខជាតិដែលមានមេរោគទាំងនោះ ទៅធ្វើជីកំប៉ុស្ដិ៍។ ជាការល្អ ត្រូវដាំរុក្ខជាតិដែលមានប្រយោជន៍ដូចជាផ្កា ដំណាំពោត និងបន្លែចម្រុះជាដើម។
ការប្រមូលផល៖ ជាធម្មតារយៈពេល ៥៥-៦០ថ្ងៃ ប៉េងប៉ោះអាចប្រមូលផលបាន។ ត្រូវប្រើកន្ត្រៃកាត់ ផលប៉េងប៉ោះ ការប្រសើរជាងបេះដោយដៃ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
ប្រភព៖ វិធីបង្ការជំងឺ និងបច្ចេកទេសដាំដុះប៉េងប៉ោះ (thmeythmey.com)

热门评论
评论