"ស្ថានីយភូមិក្រាំងគរ" ស្ថានីយថ្មីមួយដែលអ្នកស្រាវជ្រាវមុនៗមិនធ្លាប់បានដឹង
ភូមិក្រាំងគរ ជាស្ថានីយថ្មីមួយដែលអ្នកស្រាវជ្រាវមុនៗមិនដែលបានដឹងមុនឆ្នាំ២០១០ ដោយសារតែតំបន់នេះ មើលទៅជាវាលស្រែល្វឹងល្វើយ មានតែទួលដែលជាភូមិស្ថាន អ្នកស្រុកដោយអន្លើប៉ុណ្ណោះ។
ប៉ុន្តែតាមរយៈការលួចគាស់កាយរបស់ជនទុច្ចរិកមួយចំនួនបង្ហាញថា នៅតាមទីទួលនានាក្នុងតំបន់នោះមានបង្កប់នូវសំណល់បុរាណជាច្រើន ពេលខ្លះ មានទាំងឆ្អឹងមនុស្សទៀតផង។ ភូមិក្រាំងគរមានទីតាំងស្ថិតនៅក្នុងឃុំគរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចម្ងាយប្រហែល១៥គ.មភាគពាយ័ព្យនៃទីក្រុងបុរាណលង្វែក ឬប្រហែល២០គ.មពីរាជធានីឧត្តុង្គ ដែលជារាជធានីសម័យក្រោយអង្គរ ពីសតវត្សទី១៥ដល់ពាក់កណ្តាលសតវត្សទី១៩។


កំណាយបុរាណវិទ្យាត្រូវបានអនុវត្តចំនួន៤លើក នៅលើទីតាំងសំខាន់២ ទី១គឺនៅតាមទួលខាងលិច ភូមិ និងទី២ គឺនៅក្នុងតំបន់ឬបរិវេណបឋមសិក្សាភូមិក្រាំងគរ។ កំណាយនៅទីតាំងទី១ តាមទួលខាងលិចភូមិបានផ្តល់នូវទិន្នន័យតិចតួច ទាក់ទងនឹងការបោះចោលនូវបំណែកភាជន៌ខ្មែរ ថៃ និងចិន ដែលអាចមានអាយុកាលក្នុងឬក្រោយសតវត្សទី១៧។ តាមស្លាកស្នាម និងវត្ថុបន្លុងដូចជា ក្រវិល អង្កាំកែវ និងក្អមទឹក បង្ហាញថាសពត្រូវបានគេដាក់ក្បាលទៅទិសលិច ឈៀងទៅជើងបន្តិច។
វត្ថុបន្លុងទាំងនោះរួមមាន ក្អមទឹក២នៅលើក្បាល និង១នៅក្រោមជើង ចានថៃ២ ចានចិន២ ក្រវិលសំរឺទ្ធ១គូ អង្កាំកែវនៅជុំវិញក្បាលចំនួន១១៨គ្រាប់ (ពណ៌ផ្ទៃមេឃ និងស) កាំបិតតូចធ្វើអំពីដែក២។ ចំណុចសំខាន់មួយទៀត គឺការរកឃើញគំនរបំណែកភាជន៌ កងដៃធ្វើពីដីដុត និងកងដៃធ្វើពីថ្មយ៉ាងច្រើននៅក្នុងរណ្តៅទី៧ ពិសេសគឺឧបករណ៍ធ្វើភាជន៍ (ល្ករនិងក្លឹង) ដែលបង្ហាញថា នៅទាំងតាំងក្នុងបរិវេណសាលារៀននេះអាចជាកន្លែងសិប្បកម្មផលិត កុលាលភាជន៍ និងគ្រឿងផ្សេងៗមួយចំនួនទៀតក្នុងសម័យបុរាណទៀតផង៕




ប្រភព៖ AMS Khmer Civilization
热门评论
评论