៤គន្លឹះដើម្បីធ្វើការងារក្រុមឲ្យមានប្រសិទ្ធភាព

ជាធម្មតានៅពេលដែលយើងធ្វើការងារក្រុមជាមួយគ្នា ជាក់ស្តែងណាស់វាតែងតែមានបញ្ហាខ្លះៗនៅក្នុងក្រុមជាក់ជាមិនខាននោះទេ ដូចជាប្រចាំការងារគ្នា គ្មានទំនួលខុសត្រូវលើការងាររបស់ខ្លួន មានការប្រឆាំងមតិគ្នាក្នុងការសម្រេចចិត្ត ក៍ដូចជាផ្សេងៗទៀត។ ព្រោះតែមានកត្តាទាំងអស់នេះហើយទើបថ្ងៃនេះ យើងបានលើកចំនុចខ្លះមកនិយាយអំពីការធ្វើការធ្វើការងារក្រុមអោយកាន់តែមានប្រសិទ្ធភាព។
១.កំណត់គោលដៅច្បាស់លាស់
ពិតប្រាកដណាស់ នៅពេលដែលក្រុមមានគោលដៅច្បាស់លាស់ និងកំណត់ពេលវេលាបញ្ជប់ការងារជាមួយគ្នា នោះវានឹងធ្វើអោយមានគំនិតនិងគោលដៅរួមគ្នា ដែលវានឹងធ្វើអោយមានកាន់តែមានប្រសិទ្ធភាពក្នុងការធ្វើការងារជាក្រុម។ នៅពេលដែលក្រុមមួយមានបេសកកម្មនិងគោលបំណងដែលបានព្រមព្រៀងគ្នាជាមួយនឹងការរំពឹងទុកយ៉ាងច្បាស់ពីរបៀបដែលក្រុមគួរតែធ្វើការរួមគ្នាដើម្បីសម្រេចបាននូវលទ្ធផលដែលចង់បានគឺមានសារៈសំខាន់សម្រាប់ការងារជាក្រុមប្រកបដោយប្រសិទ្ធភាព។
២.ចែកតួនាទី និង ទំនួលខុសត្រូវ
ដើម្បីឱ្យក្រុមទទួលបានជោគជ័យ សមាជិកម្នាក់ៗគួរតែដឹងថាតើតួនាទីនិងការទទួលខុសត្រូវរបស់ពួកគេមានអ្វីខ្លះនៅក្នុងក្រុម ហើយតួនាទី ឬទំនួលខុសត្រូវរបស់អ្នកដទៃវិញគឺមានអ្វីខ្លះ។ សមាជិកនីមួយៗនៅក្នុងក្រុមត្រូវយល់និងដឹងនូវតួនាទីការងាររបស់ខ្លួន ជាពិសេសគឺត្រូវចេះបែកចែកពេលវេលាថាតើត្រូវចំណាយរយៈពេលប៉ុណ្ណាក្នុងការបំពេញកិច្ចការរបស់ខ្លួន ដើម្បីអោយមានភាពងាយស្រួលក្នុងការរៀបចំនូវការធ្វើកិច្ចការដែលចាំបាច់មុន។ បើទោះជាយ៉ាងណាការចែករំលែកភារកិច្ចឬការជួយសមាជិកនៅក្នុងក្រុមក៏ជាកត្តាសំខាន់ផងដែរដែលយើងមិនគួរមើលរំលង ព្រោះពេលខ្លះមិត្តក្រុមការងារអាចមាននឹងមិនបានបំពេញភារកិច្ចរបស់ខ្លួនបានទាន់ពេលវេលាដោយសារបញ្ហាផ្ទាល់ខ្លួនឬមានធុរៈជាបន្ទាប់ ក៏ដូចជាពេលខ្លះមិត្តក្រុមការងារនោះត្រូវការជំនួយបន្ថែមដើម្បីអាចបំពេញកិច្ចការរបស់ខ្លួនបាន។
៣.ការទំនាក់ទំនងជាមួយគ្នា
សមាជិកក្រុមត្រូវការសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង ក៏ដូចជានិយាយជាមួយមិត្តរួមក្រុមអំពីគំនិតនិងអត្តចរិករបស់យើងទៅកាន់ពួកគេឱ្យបានច្បាស់និងបើកចំហរក្នុងលក្ខណៈវិជ្ជមាននិងការគោរព។ មនុស្សគ្រប់គ្នាគួរតែស្តាប់គ្នានិងសួរសំណួរដើម្បីគោលបំណងបញ្ជាក់។ នេះនឹងនាំឱ្យមានបរិយាកាសក្រុមដែលមានសុខភាពល្អនិងដំណើរការការងារប្រកបដោយប្រសិទ្ធភាព។
៤.ការសម្រេចចិត្តរួមគ្នា
ការសំរេចចិត្តគួរតែផ្អែកលើការសន្ទនាបើកចំហរជាមួយសមាជិកទាំងអស់ដែលផ្តល់នូវគំនិតនិងដំណោះស្រាយរបស់ពួកគេចំពោះបញ្ហា។ សមាជិកគួរតែមានការគាំទ្រនិងការប្តេជ្ញាចិត្តរបស់ក្រុមមិនត្រឹមតែនៅពេលធ្វើការសម្រេចចិត្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងនៅពេលអនុវត្តវាផងដែរ។
ប្រសិនបើអ្នកមានបំណងចង់ចូលរួមសិក្ខាសាលាឬវគ្គសិក្សាដើម្បីបង្កើនសក្តានុពល សូមតាមដានទំព័រផ្លូវការហ្វេសបុកផេករបស់ Project Inspire ដែលមានតំណភ្ជាប់នៅខាងក្រោមនេះដើម្បីទទួលបានព័ត៌មានថ្មីៗនិងលំអិត៖
https://www.facebook.com/pg/projectinspirecambodia/
សរសេរដោយសមាជិក Project Inspire តាំង គីមលាង
热门评论
评论