រឿង លេងពួនក្នុងពេលរាត្រី
មិនសូវជាយូរកន្លងទៅនោះទេ, មានគ្រួសារមួយមានសមាជិក៥នាក់រស់នៅក្នុងផ្ទះតូចមួយក្នុងស្រុកដាច់ស្រយ៉ាល, មិនឆ្ងាយពីកន្លែងដែលខ្ញុំរស់នៅទេ។ វាជារដូវរងារ ហើយគ្រួសារនោះក៏នៅក្នុងផ្ទះយ៉ាងកក់ក្ដៅ។ ម្ដាយ ហើយនិងឪពុកចង់កម្សាន្តអារម្មណ៍កូនតូចទាំងបីរបស់គាត់, ដូច្នេះពួកគាត់ក៏សម្រេចចិត្តលេងពួនបង្វិល។

ឥឡូវ, បើអ្នកធ្លាប់លេងពួនបង្វិល, នោះអ្នកនឹងដឹងពីលក្ខ័ណ្ឌនៃល្បែងនេះ។ អ្នកលេងម្នាក់ត្រូវចងក្រណាត់បិទជុំវិញភ្នែក ហើយត្រូវអ្នកលេងបង្វិលខ្លួនជុំវិញខណៈដែលរាប់ឱ្យដល់៥០។ ពេលរាប់ដល់៥០ហើយ, អ្នកលេងត្រូវរត់ទៅពួននៅទីណាមួយហើយអ្នករកនោះត្រូវទៅរកពួកគេទាំងអស់។
ក្នុងយប់ដ៏ល្អនោះ, បុរសជាឪពុកបានចងភ្នែករបស់គាត់ហើយ, បន្ទាប់ពីពួកគេបង្វិលគាត់, ស្ត្រីជាម្ដាយ ហើយនិងកូនទាំងបីក៏នាំគ្នារត់ពួនរៀងខ្លួន។ ផ្ទះរបស់ពួកគេគឺធំខ្លាំងណាស់ ហើយពួកគេទាំងអស់ទៅពួនតាមបន្ទប់ផ្សេងៗគ្នា។ អំពូលភ្លើងទាំងអស់ក្នុងផ្ទះត្រូវបានបិទអស់ ព្រោះដាច់ភ្លើងដូច្នេះហើយបន្ទប់ទាំងឡាយងងឹតសូន្យឈឹង។
ក្មេងប្រុសក្មេងជាងគេរត់ទៅក្នុងបន្ទប់គេងរបស់វាហើយលូនចូលទៅក្រោមគ្រែវា។ ម្ដាយ ហើយនិងកូនស្រីតូចសម្រេចទៅពួនក្នុងបន្ទប់ទឹក។ ក្មេងស្រីនោះឡើងទៅលើធ្នើសម្រាប់ដាក់សម្ភារៈបន្ទប់ទឹក ហើយម្ដាយរបស់នាងចូលដេកក្នុងអាង។ ក្មេងប្រុសបងគេបង្អស់ឡើងពួនលើពិដាន។ ពួកគេទាំងអស់នៅស្ងាត់ស្ងៀមតាមកន្លែងពួក, រង់ចាំឪពុកមករកពួកគេ។

ក្មេងប្រុសក្មេងជាងគេសម្លឹងមើលខណៈទ្វារបន្ទប់គេងបើកតិចៗ។ ដោយពន្លឺព្រះចន្ទ្រាជះចូលតាមបង្អួច, វាអាចឃើញនរណាម្នាក់រាងខ្ពស់ឈរនៅមាត់ទ្វារ។ ក្មេងប្រុសនោះដាក់ដៃរបស់វាលើមាត់វាដើម្បីកុំឱ្យឪពុករបស់វាឮសំឡេងដង្ហើមរបស់វា។
ស្រមោលខ្ពស់នោះដើរចូលមកក្នុងបន្ទប់, ហើយបិទទ្វារពីក្រោយខ្នងគាត់។ ភាពងងឹតគ្របដណ្ដប់ក្នុងបន្ទប់ ហើយក្មេងប្រុសនោះផ្ទៀងស្ដាប់សំឡេងសម្រឹបជើងយឺតៗដើរមកក្បែរគ្រែវា។ វាព្យាយាមរំកិលចូលក្រោមគ្រែថែមទៀតយ៉ាងស្ងៀមស្ងាត់, ដើម្បីឱ្យឪពុកវារកវាកាន់តែពិបាក។
សម្រឹបជើងក៏មកឈប់នៅក្បាលគ្រែ ហើយក្មេងប្រុសនោះឮសំឡេងចម្លែកចេញពីទីងងឹត។
សំឡេងខ្សឹបតិចៗនិយាយថា, «ចេញមកក្រៅមក, ចេញមកពីកន្លែងដែលឯងកំពុងនៅ។ ខ្ញុំនឹងមិនធ្វើបាបឯងទេ។»

ក្មេងប្រុសនោះព្រឺព្រួចដោយក្ដីភ័យរន្ធត់។ មួយស្របក់ក្រោយ, វានៅស្ងៀម, ខ្លាចនឹងដកដង្ហើម។ រំពេជនោះ, វាមានអារម្មណ៍ថាដង្ហើមក្ដៅនៅលើមុខវា ហើយស្ទើតែស្រែក។ ដៃមួយលូកចូលមកហើយចាប់ទាញសក់វា។ វាត្រូវបានគេទាញចេញពីក្រោមគ្រែ ហើយព្យាយាមរើបម្រះដែរ, តែវាឥតប្រយោជន៍ទេ។
ដៃនោះចាប់បិទមាត់វាខ្លាំងៗខណៈដែលវាព្យាយាមចង់ស្រែក។ វាមិនអាចបន្លឺសំឡេងអ្វីឡើយ។ អ្វីចុងក្រោយដែលវាទទួលនោះគឺការឈឺចាប់ដ៏មុតស្រួចនៅលើពោះ។
ម្ដាយហើយនិងកូនស្រីគឺនៅស្ងៀមក្នុងបន្ទប់ទឹក។ ឥឡូវហើយបន្ទាប់មក, ពួកគេខ្សឹបខ្សៀវគ្នាហើយសើចក្អឹកៗយ៉ាងស្ងាត់ៗ, រង់ចាំឱ្យគេរកឃើញ។ ពួកគេគិតថាឪពុកនឹងទៅបើកមើលតាមបន្ទប់ដេកមុននឹងមកមើលបន្ទប់ទឹក។
បន្ទាប់ពីនោះ, ពួកគេឮសំឡេងសម្រឹបជើងដើរមកពីបន្ទប់ទទួលភ្ញៀវ ហើយទាំងពីរនាក់ម្ដាយកូនក៏នៅស្ងៀមស្ងាត់។ ទ្វារបើកខ្វាក ហើយស្រមោលខ្មៅខ្ពស់ដើរចូលមក។ នាងម្ដាយអាចឃើញភ្នែកមួយគូរមុនពេលដែលទ្វារត្រូវបានបិទ។ ដៃដ៏មានកម្លាំងខ្លាំងមួយគូរចាប់ទាញស្ត្រីនោះហើយអូសនាងចេញពីអាងទឹក។ នាងមិនទាន់បាននិយាយអ្វីមួយម៉ាត់ផង, កាំបិតដ៏មុតស្រួចវះបំពង់ករបស់នាង។
ក្មេងស្រីនោះបានឮសំឡេងដាច់ខ្យល់ស្លាប់របស់ម្ដាយនាង, នាងក៏ស្រែក។ រំពេជនោះ នាងទទួលអារម្មណ៍ថាដៃដ៏ខ្លាំងទាញនាងចេញពីធ្នើ។ សម្រែករបស់នាងក៏បានដាច់បន្ទាប់ពីកាំបិតចាក់ចំទ្រូងរបស់នាង។
បីម៉ោងកន្លង។ ទ្វារក្រោយនៃផ្ទះនេះបើកចំហរ, បណ្ដាលឱ្យខ្យល់ត្រជាក់បក់ចូលមក។ ក្មេងប្រុសច្បងគេនៅតែអង្គុយលើពិដាន និងរង់ចាំយ៉ាងអន្ទះសារ។ វាស្មានថាឪពុករបស់វាបានរកឃើញអ្នកទាំងអស់គ្នាហើយ។ វាឆ្ងល់ថាហេតុអីក៏យូរម៉្លេះគាត់មិនមកមើលលើពិដានសោះ។
ដោយកាន់តែអស់ការទ្រាំ, វាបើកទ្វារពិដានហើយចុះមកក្រោមវិញ។ វាទៅមើលបន្ទប់នីមួយៗក្នុងផ្ទះ។ វាឃើញថាភ្លើងដំណើរការវិញហើយ ទើបវាចុចបើកភ្លើង។
វាដើរទៅមើលបន្ទប់ដេករបស់ប្អូនប្រុសវាជាមុន។ គ្រាន់តែបើកភ្លើងភ្លាម, វាញ័រជងង្គង់ ហើយព្រឺខ្លួន។ ប្អូនប្រុសវាកំពុងដេកស្លាប់ក្នុងថ្លុកឈាមក្បែរគ្រែ។ បំពង់កត្រូវរយះដាច់។
ក្មេងច្បងគេនោះចេញពីបន្ទប់យ៉ាងរន្ធត់ចិត្ត។ វាស្រែកហៅឪពុកម្ដាយវាដោយសំឡេងញ័រ និងរន្ធត់, តែគ្មាននរណាឆ្លើយតបទេ។ វាឃើញទ្វារបន្ទប់ទឹកនៅបើកចំហរ។ វាដើរទៅក្បែរក៏រន្ធត់ចិត្តជាខ្លាំង។
វាសម្លឹងមើលទៅក្នុងបន្ទប់ទឹកហើយស្រែកដោយភិតភ័យ។ ទាំងម្ដាយ និងប្អូនស្រីវាដេកស្លាប់លើឥដ្ឋក្នុងបន្ទប់ទឹក។ សាកសពពួកគេប្រឡាក់ជោគដោយឈាម។ វាបែរមកវិញយ៉ាងលឿនហើយទាញទ្វារបិទ, ទឹកភ្នែកហូរកាត់ថ្ពាល់។
វាដើរចុះមកបន្ទប់ទទួលភ្ញៀវ។ បន្ទាប់មក, វាឃើញដំបងវាយបាល ហើយក៏រើសយកសម្រាប់ការពារខ្លួន។ ក្មេងនោះរុញបើកទ្វារបន្ទប់ទទួលភ្ញៀវ ហើយចុចបើកភ្លើងក៏រន្ធត់ចិត្តឥតឧបមារ។
ឪពុករបស់វាចងកភ្ជាប់នឹងពិដាន។
ភ្លាមនោះ, សំឡេងនរណាម្នាក់ដើរចូលមក។…
សំឡេងសម្រឹបជើងដើរមកពីទ្វារក្រោយ។ ក្មេងប្រុសនោះភ័យយ៉ាងខ្លាំង ហើយរត់ទៅពួនក្នុងបន្ទប់ទឹក។ សំឡេងជើងស្ងាត់បន្តិច, អារម្មណ៍ក្មេងប្រុសនោះនៅរន្ធត់ចិត្តនៅឡើយ។ ពន្លឺភ្លើងក្នុងបន្ទប់ទឹកភ្លឺច្បាស់ក្រឡែត បើឃាតកដើរចូលមក, ប្រាកដជាឃើញវាយ៉ាងច្បាស់ក្រឡែត។ វាឈោងដៃយកកាំបិតប្រឡាក់ឈាមដែលនៅក្បែរសពម្ដាយវាមកទុកគ្រាន់បានការពារខ្លួន។
ក្មេងនោះអង្គុយយ៉ាងស្ងៀមក្នុងបន្ទប់ទឹកក្នុងភាពស្ងប់ស្ងាត់បន្លាចអារម្មណ៍គ្រប់វេលា។ បន្ទាប់មក, ប្រហែលមួយម៉ោងក្រោយ, ក្មេងប្រុសនោះឮសំឡេងមនុស្សនិយាយគ្នា, និងសំឡេងរថយន្តពីរបីគ្រឿង សំឡេងមនុស្សនិយាយដែលវាអាចប្រាកដថាជាសំឡេងអ្នកជិតខាង។
មាននរណាម្នាក់ដើរចូលមកក្នុងផ្ទះនេះ, ក្មេងដែលកំពុងអង្គុយក្នុងបន្ទប់ទឹកនោះកាន់កាំបិតយ៉ាងណែនក្នុងដៃ។ ស្រាប់តែ...

ប៉ូលីសម្នាក់ភ្ជង់កាំភ្លើងចំមុខក្មេងនោះ។ ប៉ូលីសប៉ុន្មាននាក់ទៀតនាំគ្នាដើរចូលមកហើយដាក់ខ្នោះដៃក្មេងនោះ។ វាហួសចិត្ត និងមិនយល់ពីទង្វើរបស់ប៉ូលីស។ នៅបន្ទប់សួរចម្លើយ ក្មេងនោះប្រកែកដាច់ខាតថាវាមិនបានសម្លាប់ប៉ាម៉ាក់ និងប្អូនៗវាទេ តែប៉ូលីសរកឃើញថាគ្មាននរណាក្រៅពីក្មេងនោះឡើយ, ព្រោះកាលដែលទៅចាប់នោះ, ក្នុងដៃវាមានកាំបិតទៀតផង។ ប៉ូលីសបានឱ្យដឹងថា បន្ទាប់ពីឮសំឡេងស្រែក, អ្នកជិតខាងដែលនៅជាប់ផ្ទះនោះបានទាក់ទងទៅប៉ូលីសជាបន្ទាន់។
ប៉ូលីសបានទៅឆែកឆេរផ្ទះក្មេងប្រុសនោះ ក្នុងបន្ទប់វាមានកញ្ចប់ថ្នាំញៀន។ រឿងក្ដីក៏ត្រូវបិទចប់សព្វគ្រប់បន្ទាប់ពីសម្រេចដាក់ទោសក្មេងប្រុសនោះឱ្យជាប់គុក។
តែសម្រាប់ខ្ញុំ, ដែលនៅជាប់ផ្ទះគ្រួសារនោះ, រឿងរ៉ាវមិនទាន់ចប់នៅឡើយទេ។
ខ្ញុំដឹងគ្រប់យ៉ាង, ខ្ញុំដឹងច្បាស់ទៀតផង។ ក្មេងប្រុសច្បងគេនោះពិតជាមិនមែនជាឃាតកពិតមែន។ មានតែខ្ញុំម្នាក់ទេដែលដឹង។
ខ្ញុំស្រមៃទៅដល់ថ្ងៃដែលយកថ្នាំញៀនឱ្យវា, វាទាស់សម្ដីជាមួយខ្ញុំទាក់ទងនឹងតម្លៃដែលចេះតែឡើងថ្លៃ, វាស្រែកជេរខ្ញុំ ហើយគំរាមខ្ញុំថានឹងប្រាប់ប៉ូលីសថាខ្ញុំជាអ្នកជួញដូរគ្រឿងញៀនទៀតផង។... ខ្ញុំចូលចិត្តធ្វើឱ្យមនុស្សស្លាប់... ខ្ញុំចូលចិត្តក្លិនឈាមស្រស់ស្រោចហូរចេញពីមុខរបួសជនរងគ្រោះ... ខ្ញុំកាត់ខ្សែភ្លើងផ្ទះនោះឱ្យងងឹត... គ្រប់យ៉ាងជាគម្រោងរបស់ខ្ញុំ។ ខ្ញុំមានមោទនភាពនឹងល្បិចពឹសពុលរបស់ខ្លួនឯង៕
ចប់
热门评论
评论