របៀបលាយទឹកអូសាវែលជូតសំលាប់មេរោគ
ការជូតសំអាតរបស់របរដែលយើងប៉ះពាល់ញឹកញាប់ដូចជា បង្កាន់ដៃទ្វា បង្កាន់ដៃជណ្តើរ តុ កៅអី... អាចកាត់បន្ថយការចម្លងជំងឺកូវីដ ១៩ បាន។ ជាធម្មតា ការប្រើសាប៊ូនិងទឹកដើម្បីសម្អាត គឺវាគ្រប់គ្រាន់ហើយ, ប៉ុន្តែប្រសិនបើក្នុងផ្ទះរបស់យើងមានអ្នកជំងឺកូវីដ ១៩ នោះយើងចាំបាច់ប្រើទឹកថ្នាំដើម្បីសំលាប់មេរោគជំនួសវិញ។
ក្នុងទីផ្សា មានផលិតផលទឹកសំលាប់មេរោគជាច្រើនប្រភេទ ដែលមានវិធីប្រើប្រាស់ខុសគ្នា។ ក្នុងអត្ថបទនេះ ខ្ញុំសុំលើកយកផលិតផលតែមួយប្រភេទប៉ុននោះ ដែលងាយរកបាននៅក្នុងទីផ្សាប្រទេសកម្ពុជាយើង។ ផលិតផលនេះមានឈ្មោះថាទឹកអូសាវែល ម៉ាក Haiter។ យើងអាចប្រើទឹកថ្នាំសំលាប់មេរោគប្រភេទនេះបាន ទៅលើសំភារៈណាដែលមិនជ្រាបទឹកតែប៉ុននោះ ដូចជា សំភារៈដែលធ្វើពី ដែក អាលុយមីញ៉ូម កែវ ជ័រ...។ ខាងក្រោមនេះជារបៀបលាយទឹកថ្នាំសំលាប់មេរោគ ដោយផ្អែកទៅលើការណែនាំនៅលើសំបកដប។

យើងត្រូវយកទឹកស្អាតចំនួន ២ លីត្រ ដោយលាយជាមួយទឹកអូសាវែល Haiter ចំនួន ២ គំរបដបរបស់វា ឬ ស្មើរនឹង 20 មីលីលីត្រ។
របៀបប្រើប្រាស់
- បើកទ្វា បើកបង្អួច និង បើកកង្ហាដើម្បីឲ្យមានខ្យល់ចេញចូលក្នុងពេលសំអាត។
- ពាក់ស្រោមដើម្បីជៀសវាងការប៉ះពាល់ទឹកថ្នាំសំលាប់មេរោគដោយផ្ទាល់។
- ប្រើដបស្រ្ពៃបាញ់ទឹកថ្នាំទៅលើសំភារៈដែលត្រូវសំអាត បន្ទាប់មកប្រើកន្សែងជូតឬដុសសំអាត។
- ទុកសំភារៈដែលយើងបានជូតសំអាតចោល រយៈពេល 10 នាទី។
- ក្រោយមកទៀត ប្រើដបស្រ្ពៃបាញ់ទឹកស្អាត និងប្រើកន្សែងជូតជំរះទឹកថ្នាំ រួចទុកឲ្យស្ងួតជាការស្រេច។
- ចុងក្រោយលាងសម្អាតដៃជាមួយសាប៊ូនិងទឹករយៈពេល 20 វិនាទី។
សរសេរអត្ថបទដោយ៖ A PLUS
热门评论
评论