តោះមកអានរឿងបែបកំប្លែង
រឿង អញថាមែនៗ
ពេលរសៀលមេឃប្រែពណ៌ ពពកចាប់ខ្មៅឡើងៗជាដុំៗ ខ្យល់បក់ខ្លាំងៗរន្ទះផ្លេកបន្ទោរគួរឲ្យខ្លាចព្រឺព្រួច។មិនយូរប៉ុន្មានភ្លៀងក៏ចាប់ផ្ដើមធ្លាក់ដូចគេហែកមេឃ។ រន្ទះបាញ់ស្ទើរគ្រប់ទីកន្លែងហាក់បីដូចជាមានកើតហេតុអ្វីមួយ។បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងប្រហែល3ទៅ4ម៉ោងជាងទឹកតាមវាលស្រែសអញ្ចាច ចំណែកនៅតាមដងអូរទឹកក៏ជោជន់ឡើង។ ខណៈពេលនោះជាពេលព្រលប់ព្រៀងៗរៀងងងឹតមើលគ្នាពុំស្គាល់ ពីព្រោះពពកនៅតែខ្មៅ ទោះបីជាភ្លៀងរាំងហើយក៏ដោយ។
ពន្លឺភ្លើងឆ្វេចឆ្វាចពេញវាលស្រែ សំឡេងក៏លាន់ឮឆ្លើយឆ្លងគ្នារំពងអឺងកងប្រៀបដូចក្អាត់យំ ។គឺអ្នកឆ្លុះចាប់ហ៊ីងនិងកង្កែប ហើយរួមទាំងខ្ញុំផងដែរ។ ដោយឃើញមនុស្សច្រើន ខ្ញុំក៏បានដើរឃ្លាតពីពួកគេបន្តិចម្ដងៗរហូតឆ្ងាយលែងមើលគ្នាឃើញនឹងហៅគ្នាលែងឮ។ ខ្ញុំកំពុងតែដើរចាប់កង្កែបស្រាប់តែជួបភ្លើងពីរ នៅខាងមុខ មួយអែបមាត់ដុប មួយទៀតគៀនដំបូក។ ខ្ញុំឆ្ងល់ណាស់ថាហេតុអីភ្លើងពីរនេះខុសពីគេ ពេលនោះស្រាប់តែមានអារម្មណ៍ថា ព្រឺខ្នង ព្រឺក្បាល ព្រោះស្ងាត់ផង។ខ្ញុំក៏គិតក្នុងចិត្តម្នាក់ឯង " អីយ៉ា! ស្អីចេះអញម្នាក់ឯងផងបើមានគ្នាទៅមិនអីទេ! នេះនៅម្នាក់ឯងស្ងាត់ហើយឆ្ងាយពីគេទៀតហើយភ្លើងនោះមិនដឹងជាស្អី? តិចអាបទេដឹងវុី? " ក្នុងចិត្តចេះតែគិតៗ! តែមានចិត្តមួយទៀតគិតថា " ហ៊ឹមប្រហែលជាអ្នកឆ្លុះសត្វទេមើលទៅ " ការពិតការគិតបែបនេះដើម្បីបន្លប់ចិត្តកុំឲ្យខ្លាចតែប៉ុនណោះ។ មួយសន្ទុះក្រោយមកក៏ដាច់ចិត្តដើរទៅជិតទាំងអារម្មណ៍ភ័យញាប់ញ័រ ព្រោះមិនដឹងជាមនុស្សឬអ្វីឱ្យប្រាកដ។ បន្ទាប់មកខ្ញុំក៏ស្រែកសួរគាត់ថា " បងៗ! បានកង្កែបទេ?" គាត់ក៏តបមកវិញថា " បាន… " គាត់និយាយមិនទាំងទាន់ចប់ផង ខ្ញុំក៏គិតក្នុងចិត្តថា" តែប៉ុនណេះមានគ្នាហើយលែងខ្លាចហើយខ្ញុំ" ស្រាប់តែឮពាក្យចុងក្រោយថា “បានមួយស៊ីមួយ បានពីរសុីពីរ ”! ហើយគាត់ងាកមក ស្រាប់តែភ្នែកឡើងខៀវ ហើយមានតែក្បាលនិងគ្រឿងក្នុងប៉ុនណោះ។ ពេលនោះខ្ញុំញ័រអស់ទាំងខ្លួនប្រាណ លើកជើងដើរក៏ដើរមិនរួចដូចមានអ្វីមកចាប់ជាប់អុីចឹង។ ស្របពេលនោះគាត់ក៏និយាយបន្តទៀតថា" សុីទេអានាង" " អញថាមែនៗ! ជួបហើយម្ដងនេះ! ម៉ែអើយជួយកូនផង! ឪអើយជួយកូនផង!" ខ្ញុំស្រែកបណ្ដើររត់បណ្ដើរ " នមោតស្ស ភគវតោ នមោតស្ស ភគវតោ នមោតស្ស ភគវតោ តោភគវា.. ម្នាយអើយអាប...." ! ។ ពេលនេះទោះព្រះមកពីណាក៏ជួយមិនបានដែរ មានតែជើងពីរទេទើបអាចជួយបាន។ ក្បាលកែវនៅដោយក្បាលកែវ ខ្ញុំរត់យកព្រះអាយូសកង្កែបនៅដៃ បោះចោលព្រូស! ពេលនោះខ្ញុំភ័យឡើងញ័រជើងស្ទើរទន់ក្បាលជង្គង់ទៅហើយ សក់ក្បាលឡើងបះជ្រោង បបូរមាត់ឡើងស្វាយ… តែនៅមានស្មារតីរត់ដែរទើបរត់មកដល់ផ្ទះ។ ពេលនោះភ័យស្ទើរលេចនោមដាក់ខោទៅហើយ។ កាលពីមុនធ្លាប់តែឮចាស់ៗនិយាយប្រាប់់ មិនជឿសោះ ដល់ឥឡូវជួបផ្ទាល់ ជឿហើយ! មិនជឿមិនបានទេ ម៉ែអើយអាបដេញ......!

(រូបតំណាង.
អត្ថបទដោយ រឿងខ្លីៗ

热门评论
评论